ភ្នំពេញ: ក្លិប​បាល់ទាត់​ភ្នំពេញក្រោន កាលពី​ថ្ងៃ​ចន្ទ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ដើម្បី​ជំទាស់​ទៅ​នឹង​កីឡាករ​របស់​ខ្លួន​ចំនួន ៥ នាក់ ដែល​ក្លិប​វិសាខា ទើប​បាន​ប្រកាស និង​បង្ហាញ​មុខ​ថា ជា​សមាជិក​ថ្មី កាល​ពី​យប់​ថ្ងៃ​អាទិត្យ។ ភ្នំពេញ​ក្រោន បាន​ចាត់​ទុក​ការ​ចាក​ចេញ​របស់​កីឡាករ​ទាំង ៥ នាក់​នោះ គឺ​ធ្វើ​ឡើង​ដោយ​គ្មាន​ការ​ពិភាក្សា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន និង​គ្មាន​ការ​បង់​ថ្លៃ​សំណង​នៃ​ការ​ខិតខំ​បណ្តុះ​បណ្តាល​ដល់​ក្លិប អ្វី​ទាំង​អស់។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដ៏​វែង​អន្លាយ​នោះ ក្លិប​ភ្នំពេញក្រោ​ន បាន​រាប់រៀប​លើ​ការ​ខិតខំ​បណ្តុះ​យុវជន​ថ្នាល និង​ការ​ចំណាយ​ផ្សេង​ទៅ​លើ​កីឡាករ ស៊ិន កក្កដា, អ៊ិន សុដាវីត, អ៊ុក សុវណ្ណ, គឹម ឆៃយ៉ា និង កែន ចាន់សុភ័ក្ដ ដែល​ទើប​ទៅ​រួម​រស់​ជាមួយ​ក្លិប​វិសាខា គឺ​ក្នុង​រយៈពេល​បណ្តុះ​បណ្តាល​ជាង ៥ ឆ្នាំ​នេះ ភ្នំពេញ​ក្រោន បាន​ចំណាយ​ទៅ​លើ​ពួកគេ​ទាំង​ការ​បង់ ថ្លៃ សាលារៀន ការ​ស្នាក់​នៅ ការ ហូប​ចុក ការ​ហ្វឹកហាត់ សំបុត្រ​យន្តហោះ​ធ្វើ​ដំណើរ​ក្នុង​ពេល​បោះ​ជំរំ​ហ្វឹកហាត់​នានា ក៏​ដូចជា​ការ​ប្រកួត​អន្តរជាតិ​ផ្សេងៗ រួមទាំង​សេវា​សុខភាព​ផង​ដែរ។

«កីឡាករ​ទាំង ៥ នាក់​នេះ បាន​ចូល​ហ្វឹកហាត់​នៅ​សាលា​បណ្តុះ​បណ្តាល​បាល់​ទាត់​ភ្នំពេញ​ក្រោន​កាល​ពី​ឆ្នាំ ២០១១ និង​ឆ្នាំ ២០១៣ ដោយ​មាន​អាណា​ព្យាបាល​បាន​ចុះ​កិច្ចសន្យា​ទាក់ទង​ទៅ​នឹង​ការ​ទទួល​ស្គាល់​តម្លៃ​សំណង លើ​ការ​បណ្តុះ​បណ្តាល ផង​ដែរ។ ជាង នេះ​ទៅ​ទៀត ក្រោយ​មក​ក្លិប​ក៏​បាន​ផ្តល់​កិច្ចសន្យា​ថ្មី លើស ទៅ​នឹង​តម្លៃ​ពលកម្ម លើ​កិច្ចសន្យា​ចាស់ នៅ​ពេល​ដែល​ក្លិប​បាន​ផ្តល់​ជូន​កីឡាករ​ទាំង ៥ នាក់ ក្នុង​ការ​ឡើង​ទៅ​លេង​ក្នុង​ក្រុម​ធំ ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​ចរចា​របស់​សហព័ន្ធ​បាល់ទាត់​ពិភពលោក​ហ្វីហ្វា (FIFA)»។

សេចក្តីថ្លែងការណ៍​ដដែល នេះ​បាន​បន្តថា៖ «ប៉ុន្តែ​ក្រោយ​រដូវ​កាល​ឆ្នាំ ២០១៨ បាន​បញ្ចប់​ភ្លាម ពួកគេ​បាន​សម្រេច​ចិត្ត​ចាក​ចេញ ដោយ​មិន​មាន​ការ​ពិភាក្សា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន រួម​ទាំង​ដោយ​មិន​មាន​ការ​បង់​ថ្លៃ​លើ​សំណង​អភិវឌ្ឍន៍​សម្រាប់​ក្លិប​ភ្នំពេញ​ក្រោន ដែល​ធ្លាប់​បាន​ចំណាយ​ធនធាន​ទៅ​លើ​ពួកគេ ស្រប​ទៅ​តាម​លក្ខខណ្ឌ​ព្រម​ព្រៀង ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​គូភាគី​កន្លង​មក​នោះ​ឡើយ»។

