ភ្នំពេញ: សមាជិកក្រុមលីកកំពូលកម្ពុជាភ្នំពេញក្រោននឹងត្រូវធ្វើការប្រកួតមិត្តភាពជាមួយក្រុមខ្លាំងនៃលីកកំពូលរបស់ថៃ Buriram United នៅរសៀលម៉ោង ៤ ថ្ងៃព្រហស្បតិ៍នេះដើម្បីពង្រឹងគុណភាពលេងរបស់ក្រុមឲ្យបានល្អ ខណៈគ្រូបង្វឹកលោក Leonardo Victorino បានមើលឃើញថាភ្នំពេញក្រោន ត្រូវកែតម្រូវបន្ថែមទៅលើតំបន់កណ្តាល និងតំបន់ប្រយុទ្ធ។
បើទោះបីជាភ្នំពេញក្រោនបានធ្លាក់ចេញពី Leo Pre-Season Cup 2019 ត្រឹមវគ្គ ៨ ក្រុមចុងក្រោយព្រោះបានចាញ់ក្រុមលីកកំពូលរបស់ថៃ Nakhon Ratchasima FC ៤-០ កាលពីថ្ងៃសៅរ៍ ប៉ុន្តែសម្រាប់ការប្រកួតមិត្តភាពជាមួយក្រុម Army Regional 2 កាលពីថ្ងៃចន្ទភ្នំពេញក្រោនបានយកឈ្នះ ៣-២។
ចំណែកការប្រកួតមិត្តភាពជាមួយក្រុម Buriram នៅថ្ងៃនេះវាបានក្លាយជាការប្រកួតដកស្រង់បច្ចេកទេសយ៉ាងសំខាន់ ដើម្បីបំពេញនូវចន្លោះខ្វះខាតរបស់ភ្នំពេញក្រោនព្រោះលោក Leonardo Victorino បានចាត់ទុកការបោះជំរំ និងប្រកួតមិត្តភាពនៅថៃរយៈពេល ២ សប្តាហ៍នេះជាពេលវេលាដ៏សំខាន់ ដើម្បីរៀបចំពង្រឹងគុណភាពលេងរបស់ក្រុមឲ្យបានល្អសម្រាប់ត្រៀមការប្រកួតលីកកំពូលកម្ពុជាឆ្នាំ ២០១៩។
គ្រូបង្វឹកក្រុមភ្នំពេញក្រោនលោក Leonardo បានថ្លែងថា៖ «វាជាលើកទី ១ ហើយដែលកីឡាករយើងទាំងអស់លេងជុំគ្នា ហើយតាមរយៈការប្រកួតជាមួយនឹង Nakhon Ratchasima គឺអ្វីដែលយើងត្រូវកែតម្រូវបន្ថែមទៀតនោះ គឺនៅតំបន់កណ្តាល និងតំបន់ប្រយុទ្ធដែលត្រូវធ្វើការជាមួយគ្នាឲ្យបានល្អ ដើម្បីរកគ្រាប់បាល់ឲ្យបានទៅតាមលទ្ធភាពដែលអាចយើងបាន»។
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិរូបនេះបានបន្ថែមថា៖ «រាល់ការប្រកួតនៅក្នុងការបោះជំរំនេះ វាពិតជាសំខាន់ណាស់សម្រាប់កីឡាកររបស់យើង ដើម្បីឲ្យពួកគេមានគុណភាពនៃការលេងលើទីលាន ព្រោះពួកយើងស្ថិតក្នុងដំណាក់កាលនៃការរៀបចំក្រុមមួយដែលថ្មី ដូច្នេះយើងត្រូវការពេលវេលាបន្ថែមទៀត។ ខ្ញុំគិតថាការប្រកួតមិត្តភាពទាំងនេះនឹងធ្វើឲ្យកីឡាកររបស់យើងលេងកាន់តែយល់ចិត្តគ្នា ហើយខ្ញុំក៏សង្ឃឹមថាយើងនឹងត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតលីកកំពូលកម្ពុជាឆ្នាំ ២០១៩ នេះ»។
ចំណែក កែវ សុខង៉ន ជាអ្នកការទូទៅក្រុមភ្នំពេញក្រោនបានប្រាប់ភ្នំពេញប៉ុស្តិ៍ តាមហ្វេសប៊ុកថានៅក្រោយការប្រកួតជាមួយក្រុម Buriram United នៅថ្ងៃព្រហស្បតិ៍នេះភ្នំពេញក្រោននឹងចេញពី Buriram ត្រឡប់មកទីក្រុងបាងកកវិញ ដើម្បីប្រកួតមិត្តភាពជាមួយក្រុម Muangthong United និងក្រុមមួយចំនួនទៀត។
អតីតកីឡាករជម្រើសជាតិកម្ពុជា កែវ សុខង៉ន បានចាត់ទុកការជួបក្រុម Buriram ជាការប្រកួតដកស្រង់បច្ចេកទេសយ៉ាងសំខាន់។ សុខង៉ន បាននិយាយថា៖ «តាមរយៈការប្រកួតកន្លងមកនេះគឺយើងសប្បាយចិត្តដែលបានមើលឃើញពីការខ្វះខាត និងចន្លោះប្រហោងរបស់យើង ហើយការជួបក្រុម Buriram លើកនេះនឹងធ្វើឲ្យយើងបានឃើញកាន់តែច្បាស់ពីគុណភាពលេងរបស់យើង ដើម្បីយើងឈានទៅការរកកីឡាករជម្រើស ១១ នាក់ដំបូងដែលលេងបានល្អ និងលេងស៊ីចង្វាក់គ្នាព្រមទាំងបានដឹងពីគុណភាពកីឡាករនីមួយៗថាគាត់លេងគួរលេងនៅទីតាំងណាទើបបានល្អ»៕