ក្រុង​ស៊ីដនី៖ របាយការណ៍​មួយ​បាន​និយាយ​ពី​ថ្ងៃ​ពុធ​ថា ប្រធាន​កីឡា​បាល់​ឱប​អូស្ត្រាលី​អ្នកស្រី​ Raelence Castle បាន​ធ្វើ​ការ​សុំ​អភ័យទោស​ដល់​មន្ត្រី​រៀបចំ​​បាល់​ឱប​ពិភព​លោក​ចំពោះ​អាកប្បកិរិយា​របស់​​សមាជិក​ក្រុម​បាល់​ឱប​អូស្ត្រាលី​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ Michael Cheika នៅ​ក្នុង​ការ​ប្រកួត​ World Cup នៅ​ប្រទេស ​ជប៉ុន​។​​​

កាសែត​ Sydney Morning Herald បាន​និយាយ​ថា អ្នកស្រី​ Castle បាន​សរសេរ​លិខិត​មួយ​ដោយ​និយាយ​សុំទោស​ក្រោយ​ពី​មាន​ក្ដី​កង្វល់​​ពី​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​ ​ជប៉ុន ​ព្រម​ទាំង​មន្ត្រី​រៀបចំ​បាល់​ឱប​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​។​

ក្ដី​កង្វល់​ទាំង​នោះ​ត្រូវ​បាន​គេ​ជឿ​ថា​ មាន​ការ​ពាក់ព័ន្ធ​នឹង​ ការ​រិះគន់​របស់​​លោក Cheika ចំពោះ​មន្ត្រី​​រៀបចំ​កីឡា​បាល់​ឱប​ពិភព​លោក និង​អាជ្ញា​កណ្ដាល​ព្រម​ទាំង​បញ្ហា​មួយ​ចំនួន​ជា​មួយ​ថ្នាក់​គ្រប់គ្រង​បាល់​ឱប​អូស្ត្រាលី​នៅ​ក្នុង​ពេល​ក្រុម​បាល់​ឱប​ប្រទេស​នេះ​ប្រកួត​នៅ​ប្រទេស ​​ជប៉ុន។​​

មន្ត្រី​នាំពាក្យ​ម្នាក់​បាន​បន្ថែម​ថា មន្ត្រី​គ្រប់គ្រង​​បាល់​ឱប​អូស្ត្រាលី​បាន​បញ្ជាក់​ប្រាប់​ទីភ្នាក់ងារ AFP ថា «​មាន​លិខិត​មួយ​ច្បាប់​»​ ប៉ុន្តែ​មិន​បាន​បញ្ជាក់​លម្អិត​ទៀត​ទេ​ ហើយ​ថា ​«បញ្ហា ​គឺ​ស្ថិត​នៅ​ពី​ក្រោយ​យើង​»។​

លោក Cheika ដែល​បាន​លាឈប់​ពី​តំណែង​នៅ​ចុង​បញ្ចប់​ព្រឹត្តិការណ៍ World Cup នោះ​បាន​ស្រែក​យ៉ាង​ខ្លាំង​ក្រោយ​ពី​ប្រទេស ​ហ្វ៊ីជី (Fiji) បាន​រៀប​រាប់​ថា កីឡាករ​បាល់​ឱប​អូស្ត្រាលី​ Reece Hodge បាន​ប្រព្រឹត្ត​កំហុស​ធ្វើ​ឲ្យ​កីឡាករ​ហ្វ៊ីជី​ Peceli Yato សន្លប់​ក្នុង​ពេល​ប្រកួត​ជាមួយ​គ្នា​​នោះ​។​​

កីឡាករ​អូស្ត្រាលី​រូប​នេះ​ត្រូវ​បាន​ផ្អាក​មិន​ឲ្យ​ចូលរួម​ប្រកួត​រយៈពេល ​៣ ​សប្ដាហ៍ ​ចំពោះ​ការ​បង្ក​កំហុស​នោះ​។​​

លោក Cheika បាន​និយាយ​នៅ​ពេល​​ផ្អាក​កីឡាករ​ Hodge ថា​៖ «​ប្រសិន​បើ​មាន​កីឡាករ​បាល់​ឱប​ពិភព​លោក​ណា​មួយ​មិន​ស្ដាប់​បង្គាប់ នោះ ​គឺ​ជា​រូប​​ខ្ញុំ​​ទោះ​ជា​ខ្ញុំ​ប្រើ​ភាសា​អ្វី​ទៅ​កាន់​ពួក​គេ​​ក៏​ដោយ​»។​​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​មាន​គ្នា​យើង​ខ្លះ​ប្រកួត​នឹង​អ្នក​ផ្សេង​ទៀត​។ អ្នក​ដឹង​ហើយ ​យើង​ដឹង​​ពី​បញ្ហា​នោះ​ដែរ ​ដូច្នេះ​យើង​នឹង​មិន​បណ្ដោយ​ឲ្យ​វា​បង្អាក់​ផ្លូវ​យើង​ឡើយ​»។​

កាសែត​ The Herald បាន​និយាយ​ថា អាកប្បកិរិយា ​និង​ទង្វើ​ដ៏​ឆ្គាំឆ្គង​របស់​គ្រូ​បង្វឹក​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សមាជិក​ក្រុម​បាល់​ឱប​អូស្ត្រាលី​ ហើយ​អ្នក​ស្រី Castle បាន​ប្រឹងប្រែង​ស្រាយ​បរិយាកាស​នេះ​ឲ្យ​ល្អ​ឡើង​វិញ ​តាមរយៈ​លិខិត​របស់​អ្នកស្រី​។​

លោក Cheika បាន​​និយាយ​នៅ​មុន​ពេល​ចាកចេញ​ថា គាត់​កម្រ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​​អ្នក​គ្រប់គ្រង​បាល់​ឱប​អូស្ត្រាលី​​ដែល​ដឹកនាំ​ដោយ​ អ្នកស្រី Castle ​ដែល​ទំនង​ជា​ដោយសារ​គាត់​អាក់​អន់​ចិត្ត​ចំពោះ​ការ​តែងតាំង​លោក Scott Johnson ឲ្យ​ធ្វើ​ជា​នាយក​កីឡា​នេះ​។​

លោក ​Cheika ដែល​កុងត្រា​របស់​គាត់​នឹង​ត្រូវ​ផុត​នៅ​ចុង​ឆ្នាំ​នេះ​មិន​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ក្រោយ​ពី​ក្រុម​ជម្រើស​ជាតិ​បាល់​ឱប​អូស្ត្រាលី​ប្រកួត​ចាញ់​ជម្រើស​ជាតិ​អង់គ្លេស​នៅ​ក្នុង​​វគ្គ ​១៦ ​ក្រុម ​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ពិភព​លោក​នេះ​។​

គ្រូ​បង្វឹក​សញ្ជាតិ​​នូវែលហ្សេឡង់​​ លោក Dave Rennie ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្វឹក​ថ្មី ​ដើម្បី​ដឹកនាំ​ជម្រើស​ជាតិ​បាល់​ឱប​អូស្ត្រាលី​ជំនួស​តំណែង​​លោក Cheika កាល​ពី​សប្ដាហ៍​មុន​៕ AFP/SN