ភ្នំពេញ៖ ក្រុម​ហ៊ុន CBS ​របស់ស្ថានីយទូរទស្សន៍ CNC, CTN និង MyTV បាន​ចាប់​ដៃ​ជាមួយ​​ក្រុម​ហ៊ុនស្រាបៀរ​កម្ពុជា ដើម្បី​បង្កើត​ឲ្យមាន​កម្ម​វិធី​ប្រកួត​ប្រដាល់​ថ្មីមួយ​ទៀត ឈ្មោះ​ថា «កម្ពុជាសង្វៀន​គុន​ខ្មែរ» ហើយ​ព្រឹត្តិការណ៍​ថ្មីនេះ ​មាន​រូបមន្ត​ប្រកួតប្លែក​គួរ​ឲ្យចាប់​អារម្មណ៍ ហើយ​អ្នក​ឈ្នះ​តំណែង​ជើង​ឯក បាន​ទទួល​​ទាំង​ប្រាក់​រង្វាន់ និង​ម៉ូតូ Zoomer X​ មួយ​គ្រឿង​ទៀត​ផង។

ទាក់​ទង​ទៅ​នឹងការ​ប្រកួតនេះ លោក ស៊ីថូ ណាថាន់ ប្រធាន​ក្រុម​ហ៊ុន CBS បាន​និយាយ ក្នុងសន្និសីទ​កាសែត កាល​ពី​ព្រឹក​ថ្ងៃសុក្រ​នេះ​​ថា៖​ «នេះជា​មោទនភាព​ថ្មីមួយ​ទៀត​របស់​ក្រុម​ហ៊ុន CBS ដែល​បាន​សហការ​គ្នា​ជាមួយ​ក្រុម​ហ៊ុនស្រា​បៀរ​កម្ពុជា ក្នុងការ​ផលិត​កម្មវិធី​ប្រដាល់​កម្ពុជាសង្វៀន​គុន​ខ្មែរ នេះ​ឡើង ហើយ​និតិ​វិធី​នៃ​ការ​រៀបចំ គឺ​មាន​ការ​ប្លែក និងមាន​ន័យ​​ទាំងសម្រាប់​​កីឡាករ និង​បងប្អូន​ទស្សនិក​ជន ដែល​ត្រូវតាម​ដាន»។

តាម​ខ្លឹម​សារ ដែល​ត្រូវ​បាន​ប្រកាស នៅ​ក្នុងសន្និសីទ​កាសែត នៅ​ស្ថានីយទូរទស្សន៍ CNC កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍ «កម្ពុជាសង្វៀន​គុន​ខ្មែរ» បាន​សម្រិត​សម្រាំង​កីឡាករ​កម្ពុជា​ស្ថិត​ក្នុង​កម្រិត B ចំនួន ​៨​នាក់ និង​កីឡាករ​បរទេស​ចំនួន ​៨ ​នាក់ ដើម្បី​ឲ្យ​​ប្រកួត​គ្នា។

​ចំពោះ​រូប​មន្ត​ប្រកួតវិញ ត្រូវបាន​លោក ស៊ីថូ ណាថាន់ ​រៀបរាប់ថា ​កីឡាករ​កម្ពុជា និងបរទេស ទាំង​ ​១៨ ​នាក់​នោះ ត្រូវ​បាន​ចែក​ការ​ប្រកួត​ជា ២ គ្រុប (Group) គឺ​គ្រុប​ទី ​១ មាន​កីឡាករ​ខ្មែរ ​៤ ​នាក់ និង​កីឡាករ​បរទេស ​៤ ​នាក់ ដែល​ត្រូវ​ប្រកួត​ជម្រុះ​ចាញ់ធ្លាក់ៗ ដើម្បី​រក​អ្នក​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ប្រចាំ​គ្រុប​នេះ ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ជាមួយ​អ្នក​បាន​លេខ​ ១ នៅ​គ្រុបទី​ ២ ដែល​មានការ​ប្រកួតជម្រុះ​ដូច​គ្នា ទៅ​នឹង​គ្រុប​ទី ​១ ​ដែរ។

ជាមួយគ្នា​នេះ អ្នក​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ១ ក្នុង​គ្រុប​នីមួយៗ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ៥០០​ ដុល្លារ និង​ម៉ូតូ Zoomer X មួយ​គ្រឿង ឯ​អ្នក​លេខ​ ២ ​បាន ​២០០០ ដុល្លារ លេខ​ ៣​ បាន​ ១៥០០ ដុល្លារ និងលេខ​ ៤ បាន ​១០០០ ដុល្លារ។ រីឯ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាង​អ្នក​លេខ​ ១​ គ្រុប​ទី​ ១ និងគ្រុប​ទី ​២ គឺ​អ្នក​ឈ្នះ​បាន​តំណែង​ជើង​ឯក​ជាម្ចាស់​ខ្សែ​ក្រវាត់ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ​៦០០០ ​ដុល្លារ​ទៀត ហើយ​អ្នក​ចាញ់​ បាន ​៣០០០ ដុល្លារ ផងដែរ។

