ភ្នំពេញ៖ ព្រឹត្តិកាណ៍ប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិ និងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៥ ដែលខកខានមិនអាចប្រកួតបាន កាលពីឆ្នាំ ២០២០ ដោយសារករណីវិបត្តិកូវីដ ១៩ នោះ ត្រូវបានសហព័ន្ធខ្មែរកីឡាទោចក្រយាន និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សម្រេចរៀបចំឡើងវិញ នៅថ្ងៃទី ២៣ និងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ នេះ។
អគ្គលេខាធិការសហព័ន្ធ លោក នូ ចំរើន បានប្រាប់ថា ការប្រកួតកីឡាប្រណាំងកង់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ នេះ គឺបានច្របាច់បញ្ចូលគ្នាជាមួយការប្រណាំងកង់លក្ខណៈមហាជន ដែលគ្រោងរួចហើយថា នឹងធ្វើនៅថ្ងៃទី ២៣ ខែមករានេះ នៅខេត្តសៀមរាប គឺមុន ១ ថ្ងៃ នៃទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដែលគ្រោងនឹងរៀបចំខួបលើកទី២៥ ឆ្នាំ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នាថ្ងៃទី ២៤ ខែមករា នេះដែរ។
លោកបន្ថែមថា៖ «ការប្រកួតថ្នាក់ជាតិឆ្នាំ ២០២០ បានលើកពេលរហូតដល់ឆ្លងឆ្នាំ ប៉ុន្តែពេលនេះ យើងបានកំណត់រួចហើយថា ព្រឹត្តិការណ៍ធំមួយនេះ នឹងរៀបចំជាថ្មី នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ដោយមានការចូលរួមមកពីក្លិប និងសមាគមទូទាំងប្រទេសជាង ២០ ហើយគិតត្រឹមថ្ងៃនេះ មានអ្នកចុះឈ្មោះមកចូលរួមប្រកួតចំនួន ៣១៩ នាក់»។
លោកលម្អិតថា៖ «ការប្រកួតជើងឯកថ្នាក់ជាតិមានអត្តពលិកតែ ១៤ នាក់ប៉ុណ្ណោះ ដែលត្រូវប្រកួតគ្នាលើវិញ្ញាសាប្រណាំងកង់គួក ចម្ងាយ ១០៥ គីឡូម៉ែត្រ ដោយចេញពីព្រះអង្គចេកព្រះអង្គចម ក្បែព្រះរាជដំណាក់ ឆ្លងកាត់ក្នុងក្រុង និងវិញ្ញាសាប្រណាំងកង់ភ្នំចម្ងាយ ៤៣ គីឡូម៉ែត្រ ហើយក្រៅពីនេះ ជាការប្រកួតមហាជន។ ចំពោះការជ្រើសរើសទីតាំងប្រកួតនៅខេត្តសៀមរាបនេះ គឺដើម្បីអបអរសាទរជាមួយទិវាកីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំរបស់កម្ពុជា គឺទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ដែលធ្លាប់ទាក់ទាញបានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិជាង ១ ម៉ឺននាក់ កាលពីខែធ្នូ ឆ្នាំ ២០១៩»។
ចំណែកលោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ដែលជាអ្នកគ្រប់គ្រងទៅលើការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរបានថ្លែងថា៖ «ទិវារត់ប្រណាំងនេះ ល្បីល្បាញខ្លាំង គឺស្រូបទាញអ្នករត់បានច្រើនជាង ១ ម៊ឺននាក់ ប៉ុន្តែឆ្នាំ ២០២០ យើងខកខានច្រើនលើកច្រើនសា ដោយសារកូវីដ ១៩ អ៊ីចឹងការរៀបចំឡើងវិញចុងខែមករានេះ យើងមិនឱ្យអ្នកមកពីក្រៅប្រទេសចូលរួមទេ គឺយើងបើកទូលាយត្រឹមតែអ្នករត់ក្នុងស្រុកប៉ុណ្ណោះ ហើយការរៀបចំនឹងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល ដើម្បីការពារការរីករាលដាលជំងឺកូវីដ»។
ចំពោះគោលបំណងវិញលោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ទិវារត់ប្រណាំងអន្តរជាតិអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាធំ មានគោលបំណងធំក្នុងការបំផុសស្មារតីប្រជាជនឱ្យចូលរួមលេងកីឡា ដើម្បីសុខភាពមិត្តភាព សាមគ្គីភាព និងស្វែងរកថវិកាសប្បុរសធម៌ ដែលបានបរិច្ចាគថវិកាជាច្រើនម៉ឺនដុល្លារទៅដល់មន្ទីរពេទ្យ អង្គការសង្គមនានាកន្លងមក រាល់ឆ្នាំផងដែរ»។
នៅពេលសួរពីចំនួនអ្នកចូលរួម និងថាតើការប្រកួតនេះ អាចលើកពេលម្តងទៀត ឬយ៉ាងណា? លោក វ៉ាត់ ចំរើន បានឆ្លើយតបថា៖ «តាមស្ថិតិចាស់មានខ្ទង់ ១ ពាន់នាក់ ប៉ុន្តែបច្ចុប្បន្នកំពុងមានអ្នកចុះឈ្មោះបន្ថែម និងមានអ្នកខ្លះ គឺក្រុមគណៈកម្មការយើងផ្ទៀងផ្ទាត់ទៅបានដកខ្លួនចេញ ហេតុនេះចំនួនពិតប្រាកដនៅមិនទាន់កំណត់បានទេ តែយើងរក្សាចំនួនឱ្យនៅក្រោម ១ ពាន់នាក់។ ចំណែកការប្រែប្រួល ឬលើកពេល គឺបើមានករណីផ្ទុះកូវីដ ១៩ ឬមានការណែនាំពីក្រសួងជំនាញ ពិសេសក្រសួងសុខាភិបាលឱ្យផ្អាកភ្លាមៗនោះ គឺយើងនឹងអនុវត្តតាម ដោយគ្មានលក្ខខណ្ឌ»៕