ភ្នំពេញៈ ខ្សែ​ប្រយុទ្ធជន​ជាតិ​ជប៉ុន Kazuo Homma ដែល​ជា​ប្រធាន​ក្រុម Lao Toyota FC បាន​បង្ហាញ​ពី​ទំនុក​ចិត្ត ក្នុងការ​ឈ្នះ​បាន ​៣ ពិន្ទុ​ត្រឡប់​ទៅ​វិញ សម្រាប់​ការ​ប្រកួត​ជម្រុះជើង​ទី ​១ វគ្គ Play-off Round នៃ​ពាន​រង្វាន់ AFC Cup 2018 នៅ​ពហុកីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ចន្ទ​នេះ គឺ​ស្រប​ពេល​ដែល​ក្រុម​​បឹងកេត បាន​បាត់​បង់​កីឡាករ​សំខាន់​ ២ ​នាក់ ក្នុង​​ការ​ប្រកួត​នេះ។

Kazuo Homma ដែល​បាន​ក្លាយ​ជា​កីឡាករ​បរទេស​​លេង​ឲ្យ​ក្រុម Lao Toyota FC បាន​យូរ​ជាង​គេ​នោះ និយាយ​ក្នុងសន្និសីទកាសែត ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា៖​ «ក្រុម Lao Toyota និង​ក្រុម​បឹង​កេត ​​ធ្លាប់​បាន​ជួប​គ្នា ​២ ទៅ​ ៣​ ដង​ហើយ អ៊ីចឹង​មាន​ន័យ​ថា យើង​បាន​ស្គាល់​គ្នា​ខ្លះ​ហើយ។ បើ​ទោះ​បីជា ការ​ស្គាល់​គ្នា​នេះ​ មិន​ទាន់​បាន​ច្បាស់​លាស់ ប៉ុន្តែ​​ខ្ញុំ​មក​ទីនេះ​ ដើម្បី​ប្រកួត និង​ដណ្តើម​យក ​៣ពិន្ទុ​ត្រឡប់​ទៅ​វិញ ព្រោះ​ក្រុម​ទាំង​២ សុទ្ធតែ​បាន​ដឹង​ច្បាស់​ថា ការ​ទទួល​បាន ​៣ពិន្ទុ នឹង​ធ្វើ​ឲ្យ​​ក្រុម​មាន​ឱកាស បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត (Group Stage)»។

ចំណែក​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់​របស់​ក្រុម​បឹងកេត ឃួន ឡាបូរ៉ាវី ​បាន​និយាយ​ថា៖​«ក្រុម​របស់​យើង ទើប​ទទួល​ដំណឹង​ការ​ប្រកួត​នេះ បាន​ប្រហែល​ ១០ថ្ងៃ អ៊ីចឹង​ធ្វើ​ឲ្យ​ការ​ហ្វឹក​ហាត់​របស់​យើង​បាន​តិចតួចជាង​​ធម្ម​តា ប៉ុន្តែ​​ពួក​យើង​នឹង​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​សមត្ថ​ភាព នៅ​ថ្ងៃស្អែក (ថ្ងៃ​ចន្ទ​នេះ)»។

ខ្សែ​ប្រយុទ្ធ Julius Oiboh ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ពាន​រង្វាន់ AFC Cup 2018 នេះ​ជំនួស​ជាតិ​រួម​ជាតិ​របស់​គេ គឺ Samuel Gbenga។ ស្រេង ម៉េងស្រ៊ុន

យ៉ាង​ណា​មិញ លោក ហៅ សុជាតិ ដែល​បាន​ប្តូរ​ទៅ​កាន់តួនាទី​ជា​ជំនួយ​ការ​របស់​គ្រូ​បង្គោលថ្មី​លោក កែវ កុសល ក្នុងការ​ប្រកួត​ពាន AFC Cup 2018 នេះ នៅ​តែ​មាន​ការ​បារម្ភ​ទៅ​លើ​ការ​ប្រកួត​នេះ ខណៈ​ខ្សែ​ការពារ​ល្អ រស់ សំអឿន បាន​ចាក​ចេញ​ទៅ​លេង​នៅ​ក្លិប​វិសាខា ហើយ​ខ្សែ​ប្រយុទ្ធ​​មាន​ល្បឿន​លឿន Samuel Gbenga មិន​អាច​ចូល​លេង​បាន ដោយ​សារ​ខ្វះ​ឯក​សារ​បញ្ជូន​ទៅ​ឲ្យ AFC នោះ។

លោក ហៅ សុជាតិ បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖​ «ខ្ញុំ​នៅ​តែ​មាន​ការ​បារម្ភ ចំពោះ​ការ​ប្រកួត​នេះ ព្រោះ​យើង​បាន​បាត់​ខ្សែ​ការពារដ៏​ល្អ​មួយ (រស់ សំអឿន) ហើយ Gbenga ក៏​មិន​អាច​ចូល​លេង​បាន​ទៀត ដោយ​សារ​គាត់​ខ្វះ​ឯកសារ ដោយ​យើង​បាន​ដាក់​ជំនួស​ដោយ​កីឡាករ​ជន​ជាតិ​នីហ្សេរីយ៉ា​ Julius Oiboh។ ម្យ៉ាង​ទៀត យើង​ក៏មិន​ទាន់​ដឹង​ពី​កម្រិត​លេង​របស់​គេ​ច្បាស់​ដែរ ដោយ​សារ​ក្រុម Lao Toyota មាន​ការ​ផ្លាស់​ប្តូរ​សមាសភាព​កីឡាករ​ច្រើន ហើយ​ក៏​ប្តូរ​គ្រូ​បង្វឹក​ថ្មី ផងដែរ»។

គួរ​បញ្ជាក់​ថា កីឡាករ​បរទេស​ទាំង​៤​នាក់ ដែល​លេង​ឲ្យ​ក្រុម​បឹង​កេត ក្នុងការ​ប្រកួត​ពាន​រង្វាន់ AFC Cup 2018 នេះ​មានខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ា Paul Esoh Omogba ខ្សែ​ប្រយុទ្ធ​​ប្រេស៊ីល Maycon កីឡាករជប៉ុន Hikaru Mizuno និង Julius Oiboh ដែល​ធ្លាប់​លេង​ឲ្យក្រុម​បឹង​កេត ពេល​ប្រកួតជម្រុះ​ពាន​រង្វាន់ Toyota Mekong Club Championship ជាមួយក្រុមលេខ ​៦​ នៃ​លីកកំពូល​វៀតណាម Sanna Khanh Hoa កាល​បី​ឆ្នាំ​២០១៧៕

​​

ខ្សែ​ប្រយុទ្ធ​ជន​ជាតិ​ជប៉ុន Kazuo Homma ដែល​ជា​​ប្រធាន​ក្រុម Lao Toyota FC ដែល​សង្ឃឹម​ឈ្នះ​បាន​៣ពិន្ទុ ពេល​ជួប​ក្រុម​បឹងកេត នៅ​ពហុកីឡដ្ឋាន​ជាតិ ម៉ោង ៦:៣០ ល្ងាច​ថ្ងៃ​​ចន្ទ​នេះ។ ស្រេង ម៉េងស្រ៊ុន

​​