ទីក្រុង​លូសាន៖ ទីភ្នាក់ងារ​ប្រឆាំង​សារធាតុ​លើក​កម្លាំង​ពិភព​លោក (WADA) ​កាល​ពី​​ថ្ងៃ​ចន្ទ​បាន​ដាក់​បម្រាម​​ប្រទេស ​រុស្ស៊ី ​រយៈពេល ​៤ ​ឆ្នាំ ​មិន​ឲ្យ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​សំខាន់ៗ​ពិភព​លោក​រួម​ទាំង​ការ​ប្រកួត​អូឡាំពិក​ក្រុង​តូក្យូ ​ឆ្នាំ ​២០២០​ និង​ព្រឹត្តិការណ៍​ World Cup ២០២២ ​​រៀបចំ​នៅ​ប្រទេស ​កាតា ​​ផង​ដែរ​ពាក់ព័ន្ធ​នឹង​ទិន្នន័យ​សារធាតុ​លើក​កម្លាំង​ដែល​ធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​ខឹង​សម្បា​ចំពោះ​បម្រាម​នេះ​។​

គណៈកម្មាធិការ​ប្រតិបត្តិ​ទីភ្នាក់ងារ​​ WADA ដែល​បាន​ជួប​ប្រជុំ​នៅ​ទីក្រុង​លូសាន ​ប្រទេស ​ស្វ៊ីស ​បាន​សម្រេច​ដាក់​បម្រាម ​៤ ​ឆ្នាំ ​ទៅ​លើ​ប្រទេស ​រុស្ស៊ី ​ក្រោយ​ពី​បាន​ចោទ​ប្រទេស​នេះ​ថា ​បាន​ក្លែង​ទិន្នន័យ​ពី​មន្ទីរ​ពិសោធន៍​សារធាតុ​លើក​កម្លាំង​ដែល​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត​នៅ​ដើម​ឆ្នាំ ​២០១៩ ​នេះ​។​

ទណ្ឌកម្ម​ដ៏​តឹងតែង​បំផុត​មិន​ធ្លាប់​មាន​ទៅ​លើ​មន្ត្រី​អាជ្ញាធរ​​ប្រទេស ​រុស្ស៊ី ​នេះ​​នឹង​ធ្វើ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​មិន​អាច​ចូលរួម​ព្រឹត្តិការណ៍​សំខាន់ៗ ​ខណៈ​ប្រទេស​នេះ​នឹង​បាត់បង់​សិទ្ធិ​ក្នុង​ការ​រៀបចំ​ ឬ​ដេញ​ថ្លៃ​រៀបចំ​​ព្រឹត្តិការណ៍​កីឡា​។​

ប្រធាន​ទីភ្នាក់ងារ WADA លោក Craig Reedie បាន​និយាយ​ថា៖ «​​អស់រយៈ​ពេល​ជា​យូរ​មក​ហើយ ​ដែល​គេ​បាន​ទុក​ពេល​ឲ្យ​ប្រទេស ​រុស្ស៊ី ​បោស​សម្អាត​ពី​បញ្ហា​នេះ​»។​

ប្រធាន​ WADA រូប​នេះ​បាន​បន្ថែម​​ថា៖ «​ប្រទេស ​រុស្ស៊ី ​ត្រូវ​បាន​គេ​​ទុក​ពេល​ឲ្យ​កែ​កំហុស​ឡើង​វិញ ​ដើម្បី​ចូលរួម​នឹង​សហគមន៍​ប្រឆាំង​សារធាតុ​លើក​កម្លាំង​ពិភព​លោក​នេះ​ឡើង​វិញ ​ប៉ុន្តែ​ប្រទេស​នេះ​បាន​សម្រេច​បន្ត​ទង្វើ​បែប​នេះ​ព្រម​ទាំង​បដិសេធ​មិន​ទទួល​កំហុស​​ទៀត​​ផង​​»។​​

តាម​ទណ្ឌកម្ម​នេះ​ កីឡាករ​-​កីឡាការិនី​រុស្ស៊ី​​នឹង​នៅ​តែ​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​ប្រកួត​អូឡាំពិក​នៅ​ឆ្នាំ​ក្រោយ ​និង​អូឡាំពិក​រដូវ​ត្រជាក់​នៅ​ទីក្រុង​ប៉េកាំង ​ឆ្នាំ ​២០២២​​ប្រសិន​បើ​ទីភ្នាក់ងារ​ WADA ជឿជាក់​ថា ពួក​គេ​មិន​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​សារធាតុ​លើក​កម្លាំង​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​​នេះ​។​

ប្រទេស ​រុស្ស៊ី ​ក៏​នឹង​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រកួត​នៅ​វគ្គ​ជម្រុះ​សម្រាប់​ World Cup 2022 ផង​ដែរ​ ប៉ុន្តែ​អគ្គនាយក​ WADA លោក Olivier Niggli បាន​បន្ថែម​ថា ប្រសិន​បើ​ពួក​គេ​ឡើង​ដល់​ជុំ​ចុង​ក្រោយ​នៅ​ប្រទេស ​កាតា​ «​ក្រុម​នេះ​នឹង​មិន​តំណាង​ឲ្យ​សហព័ន្ធ​បាល់ទាត់​រុស្ស៊ី​នោះ​ទេ​»​។​​​​

ការ​ចូលរួម​របស់​ប្រទេស ​រុស្ស៊ី ​នៅ​យូរ៉ូ​ឆ្នាំ ​២០២០ ​ដែល​នឹង​ត្រូវ​រៀបចំ​ការ​ប្រកួត ​៤ លើក​នៅ​ទីក្រុង​​ Saint Peterburg នោះ​នឹង​មិន​ប៉ះពាល់​ដែរ​​ ​ព្រោះ​វា​មិន​ត្រូវ​បាន​កំណត់​ជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​បំណង​ប្រឆាំង​សារធាតុ​លើក​កម្លាំង​នេះ​ទេ​។​

ថ្លែង​នៅ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រធានាធិបតី​រុស្ស៊ី​លោក ពូទីន បាន​រិះគន់​ការ​សម្រេច​ចិត្ត​នេះ​ថា​ជា​មាន ​«​ហេតុផល​នយោបាយ​» ​ដែល​វា​បាន ​«​ផ្ទុយ​» ​នឹង​ធម្មនុញ្ញ​ប្រកួត​អូឡាំពិក​។​

លោក ពូទីន បាន​បន្ថែម​ថា៖ «​គ្មាន​អ្វី​ត្រូវ​ស្ដី​បន្ទោស​គណៈកម្មាធិការ​អូឡាំពិក​រុស្ស៊ី​នោះ​ទេ​ ហើយ​ប្រសិន​បើ​គ្មាន​អ្វី​ត្រូវ​ស្ដី​បន្ទោស​ចំពោះ​គណៈកម្មាធិការ​នេះ​ទេ​ ប្រទេស​នេះ​គួរ​តែ​ចូលរួម​ការ​ប្រកួត​ក្រោម​ទង់ជាតិ​របស់​ខ្លួន​»។​

នាយក​រដ្ឋមន្ត្រី​រុស្ស៊ី​លោក Dmitry Medvedev ក៏​បាន​និយាយ​ដែរ​ថា បម្រាម​នេះ​គឺ​មាន​ហេតុផល​នយោបាយ​ ហើយ​លោក​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ក្នុង​ស្រុក​ថា៖ «​នេះ​ជា​ការ​បន្ត​ការ​ប្រឆាំង​ប្រទេស ​រុស្ស៊ី ​ដែល​កំពុង​មាន​រួច​ទៅ​ហើយ​នេះ​»៕ AFP/SN