
ក្រុមតំណាងឲ្យមណ្ឌលព្រះសីហនុទាំង ២ បានថតជុំគ្នាជាមួយម្ចាស់កម្មវិធី ក្រោយពេលប្រកួត។ រូប សហការី
ភ្នំពេញៈ ការប្រកួតហ្វុតសាលដណ្តើមពានរង្វាន់ស្ពនស័រ លើកទី ៦ ឆ្នាំ ២០១៧ (Sponsor Futsal Cup 2017) បានរកឃើញក្រុមទាំង ១០ ដើម្បីឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ដែលនឹងត្រូវធ្វើនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចុងសប្តាហ៍នេះហើយ បន្ទាប់ពីបញ្ចប់ការប្រកួតជម្រុះមណ្ឌលទី ៥ ចុងក្រោយ គឺមណ្ឌលក្រុងព្រះសីហនុ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ។
ក្រុមមានមូលដ្ឋាននៅភ្នំពេញ Down Town Sport Plus និងក្រុមស្នងការខេត្តព្រះសីហនុ បានក្លាយជាបេក្ខភាព ដែលឈ្នះកៅអីនៅមណ្ឌលព្រះសីហនុ នឹងត្រូវឡើងទៅប្រកួតជុំផ្តាច់ព្រ័ត្រ ជាមួយក្រុមកណ្តុរសអេហ្វស៊ី ក្រុម Panda FC មកពីមណ្ឌលខេត្តព្រៃវែង ក្រុម Rolling FC ក្រុម Home Sport FC របស់មណ្ឌលភ្នំពេញ ក្រុម Sisophon FC ក្រុម Family FC របស់មណ្ឌលខេត្តបន្ទាយមានជ័យ ព្រមទាំងក្រុម Garuda FC និងក្រុម Next Step FC មកពីមណ្ឌលខេត្តសៀមរាប។
តាមរយៈការប្រកួតជម្រុះរវាងក្រុមទាំង ៤០ នៅលើទីលាន ក្នុងក្លិបកីឡាជេក កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នោះ ក្រុម Down Town Sport Plus បានឈ្នះគ្រប់ការប្រកួតទាំងអស់ ហើយពួកគេក៏បានទម្លាក់ក្រុមជើងឯកឆ្នាំចាស់ យុវជននគរបាលខេត្តព្រះសីហនុ ៣-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ មុនពេលយកឈ្នះ ក្រុមស្នងការខេត្តព្រះសីហនុ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯក និងប្រាក់ ២ លានរៀល ខណៈក្រុមស្នងការខេត្តព្រះសីហនុ បានប្រាក់ ១,៦ លានរៀល។
លោក សឹម សានត្រាន តំណាងភេសជ្ជៈស្ពនស័រ និងជាអ្នកគ្រប់គ្រងការប្រកួតនេះ បានប្រាប់កាលពីម្សិលមិញថា ការប្រកួតមណ្ឌលព្រះសីហនុនេះ មានភាពស្វិតស្វាញមានអ្នកគាំទ្រច្រើន ដែលធ្វើឲ្យការប្រកួតបានបញ្ចប់ដោយជោគជ័យ ប៉ុន្តែលោកបានថ្លែងថា សមត្ថភាពលេងរបស់ក្រុមតំណាងមណ្ឌលព្រះសីហនុ ទាំង ២ នេះ នៅមានកម្រិតទាបជាងក្រុមនៅមណ្ឌលភ្នំពេញ បន្តិច។
លោក សឹម សានត្រាន បាននិយាយថា៖ «ការប្រកួតនេះ យើងទទួលបានជោគជ័យ ហើយបើនិយាយពីកម្រិតលេងរបស់ក្រុមតំណាងមណ្ឌលព្រះសីហនុនេះ អាចប្រហាក់ប្រហែលក្រុមមកពីមណ្ឌលខេត្តបន្ទាយមានជ័យ និងមណ្ឌលខេត្តព្រៃវែង ប៉ុន្តែអាចទាបជាងក្រុមមណ្ឌលភ្នំពេញ និងនៅមណ្ឌលខេត្តសៀមរាប បន្តិចបន្តួច»។
គួរបញ្ជាក់ថា ក្រុម Down Town Sport Plus គឺជាសម្ព័ន្ធមិត្តរបស់ក្រុម Down Town Sport ដែលបានធ្លាក់ត្រឹមវគ្គជម្រុះ ៤០ ក្រុមដំបូង ប្រចាំមណ្ឌលភ្នំពេញ កន្លងមកនេះ។ ប៉ុន្តែសមាជិកក្រុម Down Town Sport Plus បានប្រាប់ថា ក្រុមទាំង ២ នេះ មានកីឡាករដាច់ពីគ្នា ហើយកម្រិតនៃការលេង ក៏ខុសគ្នាបន្តិចបន្តួចដែរ។
កីឡាករ ឈឿន ថាន្នី ជាសមាជិកក្រុម Down Town Sport Plus បានប្រាប់កាលពីថ្ងៃចន្ទ ម្សិលមិញថា៖ «ខ្ញុំគិតថា សមត្ថភាពក្រុមរបស់ខ្ញុំខ្លាំងគួរសមដែរ ដែលអាចប្រកួតប្រជែងជាមួយក្រុមផ្សេងៗទៀតបាន គឺមិនទន់ជាងគេនោះទេ ហើយពួកយើងនឹងបង្កើនការហ្វឹកហាត់បន្ថែម ដើម្បីត្រៀមការប្រកួតជុំផ្តាច់ព្រ័ត្រនោះ»៕