ចំណែក​លោក វ៉ាន់ដាវីត ស៊ីធីគន្ធ ​អ្នក​គ្រប់​គ្រង​ម៉ាក​របស់​ស្រាបៀរ​កម្ពុជា ​បាន​ថ្លែង​ថា៖​«ស្រាបៀរ​កម្ពុជា ជា​ក្រុម​ហ៊ុន​​របស់​​​កូនខ្មែរ ១០០ ​ភាគ​រយ ដូច្នេះ​ហើយ​ទើបយើង​បានគាំ​ទ្រ និង​ឧបត្ថម្ភ​ទៅ​ក្នុង​កម្ម​វិធី​​ប្រកួតប្រដាល់ កម្ពុជា​សង្វៀន​គុន​ខ្មែរ នេះ ហើយយើង​​នឹង​នៅ​តែ​បន្ត​ជួយ​គាំ​ទ្រនៅ​ក្នុង​កម្ម​វិធីនេះ»។

ជាមួយ​គ្នានេះ លោក ឆឹង យ៉ៅយ៉េន អនុ​ប្រធាន​សហ​ព័ន្ធ​ប្រដាល់​គុនខ្មែរ បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​ការ​បង្កើត​មាន​ព្រឹត្តិការណ៍​ប្រដាល់​ថ្មីនេះ​ឡើង។ លោក​បាន​ថ្លែង​ថា៖​«​ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​ខាង​ស្រា​បៀរ​កម្ពុជា និង​ក្រុម​ហ៊ុន CBS ដែល​បានសហការ​ជាមួយ​សហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ ក្នុងការ​បង្កើត​ឲ្យមានព្រឹត្តិការណ៍​ប្រដាល់​នេះ​ឡើង ហើយ​​តាម​រយៈការ​ប្រកួតនេះ វា​បាន​ចូល​រួម​ជួយ​ជំរុញ​ និង​អភិរក្សលើ​វិស័យ​កីឡា​គុន​ខ្មែរ​នេះ ដើម្បីជា​ទិស​ដៅ​ ឆ្ពោះ​ទៅ​កាន់​ការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា»។

លោក បាន​បន្ថែម​ថា៖​«​ព្រឹត្តិការណ៍នេះ ក៏បានចូល​រួម​ជួយ​​លើកស្ទួយ​កម្រិតជីវភាព​គ្រួសារ​របស់​កីឡាករ និង​គណៈកម្មការ​បច្ចេក​ទេស របស់​យើង​​ផងដែរ ហេតុ​នេះ​សូម​ប្អូនៗជា​កីឡាករ ត្រូវ​ខំ​ប្រឹង​ប្រែង​ប្រកួតឲ្យ​អស់​ពី​សមត្ថ​ភាព ដើម្បី​បង្ហាញ​ឲ្យឃើញ​ពី​​ភាព​អស្ចារ្យ នៅ​ក្នុងការ​ប្រកួតនេះ ហើយ​គណៈ​កម្មការ​បច្ចេក​ទេសរបស់​យើង ត្រូវបំពេញ​ការងារ​ឲ្យបាន​សុក្រឹត យុត្តិធម៌ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត ដំណើរ​ការ​ទៅ​បានរលូន»។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍ «កម្ពុជាសង្វៀន​គុន​ខ្មែរ» ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នេះ នឹង​ចាប់​ដំណើរ​ការ​ប្រកួត នៅ​ព្រឹក​ម៉ោង​៨ រហូត​ដល់​ ម៉ោង​១០​ ​ថ្ងៃសៅរ៍ស្អែក​នេះ ដែល​ជា​ការ​ប្រកួត​ជម្រុះ​បើក​ឆាក​រវាង​កីឡាករ​កម្ពុជា និង​ថៃ ក្នុង​គ្រុប​ទី​១ ដោយ​ក្នុង​នោះ ឡូញ វ៉ាន់ឌី ត្រូវប៉ះ​​ថៃ Nakrub ហើយ អេលីត សាន់ ត្រូវ​ជួប​ថៃ Phitnam Ek។ ក្រៅ​ពី​​គូ​ខ្សែ​ក្រវាត់​នេះ ក៏​មានការ​ប្រកួត​គូអន្តរជាតិ​មិត្តភាព​រវាង បាង កាយ៉ាក និងកីឡាករ​អ៊ីរ៉ង់ Ghodratisraskan ក្នុង​ទម្ងន់​៥៧​គីឡូក្រាម ផងដែរ៕