ភ្នំពេញ: ផាន់ គ្រាន់ ត្រូវវិលជុំប៉ះជាមួយកីឡាករ Kolab Dam ក្នុងគូដណ្តើមខ្សែក្រវាត់ Barrley Black វគ្គជម្រុះសន្សំពិន្ទុសប្តាហ៍ទី ៤ ក្នុងជុំទី ២ នៃសង្វៀនអាស៊ីអាគ្នេយ៍នាល្ងាចថ្ងៃអាទិត្យ ទី ៤ ខែមីនា ឆ្នាំ ២០១៨ នេះ ខណៈដែលកីឡាករថៃរូបនេះ មកប្រកួតក្នុងព្រះរាជាណាចក្រកម្ពុជាជាច្រើនលើក មិនទាន់ស្គាល់រសជាតិចាញ់ម្តងណាឡើយ ហើយអ្នកទាំង ២ ដណ្តើមបានជ័យជម្នះដូចគ្នា ក្នុងអំឡុងការប្រកួតខ្សែក្រវាត់នេះ។
ចំណែកកីឡាករមាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិ ត្រូវប៉ះជាមួយកីឡាករថៃ Louk Ton ស្របពេលដែលអ្នកទាំង ២ នេះធ្លាប់ប្រកួតចាញ់ដៃគូដូចគ្នាក្នុងអំឡុងប្រជែងវគ្គជម្រុះសន្សំពិន្ទុកន្លងមក។
ផាន់ គ្រាន់ មួយរយៈនេះកំពុងឡើងប្រិយភាពយ៉ាងខ្លាំង ហើយលទ្ធផលប្រកួតរបស់គេភាគច្រើនទទួលបានជ័យជម្នះ។ ទាំងកីឡាករផាន់ គ្រាន់ និងកីឡាករថៃ Kolab Dam មានសមត្ថភាពខ្លាំងដូចគ្នា ហើយមិនធ្លាប់ជួបប្រកួតគ្នាកន្លងមកនោះទេ។ បើនិយាយពីបច្ចេកទេសក្បាច់គុនវិញ ផាន់ គ្រាន់ ល្អកណ្តាប់ដៃធ្ងន់ និងស្នៀតជង្គង់ល្អ ហើយទឹកចិត្តប្រកួតធំមិនញញើតដៃគូនោះឡើយ។
ចំណែកឯ កីឡាករថៃ Kolab Dam ល្អស្នៀតជង្គង់ និងទាត់ឆ្ងាយល្អ មានកម្ពស់ខ្ពស់ជាងផាន់ គ្រាន់ ប៉ុន្តែទឹកចិត្តប្រកួតវាយចាំស្រង់យកពិន្ទុប៉ុណ្ណោះ។ ទោះជាយ៉ាងណា កីឡាករថៃ Kolab Dam នេះមកប្រកួតស្រុកខ្មែជិត ១០ លើក ឈ្នះទាំងអស់ស្មើតែម្តងគត់ ពោលគឺមិនដែលស្គាល់ពាក្យថា ចាញ់នោះឡើយ។
សម្រាប់ការប្រកួតលើកនេះរវាងអ្នកទាំង ២ ពិតជាលំបាកទស្សន៍ទាយ ឬព្យាករណាស់ ពីព្រោះតែសមត្ថភាព និងបច្ចេកទេសប្រហែលគ្នា ប៉ុន្តែ ទឹកចិត្តប្រកួតរបស់ផាន់ គ្រាន់ ក្លាហានជាង។ លោកណន រិទ្ធ គ្រូបង្វឹកផាន់ គ្រាន់ បាននិយាយថា៖ «ផាន់ គ្រាន់ ហ្វឹកហាត់ និងត្រៀមការប្រកួតបានល្អ។ ជាមួយគ្នានេះ ខ្ញុំរំពឹងឈ្នះខ្ពស់ ពីព្រោះកណ្តាប់ដៃ និងជង្គង់របស់ផាន់ គ្រាន់ គឺជាក្បាច់ដែលខ្ញុំទុកចិត្តថា ល្អសម្រាប់ដណ្តើមជ័យជម្នះលើ Kolab Dam នេះតែម្តង»។
