ភ្នំពេញ៖ សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​កម្ពុជា ដែល​ប្រមែលប្រមូល​ធនធាន​មនុស្ស​ល្អៗ ចេញពី​ប្រដាល់សកល និង​ប្រដាល់​គុន​ខ្មែរ ដើម្បី​បំពេញ​បានជា​សហព័ន្ធ​ពេញលេញ​នៅ​ឆ្នាំ ២០២១ នេះ​មាន​ក្រុម​ជម្រើសជាតិ ដែលមាន​អត្តពលិក និង​គ្រូបង្វឹក កំពុង​ហ្វឹកហាត់​យ៉ាងសកម្ម តាម​កម្មវិធី ZOOM របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​ប្រធាន​សហព័ន្ធ លោក ហេង សុឃន មិន​បង្ហាញ​ពី​សមាសភាព​អត្តពលិក​ទាំងនោះ​នៅឡើយ ដោយ​លោក​បានឱ្យ​ទៅសុំ​ថ្នាក់លើ ពោលគឺ​ការអនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា។

ទោះបី​យ៉ាងនេះ​ក្តី សមាសភាព​កីឡាករ​ឆ្នើម និង​កីឡាការិនី​មាន​សមត្ថភាព​ល្អ ព្រមទាំង​គ្រូបង្វឹក​នៃ​សហព័ន្ធ​មួយ​នេះ​ត្រូវ​បាន​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅក្នុង​ស្តាត​ចាស់​មួយរយៈ មុន​កូវីដ១៩ ផ្ទុះ​ក្នុង​ទ្រង់ទ្រាយ​ធំ ហើយ​បាន​បំបែក​គ្នា​ហ្វឹកហាត់​តាម ZOOM តាម​កម្មវិធី​របស់​ក្រសួង ដូច​សហព័ន្ធ​កីឡា​ដទៃ ដោយ​ក្រុម​ជម្រើសជាតិ​នេះ គេ​ទទួល​ស្គាល់​ថា ជា​អត្តពលិក​ជើង​ចាស់​មាន​សមត្ថភាពល្អៗ គួរ​រំពឹង​ឈ្នះ​មេដាយ។

លោក ហេង សុឃន ដែលជា​អនុប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ផង​នោះ បាន​និយាយថា៖ «អត្តពលិក​របស់​យើង​មាន​ចំនួន​សរុប ១៣ នាក់ និង​មាន​បម្រុង​ច្រើន​ទៀត កំពុង​ហ្វឹកហាត់ តាម​កម្មវិធី​របស់​ក្រសួង និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា គឺ​ក្រុម​ជម្រើសជាតិ ឃីកបុកស៊ីង បានចាប់ផ្តើម​ហ្វឹកហាត់​តាមរយៈ​អនឡាញ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​ស៊ីហ្គេម​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ប៉ុន្តែ​ចំពោះ​សមាសភាព យើង​មិនទាន់​ហ៊ាន​ប្រាប់​ទេ ព្រោះ​អាច​នឹង​ផ្លាស់ប្តូរ​ខ្លះ ទៅតាម​ការចាំបាច់​ជាក់ស្តែង ព្រោះ​អត្តពលិក​ខ្លះ​មាន​សុខភាព​មិនល្អ ត្រូវ​ដោះដូរ»។

ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង​កម្ពុជា លោក ហេង សុឃន បាន​បន្ថែមថា៖ «តាមពិត យើង​មាន​អត្តពលិក​ដល់ ១៧ នាក់ ទាំង​បម្រុង ប៉ុន្តែ​យើង​មិនទាន់​ចង់បង្ហាញ​ពី​កីឡាករ កីឡាការិនី​ណា ទម្ងន់​ណា ដែល​ត្រូវបាន​ទៅ​ប្រកួត​នៅឡើយ​ទេ ព្រោះ​សហព័ន្ធ​ក៏​មិនទាន់​ដឹង​ពី​ប្រភេទ​ទម្ងន់​មាន​ប៉ុន្មាន​ត្រូវ​ទៅ​ប្រកួត​នៅឡើយ»។

លោក ហេង សុឃន ប្រធាន​សហព័ន្ធ​កីឡា​ឃីកបុកស៊ីង ពេល​ថ្លែង​ក្នុង​កិច្ចប្រជុំ​កន្លងមក។

ក្រុម​ប្រដាល់​ឃីកបុកស៊ីង​កម្ពុជា ទើបតែ​ទទួល​បាន​ការប្រមូលផ្តុំ ជា​ជម្រើសជាតិ នៅ​ឆ្នាំ ២០២១ នេះ ពេញលេញ ក្រោយ​បង្កើត​បាន​ជា​សហព័ន្ធ​ដាច់​ពី​ប្រដាល់​សកល និង​ប្រដាល់​គុន​ខ្មែរ ប៉ុន្តែ​ធនធាន​មនុស្ស​មាន​ប្រភព​មកពី​សហព័ន្ធ​ទាំង ២ នេះ ហើយ​កន្លងមក ឃីកបុកស៊ីង ជ្រក​ក្រោម​ប្រដាល់​គុន​ខ្មែរ និង​ធ្លាប់​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​ស៊ីហ្គេម​ផងដែរ។

