ក្រុង​កាទុម៖ ប្រជាពលរដ្ឋ​ស៊ូដង់​បាន​ជួប​ជុំ​គ្នា​ក្រោយ​ពី​ធ្វើ​ពិធី​បួងសួង ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​​គាំទ្រ​បព្វជិត​អ៊ិស្លាម​ប្រកាន់​តឹង​មួយ​រូប​ ដែល​បាន​រិះគន់​ដល់​​រដ្ឋមន្រ្តី​​កីឡា​ថ្មី​ជា​ស្រ្តី​​នៅ​ប្រទេស​នេះ ​ដែល​បាន​គាំទ្រ​ឲ្យ​មាន​ការ​ប្រកួត​លីក​បាល់​ទាត់​នារី​​​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​ពី​​មុន​មក​​។​​

លីក​បាល់​ទាត់​នារី​​នៅ​ក្នុង​​ប្រទេស​នេះ ​បាន​ធ្វើ​ការ​ប្រកួត​ជា​លើក​ដំបូង​​កាល​ពី​ថ្ងៃ​ទី ​៣០ ​ខែ​កញ្ញា​ ក្រោម​​វត្តមាន​របស់​រដ្ឋមន្ត្រី​កីឡា​ គឺ​​អ្នកស្រី Wala Essam និង​មន្ត្រី​ទូត​បរទេស​មួយ​ចំនួន​ទៀត​។​

លោកស្រី​ Essam បាន​​និយាយ​​នៅ​ពេល​នោះ​ថា៖ «​យើង​នឹង​យក​ចិត្ត​ទុក​ដាក់​ឲ្យ​កាន់​តែ​​ខ្លាំង​​ចំពោះ​កីឡា និង​បាល់​ទាត់​នារី​​»។​

បព្វជិត​អ៊ិស្លាម​ Abdel Hay Youssef បាន​អះអាង​ថា សាសនា​អ៊ីស្លាម​បាន​ហាម​ឃាត់​ស្ត្រី​មិន​ឲ្យ​លេង​បាល់​ទាត់​ ហើយ​បព្វជិត​រូប​នេះ​បាន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​អ្នកស្រី Essam ចំពោះ​ការ​គាំទ្រ​ឲ្យ​មាន​ការ​ប្រកួត​បាល់​ទាត់​នេះ​។​

ទីភ្នាក់ងារ​ AFP បាន​និយាយ​​ថា ក្រុម​អ្នក​គាំទ្រ​បព្វជិត​ Youssef បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ក្រៅ​ព្រះវិហារ​មួយ​កន្លែង​នៅ​ខាង​ត្បូង​ទីក្រុង​កាទុម​ ប្រទេស ​ស៊ូដង់​ ជា​ទី​ដែល​បព្វជិត​រូប​នេះ​បាន​ប្រៀន​ប្រដៅ​ពួក​គេ​ ហើយ​ពួក​គេ​បាន​​នាំ​គ្នា​ស្រែក​គាំទ្រ​រូប​គាត់​។​

ទីភ្នាក់ងារ​នេះ​បាន​បន្ថែម​ថា ក្រុម​អ្នក​គាំទ្រ​បាន​ស្រែក​ថា​៖ «Abdel Hay Youssef!​ ​យើង​ទាំង​អស់​គ្នា​គាំទ្រ​អ្នក»​​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​បាន​រាយការណ៍​ថា លោក Youssef មាន​ការ​ពាក់ព័ន្ធ​នឹង​ក្រុម​អាល់កៃដា​ និង​បាន​ផ្ដល់​ហិរញ្ញវត្ថុ​ព្រម​ទាំង​បាន​បណ្ដុះបណ្ដាល​ក្រុម​យុទ្ធជន​នៃ​ក្រុម​រដ្ឋ​អ៊ិស្លាម​នៅ​ប្រទេស ​លីប៊ី​ ផង​ដែរ​​​ ប៉ុន្តែ​គាត់​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​​នេះ​។​

ការ​ប្រកួត​បាល់​ទាត់​នារី​បាន​ប្រឈម​នឹង​ការ​ប្រជែង​គ្នា​កាន់​តែ​​ខ្លាំង​​នៅ​​ប្រទេស ​ស៊ូដង់​ ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​អនុម័ត​ច្បាប់​អ៊ិស្លាម​ Sharia នៅ​ឆ្នាំ ១៩៨៣ គឺ ៦ ឆ្នាំ ​មុន​ពេល​លោក Bashir បាន​ដណ្តើម​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​ដែល​គាំទ្រ​ដោយ​ក្រុម​អ៊ិស្លាម​និយម​នៅ​ប្រទេស​នេះ​។

លោក Bashir ត្រូវ​បាន​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​កង​ទ័ព​នៅ​ក្នុង​រដ្ឋ​ប្រហារ​មួយ​នៅ​ថ្ងៃ​ទី ១១​ ខែ​មេសា​ ដោយ​មាន​​ការ​តវ៉ា​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​ការ​គ្រប់គ្រង​ដោយ​ប្រើ​កណ្ដាប់​​ដៃ​ដែក​រយៈពេល​ ៣​ ទសវត្សរ៍​។

ការ​ចាប់​ផ្តើម​នៃការ​ប្រកួត​​លីក​បាល់​ទាត់​នារី​​នេះ​ បាន​កើត​​ឡើង​ចំ​ពេល​មាន​ការ​រំពឹង​​ទុក​ថា ​ពេល​វេលា​នៃ​ការ​ផ្លាស់​ប្តូរ​​នឹង​​ឃើញ​គោល​នយោបាយ​បែប​​​សេរី​ត្រូវ​បាន​អនុវត្ត​នៅ​ក្នុង​ប្រទេស ​ស៊ូដង់ ​​រួម​​ទាំង​​វិធានការ​ដើម្បី​លើក​កម្ពស់​សេរីភាព​​បញ្ចេញ​​មតិ​ សិទ្ធិ​ស្ត្រី កីឡា និង​សិល្បៈ។

កាល​ពី​ឆ្នាំ​មុន​ ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត ​បាន​អនុញ្ញាត​ឲ្យ​ស្ត្រី​ចូល​រួម​ការ​ប្រកួត​បាល់​ទាត់​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន​នៅ​ក្នុង​ព្រះរាជាណាចក្រ​គ្រប់គ្រង​ដោយ​ពលរដ្ឋ​មូស្លីម​អភិរក្ស​មួយ​នេះ​»។​​

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ស្ត្រី​បាន​ចូល​រួម​ទស្សនា​ការ​ប្រកួត​បាល់ទាត់​ជា​លើក​ដំបូង​ប៉ុណ្ណោះ ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​មក​នេះ​​នៅ​សាធារណ​រដ្ឋ​អ៊ីរ៉ង់​​ផង​​ដែរ​៕ AFP/SN