ភ្នំពេញ៖ សមាជិក​ក្រុម Ultras Cambodia និង Angkor Army ដែល​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នោះ បាន​កើត​ទុក្ខ មិន​សុខ​ចិត្ត​ទៅ​លើ​ទង្វើ​របស់​កម្លាំង​សន្តិសុខ ដែល​​​បាន​​រុះរើ​នូវ​បដា​គាំទ្រ​របស់​ពួក​គេ​ចំពោះ​ក្រុម​កម្ពុជា នៅ​មុន​ពេល​ក្រុម​​ម្ចាស់​ផ្ទះ​មួយ​នេះ ​បាន​ចាញ់​ក្រុម​អ៊ីរ៉ាក់ ៤-០ ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី ​២ ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក (FIFA World Cup Qatar 2022) នៅ​ពហុកីឡដ្ឋាន​ជាតិ កាល​ពី​យប់​ថ្ងៃ​អង្គារ។

ក្រោយ​ហេតុការណ៍​នេះ សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (FFC) បាន​ចេញ​សេចក្តី​ស្រាយ​បំភ្លឺ​មួយ ដោយ​បាន​លើក​ឡើង​ថា៖ ​«ក្រោម​ការ​ដឹកនាំ​ពី​ស្នងការ​ប្រកួត​របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​ពិភព​លោក ​(FIFA) មិន​អនុញ្ញាត​ឲ្យ​មាន​បដា​ផ្សេងៗ ចៀស​វាង​ករណី​នយោបាយ ដោយ​ក្នុង​នោះ​រាល់​បដា​​ទាំង​អស់​នឹង​ត្រូវ​កំណត់​រុះរើ​ទំាង​អស់ រួម​មាន​បដា​របស់​ក្រុម​ដែល​ប្រើប្រាស់​ភាសា​ចិន ក្រុម Ultras Cambodia និង​ក្រុម Angkor Army»។

សេចក្តី​ស្រាយ​បំភ្លឺ​ដដែល​នេះ បាន​បន្ថែម​ថា ដោយ​បាន​ដឹង​ពី​ករណី​ខាង​លើ​នេះ មន្រ្តី​របស់​​​ FFC បាន​ទៅ​ពន្យល់​ពី​ខ្លឹមសារ​ នៅ​ក្នុង​បដា​របស់​ក្រុម​អ្នក​គាំទ្រ​ ទៅ​កាន់​ស្នងការ​ប្រកួត​ ដែល​មក​ពី FIFA ហើយ​ស្នងការ​ប្រកួត​ក៏​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បដា ដែល​មាន​ខ្លឹមសារ​គាំទ្រ​ក្រុម កម្ពុជា​​ឡើង​វិញ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​គាំទ្រ​ទាំង​នេះ ពិសេស​សមាជិក​ក្រុម Ultras Cambodia នៅ​តែ​មិន​ស្កប់​ចិត្ត​ទទួល​យក​ការ​ស្រាយ​បំភ្លឺ​នេះ និង​បាន​បន្ត​រិះគន់​ដល់ FFC ថា មិន​ចេះ​ធ្វើ​ការងារ គឺ​ចាំ​តែ​សុំទោស និង​បក​ស្រាយ​តាម​ក្រោយ។ ​សមាជិក​ម្នាក់​របស់​ក្រុម​នេះ បាន​ចូល comment ​ថា៖ ​«អរគុណ​សម្រាប់​ការ​បក​ស្រាយ​បែប​នេះ! ដល់​វេលា​ដែល​ត្រូវ​បែក​គ្នា​ហើយ​ សហព័ន្ធ។​ អរគុណ​ដែល​ចេះ​តែ​រក​រឿង​ Ultras Cambodia រាល់​ការ​ប្រកួត ហើយ​តទៅ​នេះ យើង​លែង​ត្រូវ​ជា​អ្វី​នឹង​គ្នា​ហើយ។ ការ​​​​បកស្រាយ​ និង​ទិដ្ឋភាព​ផ្ទាល់​ ខុស​គ្នា​ដាច់ ៣៦០ ​ដឺក្រេ»។

ងាក​មក​ចាប់​អារម្មណ៍​ការ​ប្រកួត​វិញ គឺ​ក្រុម​កម្ពុជា​បាន​បង្ហាញ​ពី​ឆន្ទៈ​​ប្រកួត​យ៉ាង​មោះមុត ប៉ុន្តែ​ពួក​គេ​មិន​អាច​ទប់ស្កាត់​មហិច្ឆតា​រក​គ្រាប់​បាល់​របស់​ក្រុម​មាន​ប្រៀប​ទាំង​សមត្ថភាព និង​កាយសម្បទា​ អ៊ីរ៉ាក់​បាន​នោះ​ទេ។ ក្រុម​អ៊ីរ៉ាក់ បាន​យក​ឈ្នះ​កម្ពុជា ៤-០ ហើយ​គ្រាប់​បាល់​ទាំង ​៤ ​នេះ ពួក​គេ​ធ្វើ​បាន​សម្រេច ​ដោយ​ការ​តែត​បញ្ចូល​ទី​ ​៣ ​គ្រាប់ និង ស៊ុត​ចូល​ពី​ចម្ងាយ​ដោយ​កីឡាករ Amjah Attwan ១ ​គ្រាប់ នៅ​នាទីទី​ ៥៧។

លោក Srecko Katanec គ្រូ​បង្វឹក​ក្រុម​អ៊ីរ៉ាក់ ហាក់​មិន​សូវ​ពេញ​ចិត្ត​ជាមួយ​ការ​ឈ្នះ​ត្រឹម ៤-០ នេះ​ទេ។ ​លោក​បាន​និយាយ​​ក្រោយ​ការ​ប្រកួត​ថា៖ ​«យើង​គួរ​តែ​ទាត់បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាង​នេះ ព្រោះ​យើង​​បាន​បង្កើត​ឱកាស​ច្រើន​មែន​ទែន។ ក្រុម​កម្ពុជា​មាន​កាយ​សម្បទា​​តូច​ពិត​មែន ប៉ុន្តែ​ពួក​គេ​លេង​បាន​យ៉ាង​ល្អ ហេតុ​នេះ​​ការ​លេង​បាល់​ខ្ពស់ និង​ការ​កាត់​បាល់​ចូល​ក្នុង​តំបន់​គ្រោះថ្នាក់​របស់​កម្ពុជា វា​ជា​យុទ្ធសាស្រ្ត​លេង​របស់​យើង»។

ចំណែក​លោក Felix Dalmas គ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជា ​បាន​និយាយ​ក្រោយ​ការ​ប្រកួត​ថា៖ ​«សម្រាប់​ការ​ប្រកួត​នេះ យើង​ធ្វើ​បាន​ល្អ​ទៅ​តាម​អ្វី​ដែល​យើង​បាន​គ្រោង​ទុក តែ​យើង​ក៏​នៅ​មាន​ចំណុច​មួយ​ចំនួន​ត្រូវ​ពង្រឹង​បន្ថែម​ទៀត​ដែរ។ ​យើង​សូម​អរគុណ​ដល់​កីឡាករ​ទាំង​អស់ ដែល​បាន​ព្យាយាម​ធ្វើ​តាម​ទស្សនៈ គោលការណ៍ និង យុទ្ធសាស្រ្ត​លេង​រហូត​ដល់ ​៩០ ​នាទី ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាព​យ៉ាង​ណា​ក៏​ដោយ»៕