ភ្នំពេញៈ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងដៃគូសហការ គ្រោងនឹងប្រើប្រាស់នូវយុទ្ធសាស្ត្រថ្មី ដើម្បីកៀងគរអ្នកទេសចរចិន ឲ្យចូលរួមក្នុងការប្រកួតទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង លើកទី ៧ នៅក្រុងព្រះសីហនុ ដែលនឹងត្រូវធ្វើនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០១៨ នេះឲ្យបានច្រើន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងក្នុងសន្និសីទកាសែត កាលពីម្សិលមិញថា នៅឆ្នាំ ២០១៨ នេះ យើងបានកត់សម្គាល់ឃើញថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្ត ព្រះសីហនុ នឹងមានចំនួនកើនឡើង ខណៈការរៀបចំជាង ៦ ឆ្នាំកន្លងមក ចំនួនអ្នកចូលរួមមិនច្រើនដូចពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិ នៅអង្គរវត្ត នោះឡើយ បើទោះបីជាខេត្តព្រះសីហនុ មានភ្ញៀវទេសចរចិន និងចិនរស់នៅច្រើន ក៏ដោយ។
លោកបានបន្ថែមថា៖ «នេះជាបញ្ហា ដែលយើងត្រូវមាននយោបាយទាក់ទាញជាមួយភាគីពាក់ព័ន្ធ អ៊ីចឹងនឹងពិភាក្សាជាមួយអាជ្ញាធរដែនដី មន្ទីរទេសចរណ៍ខេត្ត និងកាស៊ីណូ នៅខេត្តព្រះសីហនុ ដើម្បីឲ្យគេជួយទាក់ទាញអ្នកទេសចរណ៍ ចិនមកចូលរួមរត់ ទោះបីគេរត់កម្សាន្តចម្ងាយ ៣ គីឡូម៉ែត្រ ជាលក្ខណៈគ្រួសារ ក៏បានដែរ។ បើសិនជាយុទ្ធនាការនេះ ទទួលបានលទ្ធផលជោគជ័យ យើងអាចវាយតម្លៃ និងដំឡើងព្រឹតិ្តការណ៍នេះ ឲ្យទៅជាម៉ារ៉ាតុង ដែលមានចម្ងាយ ៤២,១៩៥ គីឡូម៉ែត្រ តែម្ដង»។
គិតមកដល់ពេលនេះ មានអ្នកចុះឈ្មោះចូលរួមរត់បានចំនួន ១២៥០ នាក់ហើយ ក្នុងនោះមានជនបរទេស ១៥៦ នាក់ មកពី ២៨ ប្រទេស ខណៈជនជាតិជប៉ុនច្រើនជាងគេ ក្រៅពីនោះមានអាមេរិក និងអង់គ្លេស ហើយសកម្មភាពកីឡានេះ ដើម្បីការងារមនុស្សធម៌ ប្រមូលថវិកា ទៅប្រើប្រាស់ក្នុងគោលដៅមនុស្សធម៌។
ចំណែកលោក សែម ផល្លា នាយកប្រតិបត្តិក្នុងការរៀបចំព្រឹត្តិការណ៍នេះ បានថ្លែងថា៖ «ផ្លូវរត់ឆ្នាំនេះ ត្រូវបានផ្លាស់ប្ដូរ អ៊ីចឹងខ្ញុំត្រូវស្នើទៅអង្គការម៉ារ៉ាតុងអន្តរជាតិឲ្យមកជួយវាស់ផ្លូវឡើងវិញ ដើម្បីកុំឲ្យខុសបច្ចេកទេស។ ចំពោះវិញ្ញាសាដាក់ឲ្យប្រកួតវិញ មានរត់ចម្ងាយ ២១ គីឡូម៉ែត្រ រត់ ១០ គ.ម និងរត់កម្សាន្ដ លក្ខណៈគ្រួសារចម្ងាយ ៣ គីឡូម៉ែត្រ»។
ចំណែកលោកស្រី ប៊ុយ សុធា តំណាងក្រុមហ៊ុនស្រាបៀរអង្គរ បាននិយាយថា៖ «ស្រាបៀរអង្គរ បានឧបត្ថម្ភគាំទ្រព្រឹត្តការណ៍រត់ប្រណាំង អន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុង ក្រុងព្រះសីហនុនេះ ចំនួន ៦ ឆ្នាំកន្លងមកហើយ ហើយនៅឆ្នាំទី ៧ យើងនៅតែបន្តគាំទ្រជារៀងរហូត ជាដៃគូជាមួយ NOCC»៕