ក្រុង​ម៉ុង​តេ​វីដេអូ​: គ្រាប់​បាល់​របស់​កីឡាករ Arthur និង Richarlison នៅ​វគ្គ​ទី១ បាន​ជួយ​ឱ្យ​ប្រេស៊ីល​មាន​ជ័យ​ជម្នះ ២-០ លើ​ក្រុម​ម្ចាស់​ផ្ទះ​អ៊ុយ​រ៉ូហ្គាយ ដែល​សល់​គ្នា​តែ ១០​នាក់ ដោយសារ​ខ្សែ​ប្រយុទ្ធ Edinson Cavani របស់​ក្រុម​ Manchester United ត្រូវ​បាន​បណ្ដេញ​ចេញ អំឡុង​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2022 កាល​ពី​ថ្ងៃ​អង្គារ​។

ជោគ​ជ័យ​ក្នុង​ប្រកួត​នៅ​ក្រុង​ម៉ុងតេវីដេអូ​នេះ នាំ​ឱ្យ​ក្រុម​ជើង​ឯក​ពាន​ពិភពលោក ៥​ ដង ប្រេស៊ីលឈរ​នៅ​ទី​១ ក្នុង​តារាង​វគ្គ​ជម្រុះ​សម្រាប់​តំបន់​អាមេរិក​ឡាទីន (CONMEBOL) ដោយ​មាន ១២ ​ពិន្ទុ​ពេញ​ពី​ការ​ប្រកួត ៤​ ដង ខណៈ​អ៊ុយរូហ្គាយ ធ្លាក់​ទៅ​លេខ ៥​ ជាមួយ​នឹង ៦ ​ពិន្ទុ​។

ក្រោយ​ពី​អាច​រក​គ្រាប់​បាល់​ដំបូង​ នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​បាន កីឡាករ Arthur បាន​សម្ដែង​អារម្មណ៍​រីក​រាយ ដោយ​និយាយ​ថា​៖ «​ខ្ញុំ​គិត​ថា​ វា​គឺ​ជា​គ្រាប់​បាល់​ដ៏សំខាន់​។ សម្រាប់​ខ្ញុំ រឿង​ដែល​ចាំ​បាច់ គឺ​លេង​ឱ្យ​ល្អ ហើយ​អាច​ជួយ​ក្រុម​ឱ្យ​ឈ្នះ​បាន​។ គ្រាប់​បាល់​នេះ គឺ​ប្រសើរ​ណាស់ ក្នុង​ការ​បញ្ជាក់​ឱ្យ​ឃើញ​ពី​ទម្រង់​លេង​របស់​ខ្ញុំ និង​ក្នុង​ការ​ជួយ​ក្រុម​របស់​យើង​។ គ្រូបង្វឹក លោក Tite តែង​សម្លឹង​មើល​កីឡាករ​គ្រប់​គ្នា​ជានិច្ច​»​។

ជ័យ​ជម្នះ​នេះ ក៏​ជួយ​រក្សា​ប្រេស៊ីលឱ្យ​បន្ត​ភាព​ខ្លាំង​របស់​លើ​អ៊ុយ​រូហ្គាយ ដែល​អត់​ឈ្នះ​ក្រុម​គូប្រជែង​ស្រួច​ស្រាវ​របស់​ខ្លួនទាល់​តែ​សោះ ចាប់​តាង​ពី​ឆ្នាំ​ ២០០១ មក​។​

ពាក់​ព័ន្ធ​នឹង​ការ​បណ្ដេញ​កីឡាករ​របស់​ក្រុម​ម្ចាស់​ផ្ទះ ដែល​កើត​ឡើង​នៅ​មុន ២០​ នាទី ចប់​ការ​ប្រកួត គឺ​​ដំបូង​ឡើយ​អាជ្ញា​កណ្ដាល​សញ្ជាតិស៊ីលី លោក Roberto Tobar បាន​ផ្ដល់​កាត​លឿង​ប៉ុណ្ណោះ តែ​ក៏​ប្ដូរ​ជា​កាត​ក្រហម​វិញ ក្រោយ​ពិនិត្យ​វីដេអូ​ជំនួយ​ការ​អាជ្ញា​កណ្ដាល (VAR) ដែល​បង្ហាញ​ថា Cavani ជាន់​កជើង​របស់ Richarlison ពី​ក្រោយ​។

ចំណែក​ការ​ប្រកួតវគ្គ​ជម្រុះ​ ក្នុង​ថ្ងៃ​ជាមួយ​គ្នានេះ នៅ​ក្រុង​លីម៉ាឯ​ណោះ​វិញ ឃើញ​ថា ក្រុម​អាហ្សង់​ទីនក៏​ដណ្ដើម​បាន ៣​ ពិន្ទុដែរ ក្រោយ​ឈ្នះ​ក្រុម​ប៉េរូ នៅ​ក្រៅ​ផ្ទះ ២-០ ដែល​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ Nicolas Gonzalez និង Lautaro Martinez។

ជ័យ​ជម្នះ​ នាំ​ឱ្យ​ក្រុម​អាហ្សង់​ទីន​អត់​ស្គាល់​បរាជ័យ​រហូត​ដល់ ១១​ ប្រកួត ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​លោក Lionel Scaloni ហើយ​ក៏មាន​ន័យ​ថា ពួក​គេ​រក្សា​ចំណាត់​ថ្នាក់​ទី២ ដដែល ក្នុង​តារាង​ពិន្ទុ​ប្រកួត​ជម្រុះរបស់​តំបន់ CONMEBOL ដែល​មាន​ទាំងអស់ ១០​ ក្រុម ពោល​ គឺ​តាម​ពី​ក្រោយ​ក្រុម​លេខ ១ ប្រេស៊ីលចំនួន ២​ ពិន្ទុ​៕ AFP/VN