ភ្នំពេញ៖ អ្នក​លេង​កណ្តាប់​ដៃ​វ័យ​ក្មេង ពេជ្រ ប៊ុនសិដ្ឋ ដែល​ត្រូវ​បាន​វាយ​តម្លៃ​មុន​ការ​ប្រកួត​ថា មាន​សមត្ថភាព​នៅ​ស្ទើរ និង​ខ្ចី​ជាង​បេក្ខភាព ៣ នាក់​ផ្សេង​ទៀត នៅ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៥៤ ​គីឡូក្រាម​នោះ បែរ​ជា​បង្កើត​បាន​នូវ​ភាព​អស្ចារ្យ ដែល​គ្មាន​អ្នក​ណា​ម្នាក់​នឹក​ស្មាន​ដល់ បន្ទាប់​ពី​រូប​គេ​បាន​​ទម្លាក់​ជើង​ខ្លាំង​ ជា​ម្ចាស់​មេដាយ​សំរឹទ្ធ​ស៊ីហ្គេម ខេម ចាន់ រួច​បាន​បន្ត​ទៅ​ផ្តួល ឃួន ឡាំកូនស៊ីន ឲ្យ​សន្លប់​ធំ ដើម្បី​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន​ចំនួន ​៣,៤ ​លាន​រៀល នៅ​លើ​សង្វៀន​ថោន​នោះ។

ការ​ចាប់​ឆ្នោត​ប៉ះ​ជើង​ខ្លាំង ខេម ចាន់ នៅ​វគ្គ​ជម្រុះ ​៣ ​ទឹក​កាល​ពី​ថ្ងៃ​អាទិត្យ នោះ បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​មុន ការ​ប្រកួត​ថា ប៊ុនសិដ្ឋ អាច​នឹង​សន្លប់ ឬ​ក៏​ចាញ់​ដោយ​ពិន្ទុ​ដាច់​ដោយ​គ្មាន​អ្វី​ត្រូវ​សង្ស័យ​នោះ​ទេ ព្រោះ ខេម ចាន់ ជា​បេក្ខភាព ​មាន​សមត្ថភាព​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ចំណោម​បេក្ខភាព​ទាំង ​៤ នាក់​នេះ ប៉ុន្តែ​តាម​រយៈ​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នោះ ប៊ុនសិដ្ឋ បែរ​ជា​អាច​យក​ឈ្នះ​លើ ខេម ចាន់ ដោយ​ពិន្ទុ​ដាច់ ៥-០។

លោក ​ពេជ្រ ​សុផាន់ ជា​គ្រូ​បង្វឹក​បាន​និយាយ​ថា​៖ «​នៅ​ពេល​ជួបជា​មួយ​ជើង​ខ្លាំង ​ខេម​ ចាន់​ ខ្ញុំ​រំពឹង​ឈ្នះ​តិច​ណាស់​ ប៉ុន្តែ​ការ​ប្រកួត​ជាក់​ស្តែង ​វា​វ៉ៃ​ឆ្លាត ដោយ​​ចេញ​ចូល ​និង​គេច​បាន​លឿន​ ​ធ្វើ​ឲ្យ​វា​ឈ្នះ​ពិន្ទុ​ដាច់​តែ​ម្តង​។ ជាមួយ​គ្នា​នេះ ទោះបី​ឃើញ​មាន​ប្រៀប​ជាង​ ខេម​ ចាន់ ​ខ្ញុំ​ក៏​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​​ថា ​គេ​លើក​ដៃ​ឬ​អត់​?​ ប៉ុន្តែ​ការ​សម្រេច​ក្តី​នៅ​សង្វៀន​ថោន គឺ​យុត្តិធម៌​ល្អ​ណាស់​ សុំ​យក​ជា​គំរូ»​។​

បន្ថែម​លើ​ភាព​អស្ចារ្យ​នេះ ការ​ឡើង​ទៅ​ជួប ឃួន ឡាំកូស៊ីន ដែល​បាន​ទម្លាក់​ម្ចាស់​មេដាយ​​សំរឹទ្ធ ហ៊ឹម គឹមរៀង ដោយ​ការ​ឈ្នះ​ពិន្ទុ​​មិន​ឯកច្ឆន្ទ ៣-២ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​មាន​ត្រឹម ​១ ទឹក ស្មើ ​៩ នាទី​នោះ ការ​បញ្ចេញ​កណ្តាប់​របស់ ពេជ្រ ប៊ុនសិដ្ឋ កាន់​តែ​មាន​ប្រសិទ្ធ​ភាព ដោយ​រូប​គេ​បាន​ម៉ាត់​ឆ្វេង​ចូល​ថ្គាម​បណ្តាល​ឲ្យ ឡាំ​កូស៊ីន សន្លប់​ធំ ដោយ​ប្រើ​រយៈពេល​ត្រឹម ៥:២០ នាទី ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក។

