ភ្នំពេញៈ ​ម្ចាស់​ខ្សែ​ក្រវាត់ ​៣ ​ស្ថាប័ន​ ផាន់​ គ្រាន់​ និង​អ្នក​លេង​ចិត្ត​ធំ ​សេក ​គឹមរួន ​ទទួល​រង​នូវ​ការ​សន្លប់​ធំ​ដូច​គ្នា​ក្នុង ​ការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ថៃ​ Sen Khum និង Phith Ka ​នៅ​សង្វៀន​ One TV ​រោង​សៀក​ ទល់​មុខ​រដ្ឋសភា​ជាតិ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​។​

តាម​ប្រវត្តិ​ប្រកួត​របស់ ​ផាន់​ គ្រាន់​ និង ​Sen ​Khum​ ក្នុង​ទម្ងន់ ​៦៥ ​គីឡូ​ក្រាម​នេះ ​កន្លង​មក​ពួក​គេ​ធ្លាប់​​ឈ្នះ​គ្នា​​​ម្នាក់​ម្តង ​ប៉ុន្តែ​ការ​វិល​មក​ជួប​គ្នា​លើក​នេះ​ Sen​ Khum​ បាន​ប្រើ​កែង​ឆ្វេង ​ផ្តួល​ ​ផាន់ ​គ្រាន់ ​ឲ្យ​សន្លប់​ធំ​នៅ​ត្រឹម​ទឹក​ទី​២ ​ប៉ុណ្ណោះ​។​

យ៉ាង​ណា​ក៏​ដោយ ​ការ​ប្រកួត​នេះ ​មាន​លក្ខណៈ​ជក់​ចិត្ត​ពី​អ្នក​ទស្សនា​ខ្លាំង​ ព្រោះ​នៅ​ទឹក​ទី​១ ​ផាន់ ​គ្រាន់​ ​បាន​ប្រើ​កណ្តាប់​ដៃ​ និង​ស្នៀត​ទាត់​ចូល​កញ្ចឹង​ក ​Sen ​Khum ​បណ្តាល​ឲ្យ​ដួល​ដេក​លើ​សង្វៀន​ ហើយ​ត្រូវ​​អាជ្ញា​កណ្តាល ​សួន​ ប៊ុនសូត្រ​ រាប់​ដល់ ​៨​ ទើប​អាច​ងើប​មក​ប្រកួត​បាន​វិញ​ទាំង​លំបាក​ តែ Sen​ Khum​ របស់​ថៃ​មាន​សំណាង​ផង​ដែរ ​ដោយ​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​១ បាន​បន្លឺ​ឡើង ​ជួយ​ឲ្យ​​គេ​​រួច​ផុត​ពី​ការ​វាយ​លុក​សន្ធាប់​បង្ខំ​ឲ្យ​សន្លប់​របស់ ផាន់ គ្រាន់​។

ក្រោយ​ពេល​សម្រាក​ឲ្យ​ទឹក​ចំនួន ​២ ​នាទី ​Sen ​Khum​ អាច​ស្តា​កម្លាំង​បាន​ឡើង​វិញ ហើយ​បាន​ចូល​វាយ​សម្រុក​តតាំង​ ​ដែល​មាន​ភាព​សាហាវ​ ដូច​ខ្លា​រង​របួស​ ដែល​បាន​បង្ខំ​ឲ្យ ​ផាន់ ​គ្រាន់ ​លំបាក​ទប់ទល់​។​ ទោះបី​​ជា ​ការ​វាយ​ចេញ​របស់ ​ផាន់​ គ្រាន់​ នៅ​តែ​មាន​ប្រៀប​ ដោយ​ពិន្ទុ​នាំ​មុខ​ ប៉ុន្តែ​ជាមួយ​គ្នា​នោះ​ស្នៀត​កែង​ឆ្វេង​សង​វិញ​ភ្លាមៗ​របស់​ថៃ​ វាយ​ចូល​គល់​ថ្គាម​បណ្តាល​ឲ្យ​ ផាន់ ​គ្រាន់ ​​ដួល​ដេក​សន្លប់​ធំ​នៅ​លើ​ក្តារ​តាពី​តែ​ម្តង​។​

ផាន់ គ្រាន់ បាន​ដេកសន្លប់ស្តូកស្តឹង ក្រោយ​រង​ការវ៉ៃ​កែងរបស់ Sen Khum។ រូបថត ពន្លក

ក្រោយ​ពី​ចាញ់​ដោយ​សន្លប់​នេះ ផាន់ ​គ្រាន់​ បាន​និយាយ​ថា​៖ «​ក្រោយ​ពី​បាន​វ៉ៃ​​កីឡាករ​ថៃ​​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ ​តាំង​ពី​ទឹក​ទី​១ នោះ ខ្ញុំ​រំពឹង​ថា ខ្ញុំ​នឹង​​ឈ្នះ​​ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​២ ​ខ្ញុំ​ព្យាយាម​ការពារ​ផ្នែក​ល្វែង​ជើង​ក្រោម​ពី​ការ​ទាត់​ធ្ងន់ៗ​នោះ​ បែរ​ជា​ទទួល​រង​នូវ​ស្នៀត​កែង​ចូល​ល្វែង​លើ​វិញ​»។

