ក្រុង​ប៉ារីស៖ ប្រធាន​សហព័ន្ធ​កីឡា​វាយ​តេន្នីស​របស់​ប្រទេស​បារាំង (FFT) បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា គាត់​ចង់​ឃើញ​វត្តមាន​អ្នក​គាំទ្រ​ក្នុង​ព្រឹត្តិការណ៍ French Open តែ​ទទួល​ស្គាល់​ថា មាន​តែ​រដ្ឋាភិបាល​ប៉ុណ្ណោះ ដែល​មាន​សិទ្ធិ​សម្រេច​ថា តើ​ទស្សនិកជន​អាច​ចូលរួម​ការ​ប្រកួត​ប្រជែង​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​វិញ​នេះ​បាន ឬ​អត់​?​​

ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Grand Slam លើ​ទីលាន​ដី​ឥដ្ឋ​មួយ​នេះ តាម​ពិត បើ​​គិត​តាម​កាល​បរិច្ឆេទ​ដើម ​​ពេល​នេះ​​ឈាន​ដល់​សប្ដាហ៍​ទី​២ បាត់​ទៅ​ហើយ តែ​ត្រូវ​បាន​ពន្យារពេល​ ៤ ​ខែ​ ដោយសារ​ការ​ផ្ទុះ​ឡើង​វីរុស​កូរ៉ូណា​។​ ដោយ​ឡែក​សំបុត្រ ដែល​បាន​លក់​សម្រាប់​កម្មវិធី​ប្រកួត​ ដែល​​តែង​កើត​ឡើង នៅ​ខែ​ឧសភា​-​មិថុនា សម្រេច​​ប្រគល់​ប្រាក់​ឲ្យ​អ្នក​ទិញ​វិញ ទើប​នាំ​ឲ្យ​មាន​ការ​បារម្ភ​ចំពោះ​កម្មវិធី​ ដែល​គ្រោង​ប្រារព្ធ​នៅ​ថ្ងៃ​ទី​ ២០ ​ខែ​កញ្ញា ថា នឹង​ត្រូវ​ប្រកួត​ដោយ​បិទ​ទ្វារ​។

ប្រធាន​ FFT លោក Bernard Giudicelli ពេល​​និយាយ​វីដេអូខល​ជាមួយ​កីឡាករ​បារាំង Gael Montfils បាន​ថ្លែង​ថា​៖ «​ជម្រើស​ដ៏​ប្រសើរ គឺ​ចង់់​ឲ្យ​ព្រឹត្តិការណ៍ Roland Garros មាន​ទស្សនិកជន​ច្រើន​តាម​ដែល​អាច។ តែ​រឿង​នោះ វា​អាស្រ័យ​លើ​លក្ខខណ្ឌ​សុខភាព។ យើង​នឹង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​ ដែល​រដ្ឋាភិបាល​ដាក់​ឲ្យ​។ រដ្ឋាភិបាល​នឹង​សម្រេច​ថា តើ​មនុស្ស​ប៉ុន្មាន​នាក់​អាច​មាន​​វត្តមាន​នៅ​ពេល​នោះ​»​។​

លោក​ប្រធាន​រូប​នេះ បាន​បន្ត​ទៀត​ថា​ អ្នក​រៀបចំ​ មិន​បាន​កំណត់​ថា​ កម្មវិធី​ប្រកួត​ប្រជែង​នេះ ត្រូវ​តែ​លេង​ដោយ​បិទ​ទ្វារ​នោះ​ទេ ព្រោះ​ថា​ Roland Garros ក៏​ដូច​ព្រឹត្តិការណ៍​ធំៗ​ផ្សេង​ទៀត​ដែរ គឺ​ជា​ការ​ជួប​ជុំ​គ្នា​មួយ​រវាង​កីឡាករ កីឡាការិនី ជាមួយ​នឹង​សាធារណជន។ ​

គិត​ចាប់​តាំង​ពី​ខែ​មីនា​មក ដោយសារ​តែ​ការ​រាត​ត្បាត​ពី​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើ​ឲ្យ​ការ​ប្រកួត​តេន្នីស​អាជីព​ ត្រូវ​បាន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន ហើយ​មិន​សង្ឃឹម​ថា នឹង​អាច​ចាប់​ផ្ដើម​វិញ នៅ​មុន​​ខែ​សីហា​ឡើយ​ក្នុង​នោះ​កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ​មួយ គឺ Wimbledon របស់​ចក្រភព​អង់គ្លេស បាន​សម្រេច​រំសាយ​ចោល​ហើយ ខណៈ​កម្មវិធី​​​ US Open របស់​សហរដ្ឋ​អាមេរិក គ្រោង​រៀបចំ​ដដែល៕ AFP/VN