ជាមួយ​ជ័យជម្នះ​នេះ ពេជ្រ ប៊ុនសិដ្ឋ បាន​និយាយ​​ថា៖ ​«ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង ដែល​ប្រកួត​ឈ្នះ ហើយ​ការ​សន្លប់​របស់ ឃួន ឡាំកូស៊ីន អាច​មក​ពី​គាត់​ភ្លាត់​ស្នៀត ព្រោះ​គាត់​ភ្លេច​បិទ ធ្វើ​ឲ្យ​ខ្ញុំ​អាច​ម៉ាត់​ឆ្វេង​ចូល​ថ្គាម»។ ចំណែក​លោក ពេជ្រ សុផាន់ បន្ថែម​ថា៖ ​«ខ្ញុំ​មិន​ហ៊ាន​អួត​ទេ​ ព្រោះ​ ប៊ុន​សិដ្ឋ​ នៅ​ខ្ចី​ណាស់ តែ​​បន្តិច​ទៀត គេ​​នឹង​រឹង​មាំ​ខ្លាំង​ជាង​នេះ»​។​

ជាមួយ​គ្នា​នេះ​លោក សាន់​ សៅ​យ៉ាន់​ ជា​គ្រូ​បង្វឹក​ ​ឃួន ​ឡាំកូស៊ីន​ បាន​​ប្រាប់​ថា​៖ «​ការ​ចាញ់​របស់​ ​ឡាំកូស៊ីន ​នេះ ​គឺ​ខ្ញុំ​អស់​ចិត្ត​ ​ព្រោះ​ការ​ប្រកួត​វ៉ៃ​ប្តូរ​គ្នា​បែប​នេះ​ ​ប្រឈម​ខ្ពស់​ណាស់​ទៅ​នឹង​ការ​សន្លប់​បែប​នេះ​ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា ​​នៅ​ពេល​ខាង​មុខ ឡាំកូស៊ីន នឹង​អាច​ប្រកួត​​សង​សឹក​ម្តង​ទៀត​បាន»​។​

យ៉ាងណា​មិញ ឃួន ឡាំកូស៊ីន ដែល​សន្លប់​រហូត​មិន​អាច​ឡើង​ទៅ​​ទទួល​ប្រាក់​រង្វាន់ ១,៨ លាន​រៀល ចំពោះ​ការ​ចាញ់​​នោះ បាន​និយាយ​ថា៖​ «ខ្ញុំ​ចាញ់​ទាំង​មិន​អស់​ចិត្ត ព្រោះ​វា​លឿន​ពេក មិន​ដឹង​ត្រូវ​អី។ ពេល​គេ​វាយ​ឲ្យ​រាប់​ម្តង អត់​សូវ​អី​ទេ ព្រោះ​គ្រាន់​តែ​វិល និង​ទន់​ជើង អាច​ងើប​ឡើង​បាន ប៉ុន្តែ​ចុង​ក្រោយ​នេះ អត់​ដឹង​អី​តែ​ម្តង គឺ​ងងឹត​មុខ​ឈឹង»។

ចំណែក លោក​ ជួប ​វុត្ថា ​ពិធី​ករ​ប្រចាំ​សង្វៀន​ថោន​ បាន​និយាយ​ថា​៖ ​«ការ​​ប្រកួត​ដែល​​មាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេសប៊ុក​នោះ​ ទទួល​បាន​ការ​ខមមិន ​ពី​អ្នក​ទស្សនា​ជា​ច្រើន ​ដោយ​ពួក​គាត់​​ពេញ​ចិត្ត ​និង​ការ​ប្រកួត​ ​Mas ​Fight ​Cambodia ​នេះ​ ហើយ​ការ​សម្រេច​សេចក្តី​ពី​គណៈកម្មការ​ធ្វើ​ឡើង​ក្នុង​តម្លាភាព​ និង​យុត្តិធម៌ ​គឺ​មហាជន​បាន​កោត​សរសើរ​ដល់​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​យើង​ ពិសេស​សមាសភាព​កីឡាករ ​ដែល​យើង​ជ្រើស​រើស​មក​ប្រកួត​ត្រូវ​បាន​សម្រិត​សម្រាំង ក្រោម​ការ​ឯកភាព​គ្នា ទាំង​គណៈកម្មការ​ផ្គូផ្គង ​ខាង​ម្ចាស់​សង្វៀន​ អ្នក​គ្រប់គ្រង​ និង​ខាង​ស្ពនស័រ​ផង​ដែរ​»៕