ក្រុង​ឡុដ៍៖ លោក Greg Clarke បាន​សម្រេច​លាលែង​ពី​តំណែង​​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អង់គ្លេស (FA) ហើយ​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​បាន​ធ្វើ​ការ​អធិប្បាយ​ដ៏​ចម្រូងចម្រាស​ជា​បន្តបន្ទាប់​ទៅ​កាន់​សមាជិក​សភា រហូត​ដល់​បង្ក​ឱ្យ​មាន​ការ​ខឹង​សម្បា​។

លោក​ Clarke ត្រូវ​បាន​ឱ្យ​ធ្វើ​ការ​សុំទោស​ភ្លាម​ៗ ក្រោយ​ពី​គាត់​បាន​ប្រើ​ពាក្យ «coloured footballers» «​អ្នក​បាល់ទាត់​លាប​ពណ៌​» ​ពេល​និយាយ​យោង​ដល់​កីឡាករ​ស្បែក​ខ្មៅ ខណៈ​គាត់​ធ្វើ​ការ​អធិប្បាយ​អំពី​បញ្ហា​ជា​ច្រើន ក្នុង​វិស័យ​បាល់​ទាត់ ប្រាប់​គណៈកម្មការ​របស់​ក្រសួង​ឌីជីថល វប្បធម៌ ព័ត៌មាន និង​កីឡា (DCMS)​។

បុរស​វ័យ ៦៣ ​ឆ្នាំ ដែល​ជា​អនុ​ប្រធាន​របស់​សហព័ន្ធ​បាល់ទាត់​អន្តរជាតិ (FIFA) ក៏​ទទួល​បាន​ការ​រិះគន់​ផង​ដែរ​សម្រាប់​ការ​លើក​ឡើង​នូវ​កង្វះ​អ្នក​បាល់​ទាត់​អាជីព​ ក្នុង​ប្រទេស​អង់គ្លេស ដែល​មាន​ប្រវត្តិ​មក​ពី​ប្រទេស​អាស៊ី​ខាង​ត្បូង​ថា ​មក​ពី​​ផល​​នៃ​អាជីព​ខុស​គ្នា​ និង​ជុំវិញ​ការ​ប្រើ​ពាក្យ​បែប​ប្រកាន់​ពូជ​សាសន៍​ចំពោះ​អ្នក​បាល់ទាត់​នារី និង​អ្នក​ស្រលាញ់​​ភេទ​ដូច​គ្នា​។​

ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​ខ្លួន FA បាន​ឱ្យ​ដឹង​ថា​៖ «​យើង​អាច​ធ្វើ​ការ​អះអាង​ថា Greg Clarke បាន​ចុះ​ចេញ​ពី​តួនាទី​ជា​ប្រធាន​របស់​សមាគម​យើង​ហើយ ហើយ​យើង​សូម​អះអាង​ម្ដង​ទៀត​ថា ក្នុង​នាម​ជា​ស្ថាប័ន​មួយ យើង​ប្ដេជ្ញា​ចិត្ត​ពេញ​ទំហឹង​​ក្នុង​ការ​ធ្វើ​គ្រប់​យ៉ាង​តាម​ដែល​អាច ដើម្បី​ធ្វើ​ឱ្យ​បញ្ហា​ផ្សេងៗ​ប្រសើរ​ឡើង ដោះ​ស្រាយ​រាល់​ការ​មិន​ស្មើភាព​គ្នា និង​កម្ចាត់​រាល់​ការ​រើសអើង​នៅ​គ្រប់​រូបភាព​ទាំង​អស់​ អំឡុង​ពេល​ប្រកួត​»​។

លោក​ Clarke ដែល​ទទួល​ស្គាល់​នូវ​សេចក្ដី​ថ្លែងការណ៍​របស់​គាត់​ថា មិន​អាច​ទទួល​យក​បាន​ឡើយ ខណៈ FA ប៉ុនប៉ង​​ក្លាយ​ជា​ស្ថាប័ន​ដែល​មាន​ភាព​ចម្រុះ​ជាង​មុន​បន្ថែម​ទៀត​។​

លោក​ Clarke ​ឱ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ថា​៖ «​ពាក្យ​ពេចន៍​ដែល​ទទួល​យក​មិន​បាន ចំពោះ​មុខ​សមាជិក​សភា គឺ​ជា​ការ​​​បំផ្លាញ​ដល់​ការ​ប្រកួត និង​ដល់​អ្នក​ទស្សនា អ្នក​លេង អ្នក​ធ្វើ​អាជ្ញា​កណ្ដាល និង​អ្នក​គ្រប់គ្រង ហើយ​នេះ​​ធ្វើ​ឱ្យ​ការ​តាំង​ចិត្ត​របស់​ខ្ញុំ​គាំង​ដំណើរ​»​។​

«​ខ្ញុំ​មាន​ការ​សោកស្ដាយ​ជា​ពន់​ពេក ដែល​ខ្ញុំ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​សហគមន៍​ ក្នុង​វិស័យ​បាល់ទាត់​ ដែល​ខ្ញុំ និង​អ្នក​ឯទៀត បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បី​ឱ្យ​មាន​ការ​រួបរួម​គ្នាមួយ​»​។ នេះ​ជាអ្វី​ ដែល​​លោក Clarke បាន​បន្ថែម​ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន​។

សមាជិក​សភា​ លោក Julian Knight ដែល​ធ្វើ​ជា​ប្រធាន​គណៈកម្មការ​ DCMS បាន​សរសេរ​តាម​បណ្ដាញ​សង្គម Twitter ថា​៖ «​វា​គឺ​ជា​ សេរីភាព ដែល​លោក Greg Clarke មាន​សិទ្ធិ​សុំទោស​ចំពោះ​មុខ​គណៈកម្មការ។ តែ​វា​មិនមែន​ជា​លើក​ដំបូង​នោះ​ទេ ដែល FA បាន​មក​ត្អូញ​ត្អែរ​ពី​បញ្ហា​ទាំង​នេះ​។ វា​ធ្វើ​ឱ្យ​យើង​មាន​មន្ទិល​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​របស់​ពួក​គេ ក្នុង​ការ​​ធ្វើ​ឱ្យ​មាន​ភាព​ចម្រុះ​ជាង​មុន​»​។

ជាមួយ​គ្នា​នេះ FA ​អះអាង​បន្ថែម​ថា លោក Peter McCormick នឹង​ចូល​ខ្លួន​មក​ធ្វើ​ប្រធាន​បណ្ដោះ​អាសន្ន ដោយ​ដំណើរការ​កំណត់​នូវ​អត្តសញ្ញាណ និង​តែងតាំង​ប្រធាន​ថ្មី នឹង​កើត​មាន​ក្នុង​ពេល​វេលា​សមរម្យ​៕ AFP/VN