ម៉ា្រឌីដ៖ ក្រុម Real Madrid រង​បរាជ័យ​យ៉ាង​អាម៉ាស់ ក្នុង​លទ្ធផល ៤-០ ក្រោម​ថ្វី​​ជើង​របស់​ក្រុម​ម្ចាស់​ផ្ទះ Valencia អំឡុង​ការ​ប្រកួត ក្របខ័ណ្ឌ La Liga កាល​ពី​ថ្ងៃ​អាទិត្យ​​ ដោយ​ក្នុង​នោះ​ខ្សែ​បម្រើ​ Carlos Soler ធ្វើ​បាន​ហ៊ែតទ្រីក (ស៊ុត ៣ គ្រាប់) ពី​ការ​​ស៊ុត​បាល់​ប៉េណាល់​ទី ៣ លើក​។

ក្រុម Real មាន​ឱកាស​នាំ​មុខ​ក្រុម​​ម្ចាស់​ផ្ទះ​ ដោយ Karim Benzema តែ​ការ​ផ្ដល់​កាដូ ៤ លើក​ឱ្យ​ក្រុម Valencia សម្រាប់​ការ​ប្រកួត​នៅ​កីឡដ្ឋាន Mestalla ​ដូច​ជា​ការ​ពិន័យ​ទាត់បាល់ ១១ ម៉ែត្រ ដល់​ទៅ ៣ ​លើក និង​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​ពី Raphael Varane ១ គ្រាប់ គ្រប់​គ្រាន់​បន្ថែម​ការ​ចាញ់​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ដល់​ក្រុម​ជើងឯក​ចាស់​។

គ្រូ​បង្វឹក​របស់​ក្រុម Real ​លោក​ Zinedine Zidane បាន​និយាយ​ថា​៖ «​គ្មាន​ការ​ពន្យល់​ហេតុផល​ និង​លេស​អ្វី​ទាំង​អស់​។ វា​ជា​ការ​ប្រកួត​ដ៏​អាក្រក់ និង​ថ្ងៃ​ដ៏​អាក្រក់​»​។​

នេះ​ជា​លើក​ទី១ ដែល​ក្រុម​អធិរាជ​ស របូត​​ដល់​ទៅ ៤ គ្រាប់ គិត​តាំង​ពី​ត្រូវ​ក្រុម​គូ​ប្រជែង​ស្លាប់​រស់ Barcelona ស៊ុត​ស្ពឹក​មុខ ៥ គ្រាប់ កាល​ពី​ខែ​តុលា ឆ្នាំ ​២០១៨ ហើយ​វា​​ក៏​ជា​ការ​រាំង​ស្ទះ​នូវ​ទម្រង់​ប្រសើរ​ឡើង​វិញ​របស់​ពួក​គេ​ ក្រោយ​ការ​ចាប់​ផ្ដើម​រាង​ទ្រេត​ទ្រោត នា​ដើម​រដូវកាល​នេះ​។

ក្រោយ​ប្រកួត​ចាញ់​ជាប់ៗ​គ្នា ដោយសារ​ Cadiz និង Shakhtar Donestsk កាល​ពី​ខែ​មុន ក្រុម​របស់​លោក Zidane ហាក់​ដូច​ជា​ល្អ​ឡើង​វិញ ១ កម្រិត ដោយ​ការ​យក​ឈ្នះ​ទាំង​ប្រកួត​ក្នុង​ស្រុក និង​តំបន់​អឺរ៉ុប លើ​ក្រុម Barca, Huesca និង Inter Milan​។

តែ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​មាន​​សម្ពាធ​​ម្ដង​ទៀត​លើ​ក្រុម​​ មុន​​សម្រាក​ប្រកួត​អន្តរជាតិ​របស់​ក្រុម​ជម្រើស​ជាតិ ដោយ​ឥឡូវ​នេះ Real នៅ​លេខ ៤ ក្នុង​តារាង​ពិន្ទុ​របស់​ La Liga ជាមួយ​នឹង​ ១៦ ពិន្ទុ ពោល ​គឺ​តាម​ពី​ក្រោយ​ក្រុម​ទី​កំពូល Real Sociedad ៤ ពិន្ទុ​។

នៅ​មាន​បញ្ហា ១ ទៀត ដែល​ធ្វើ​ឱ្យ​លោក Zidane ​មាន​អារម្មណ៍​​មិន​ស្រួល ប្រហែល​​នឹង​បរាជ័យ​នេះ​ដែរ នោះ​គឺ ​Benzema ​របួស​ក្រលៀន ដែល​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​បាត់​មុខ​នៅ​ប្រកួត​ក្រោយ ដោយ​លោក​បាន​ប្រាប់​ខ្លី​ៗ​ថា​៖ «​គ្រប់​យ៉ាង ​បាន​កើត​ឡើង​ចំពោះ​ក្រុម​យើង​»​៕ AFP/VN