ផាន់​ គ្រាន់ បាន​​បន្ថែម​ថា​៖ «ខ្ញុំ​មិន​បាន​ដឹង​ពី​ការ​សន្លប់​នោះ​ទេ ​ប៉ុន្តែ​នៅ​ពេល​គេ​គ្រាហ៍​ចុះ​ពី​សង្វៀន​ ទើប​ដឹង​ថា​ ចាញ់​ ហើយ​មាន​អារម្មណ៍​​ឈឺ​គល់​ថ្គាម​តែ​ម្តង​។​ ​ខ្ញុំ​សុំ​សម្រាក​សិន​ ដើម្បី​មើល​សុខភាព​ឲ្យ​បាន​ស្រួល​ ​ព្រោះ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ ខ្ញុំ​ចាញ់​រហូត​»​។​

ចំណែក​អ្នក​លេង​ចិត្ត​ធំ ​សេក ​គឹម​រួន ​អាច​តស៊ូ​ជាមួយ​ជើង​ខ្លាំង​ថៃ Phith Ka ​បាន​តែ ​៤ ​ទឹក​ប៉ុណ្ណោះ​ ក៏​ត្រូវ​បាន​អាជ្ញា​កណ្តាល​លោក​ សឹង ​សារឹទ្ធិ​ បញ្ឈប់​ការ​ប្រកួត​តែ​ម្តង ​ដោយសារ ​សេក​ គឹម​រួន ​ត្រូវ​បាន​កីឡាករ​ថៃ​រូប​នេះ​ទាត់​ឲ្យ​ដួល​ងើប​លែង​រួច​។

កីឡាករ​ថៃ ​Phith Ka​ មាន​ប្រៀប​ផ្នែក​ទាត់​តាំង​ពី​ទឹក​ទី​១ ​ដែល​ធ្វើ​ឲ្យ​ សេក​ គឹមរួន​ ចូល​មិន​ចុះ​ គ្មាន​ឱកាស​វាយ​ក្បាច់​ជង្គង់​បាន​។​ កីឡាករ​ថៃ​នៅ​តែ​មាន​ប្រៀប​ឈ្នះ​ពិន្ទុ​សឹង​តែ​គ្រប់​ទឹក​ក្នុង​នោះ​ សេក​ គឹម​រួន ​បាន​ត្រឹមតែ​ដើរ​ចូល​សម្រុក ​ប៉ុន្តែ​ទទួល​រង​ស្នៀត​ទាត់​ស្កាត់​ពេញៗ​ ឲ្យ​រឹង​ជើង​ដើរ​មិន​ចង់​រួច ​ហើយ​អាជ្ញា​កណ្តាល​បាន​រាប់​នៅ​ទឹក​ទី​២ ​ម្តង​ រាប់​នៅ​ទឹក​ទី​៣ ​ម្តង ​និង​ទឹក​ទី​៤ ​ចំនួន ​២ ​ដង​ទៀត ​ក៏​បញ្ឈប់​តែ​ម្តង​។​

កីឡាករ សេក ​គឹមរួន ​បាន​និយាយ​​ក្រោយ​ការ​ប្រកួត​ថា​៖ ​«ខ្ញុំ​ហ្វឹកហាត់​បាន​ល្អ ​ហើយ​​ការ​ប្រកួត ​៦ ​ដង​ថ្មីៗ​នេះ​ គឺ​ឈ្នះ​ទាំង​អស់ ​ពិសេស​ធ្លាប់​ផ្តួល​កីឡាករ​ថៃ​ Phi Chhith ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ​ផង​ដែរ​ ប៉ុន្តែ​លើក​នេះ​ ខ្ញុំ​បាន​ចាញ់​ស្នៀត​ទាត់​​របស់​គេ​តែ​ម្តង ​ធ្វើ​ឲ្យ​ខ្ញុំ​ចូល​មិន​ចុះ​សោះ​ គឺ​ថៃ​ទាត់​ឲ្យ​ខ្ញុំ​ខូច​ជើង​តែ​ម្តង»​។​

ទោះ​ជា​យ៉ាង​ណា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​នេះ​ បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​វាយ​ចេញ​អស់​ពី​សមត្ថភាព​ ហើយ​អ្នក​គ្រប់គ្រង​កម្មវិធី ​និង​អ្នក​ឧបត្ថម្ភកម្ម​វិធី ​បាន​ផ្តល់​ប្រាក់​បន្ថែម​លើក​ទឹក​ចិត្ត​ដល់​​អ្នក​ប្រដាល់​ទាំង ​៤ ​រូប ក្នុង​​ម្នាក់ៗ​ទទួល​បាន ​៥០ ​ដុល្លារ ​បន្ថែម​លើ​តម្លៃ​ខ្លួន​ផង​ដែរ​៕​​