លោកណន រិទ្ធ បានបន្ថែមថា៖ «ទោះជាការប្រកួតហ្នឹងស្វិតស្វាញយ៉ាងណា ឬឧបសគ្គធំយ៉ាងណា ខ្ញុំនៅតែមានជំនឿយ៉ាងមុតមាំថា ៨០ ភាគរយ ផាន់ គ្រាន់ នឹងឈ្នះ»។
ផាន់ គ្រាន់ បាននិយាយថា៖ «ខ្ញុំគិតថា នៅក្នុងចំណោមកីឡាករថៃ ៤ នាក់ដែលខ្ញុំត្រូវជួបប្រកួតនោះ Kolab Dam នេះខ្ញុំព្រួយបារម្ភជាងគេ ចំណែក ៣ នាក់ទៀត មិនជាឧបសគ្គប៉ុន្មានឡើយ»។
ផាន់ គ្រាន់ បានបន្តថា៖ «ប្រសិនបើការប្រកួតក្លាហានដូចគ្នាចាញ់ ឬឈ្នះ ខ្ញុំអស់ចិត្ត តែខ្ញុំបារម្ភតែថៃវាវាយដកថយចាំតែស្រង់នោះគឺពិបាកប្រកួត»។
ទោះយ៉ាងណាផាន់ គ្រាន់ បានបញ្ជាក់ថា៖ «ការប្រកួតគឺធានាវាយអស់ពីសមត្ថភាព ខណៈលទ្ធផលយ៉ាងណា មិនហ៊ានទស្សន៍ទាយមុនឡើយ»។
លោកថាញ់ វ៉ាឡែក គ្រូបង្វឹក Kolab Dam បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា Kolab Dam នឹងឈ្នះក្នុងទំនុកចិត្ត ៩០ ភាគរយ»។
លោកថាញ់ វ៉ាឡែក បានបន្ថែមថា៖ «ស្នៀតទាត់ និងកណ្តាប់ដៃព្រមទាំងក្បាច់ជង្គង់របស់ Kolab Dam អាចបង្ក្រាបផាន់ គ្រាន់បាន»។
តាមប្រវត្តិប្រកួត និងបទពិសោធកន្លងមករបស់អ្នកប្រដាល់ទាំង ២ ដែលភ្នំពេញ ប៉ុស្តិ៍ ទទួលបាន ផាន់ គ្រាន់ មានបទពិសោធច្រើនជាងតែចាញ់ប្រៀបផ្នែកកម្ពស់។ ផាន់ គ្រាន់ ប្រកួតបានចំនួន ១០៩ លើក ឈ្នះ ៩០ លើក ចាញ់ ១៦ លើក និងស្មើ ៣ លើក។
ចំណែក Kolab Dam ធ្លាប់ប្រកួតបានចំនួន ៩១ លើក ឈ្នះ ៨០ លើក ចាញ់ ១០ លើក និងស្មើ ១ លើក។ ចំណែកក្នុងគូប្រកួតដណ្តើមខ្សែក្រវាត់នេះដែរ មាស ច័ន្ទមាន នឹងត្រូវប៉ះជាមួយនឹងកីឡាករថៃ Louk Ton។
តាមស្ថិតិប្រកួតកន្លងមក មាស ច័ន្ទមាន ធ្លាប់ប្រកួតបានច្រើនជាង Louk Ton ចំនួន ៦៣ លើកឯណោះ។ ច័ន្ទមាន ប្រកួតបាន ១៣១ លើក ឈ្នះ ៩៨ លើក ចាញ់ ២៩ លើក និងស្មើ ៤ លើក ខណៈដែលកីឡាករថៃ Louk Ton ធ្លាប់ប្រកួតបាន ៦៨ លើក ឈ្នះ ៥៤ លើក ចាញ់ ១៣ លើក និងស្មើ ១ លើក។ ការប្រកួតជុំទី ១ មាស ច័ន្ទមាន ចាញ់ពិន្ទុ Kolab Dam ហើយ Louk Ton ចាញ់ផាន់ គ្រាន់ សន្លប់ក្នុងទឹកទី ២៕