លោក ជា រិទ្ធ គ្រូធំ​បង្វឹក​ក្រុមកីឡា​ឃីកបុកស៊ីង មិនអាច​សុំ​សម្ភាស​បានទេ ហើយ​គ្រូ​ប្រដាល់​ភាគច្រើន​បាន​ប្រាប់ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះថា៖ «លោក ជា រិទ្ធ មាន​ជំនាញ​ភាសា​អង់គ្លេស មិនមែន​ជំនាញ​ក្បាច់គុន​ទេ ប៉ុន្តែ​ការឡើង​មក​ធ្វើ​គ្រូធំ ដោយសារ​មាន​ខ្សែ​ធំ។ កាលពី​ឆ្នាំ ២០២០ លោក ជា រិទ្ធ ជាប់​ជា​គ្រូ​ជំនួយ​ប្រដាល់​គុន​ខ្មែរ បន្ទាប់ពី​លោក ឡុង សាលវ័ន្ត ចំណែក​ការបាន​ធ្វើ​គ្រូធំ​កីឡា​ឃីកបុកស៊ីង​នេះ​ក៏​មាន​ខ្សែ និង​បក្ខពួក​ធំ​ដែរ ទើប​ចូល​បាន»។

លោក ជា រិទ្ធ មកដល់​បច្ចុប្បន្ន គេ​នាំគ្នា​និយាយ​លេង​ពី​មាត់​មួយ​ទៅមួយ​ថា ពេល​បាន​ធ្វើ​គ្រូធំ​នៃ​ឃីកបុកស៊ីង​មក លោក ជា រិទ្ធ សម្តែង​ឫក​ដូច​ពាក្យចាស់​ថា «បូស​ក្លៀក» មិន​ងាយ​និយាយស្តី ឬ​រាប់អាន​គ្នា ដូច​មុន ជាមួយ​គ្រូ​ប្រដាល់​ដូចគ្នា​នោះ​ទេ ដោយ​អាង​លើ​តួនាទី​បន្ថែម​មួយទៀត ជា​ជំនួយការ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ។

ចំណែក អតីត​កីឡាការិនី​ជម្រើស​ជាតិ​ប្រដាល់សកល​កម្ពុជា នូវ ស្រីពៅ បាន​និយាយថា៖ «ខ្ញុំ​បាន​សុំ​លាឈប់​ពី​ប្រដាល់សកល មក​ហាត់​នៅក្នុង​ឃីកបុកស៊ីង​វិញ ដើម្បី​ត្រៀម​ការប្រកួត​នៅ​ស៊ីហ្គេម ឆ្នាំ ២០២១ នេះ»។

នៅក្នុង​សមាសភាព​ជម្រើសជាតិ​ឃីកបុកស៊ីង គេ​សង្កេតឃើញ​មាន​កីឡាការិនី​ឆ្នើម​ចំនួន ៣ នាក់ រួមមាន នូវ ស្រីពៅ ហាត់​ត្រៀម​ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម កីឡាការិនី ស៊ីថា ស្រីលីន ហាត់​ត្រៀម​ក្នុង​ទម្ងន់​ ៥៤ គីឡូក្រាម និង​កីឡាការិនី វី ស្រីខួច ហាត់​ត្រៀម​ក្នុង​ប្រភេទ​ទម្ងន់ ៦៤ គីឡូក្រាម ដែល​អ្នក​ទាំង ៣ ជា​ក្តីសង្ឃឹម​ថា នឹង​អាច​ដណ្តើម​បាន​ជយលាភី។

ចំណែក​កីឡាករ ៧ នាក់​ក្នុង​ក្រុម​ជម្រើសជាតិ​ឃីកបុកស៊ីង​រួមមាន​កីឡាករ វន គឹមចេង ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម កីឡាករ សុខ រិទ្ធ ទម្ងន់ ៥៤ គីឡូក្រាម ខេម ចាន់ ទម្ងន់ ៥៤ គីឡូក្រាម ហ៊ឹម សេរី ទម្ងន់ ៥១ គីឡូក្រាម ទួច រ៉ាឆាន់ ទម្ងន់ ៥៧ គីឡូក្រាម ឈុត វ៉ាន់ថង ទម្ងន់ ៦០ គីឡូក្រាម និង​កីឡាករ ស៊ន រ៉ាគឹម ស្ថិតក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម៕