ជាមួយគ្នានេះ ក្លិប​ភ្នំពេញក្រោ​ន បាន​អះអាងថា បានដាក់​លិខិត​ជូនទៅ​គណៈ​កម្មការ​ជាតិ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​កម្ពុជា និង​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ជុំវិញ​បញ្ហា​នេះ​ផង​ដែរ ដោយ​ភ្ជាប់​ជាមួយ​ច្បាប់​លក្ខខណ្ឌ​នៃ​សំណង​ការ​អភិវឌ្ឍ រួម​ទាំង​ឯកសារ​យោង​ផ្សេងៗ​ទៀត អម​ដោយ​កិច្ចសន្យា​របស់​កីឡាករ​ទាំង ៥ នាក់ និង​អាណា​ព្យាបាល​របស់​ពួកគេ​ផង​ដែរ។

បន្ថែម​លើ​នេះ ភ្នំពេញ​ក្រោ​ន បានចាត់ទុក ស្ថានភាព​បែបនេះ​ថា ជា​ក្តីបារម្ភ១ និង​ជា​ផល​វិបាក​របស់​វិស័យ​បាល់ទាត់​កម្ពុជា ដោយ​ហេតុថា ប្រសិន​បើ​កីឡាករ ដែល​ទទួល​ការ​បណ្តុះ​បណ្តាល​ដោយ​ក្លិប ប៉ុន្តែ​បែរ​ជា​ចាក​ចេញ​ដោយ​មិន​មាន​សំណង​អភិវឌ្ឍន៍​អ្វី​សោះ​បែប​នេះ វា​គឺ​ជា​សញ្ញា​នៃ​ការ​ដើរ​ថយ​ក្រោយ​នៃ​ដំណើរការ​អភិវឌ្ឍ​បាល់ទាត់ ព្រោះ​នា​ពេល​អនាគត​អាច​នឹង​មិន​មាន​ក្លិប​បាល់ទាត់​ណាមួយ​ហ៊ាន​ចំណាយ​ធនធាន​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល​ទៀត​ឡើយ ព្រោះ អាច​នឹង​ជួប​ប្រទះ​ផលវិបាក​ដូច អ្វី​ដែល​ភ្នំពេញ​ក្រោន​កំពុង​ទទួល​រង។

នៅពេលនេះ​ក្លិប​កំពុង​រង់ចាំ​ដំណោះស្រាយ​ពី​សហព័ន្ធ តែបើ​គ្មាន​ដំណោះស្រាយ​លើ​ការ​បង់​សំណង​ពី​ក្លិប​វិសាខា​ទេ​នោះ ពួកគេ​នឹង​ដក​ខ្លួន។

«ក្លិប​នឹង​មិន​ចេញ​លិខិត​អនុញ្ញាត​សម្រាប់​កីឡាករ​ណា​ម្នាក់​ដែល​ស្ថិត​ក្នុង​គម្រោង​នៃ​ការ​បណ្តុះ​បណ្តាល​ថ្នាល​របស់​ភ្នំពេញ​ក្រោន​ទៅ​កាន់​ក្លិប​ដទៃដោយ​មិនមាន​តម្លៃ​សំណង​អភិវឌ្ឍន៍​នោះ​ឡើយ ហើយ​ប្រសិន​បើ​បញ្ហា​នេះ មិន​ត្រូវ​បាន​ដោះ​ស្រាយ ដោយ​សម​ស្រប​ទេ ក្លិប​ភ្នំពេញ​ក្រោន នឹង​បញ្ឈប់​សកម្មភាព​អភិវឌ្ឍន៍​បាល់​ទាត់​ថ្នាល​ទាំង​អស់ ហើយ​នឹង​ប្រកាស​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​លីក​កំពូល​កម្ពុជា ឬ​មិត្តហ្វូន​ខេមបូឌាន​លីក​ផង​ដែរ»។

សមាស​ភាពថ្នាក់​ដឹកនាំ និង​កីឡាករ​របស់​ក្លិប​វិសាខាបាន​ថតជុំ​គ្នាក្នុងសន្និសីទ​។ សហការី

ការបញ្ជាក់​ជំហរ​នេះ ត្រូវបាន​ក្លិប​ភ្នំពេញ​ក្រោ​ន​បន្ថែមថា ដើម្បី​ការពារ​បេសកកម្ម​អភិវឌ្ឍន៍​បាល់​ទាត់​ថ្នាល និង​ជំរុញ​ឲ្យ​ក្លិប​បាល់ទាត់​ផ្សេងៗ​ទៀត អនុវត្ត​ការ​បណ្តុះ​បណ្តាល​ថ្នាល​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​លីក​កាន់​តែ​ខ្លាំងក្លា នាពេល​អនាគត ព្រម​ទាំង​រួម​ចំណែក​កសាង និង​ពង្រឹង​ធនធាន​កីឡាករ​កម្ពុជា​ថែម​ទៀត​ផង។

ជុំវិញ​សេចក្តីថ្លែងការណ៍​របស់​ក្លិប​ភ្នំពេញ​ក្រោ​ន​នេះ លោក ហុក សុចិត្រា អ្នក​ចាត់ការ​ទូទៅ​ក្លិប​បាល់​ទាត់​វិសាខា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ «កីឡាករ​ទាំង​អស់ ដែល​មក​ខ្ញុំ គឺ​ពួក​គាត់​បាន​កាន់​កុងត្រា​បញ្ចប់​ការ​លេង​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន មក​ជួប​ខ្ញុំ ទើប​ខ្ញុំ​ទទួល​យក​ពួកគាត់ ហើយ​ឯកសារ​ទាំង​អស់​នោះ​បាន​ទៅ​ដល់​សហព័ន្ធ​ហើយ អ៊ីចឹង​យើង​រង់ចាំ​ការ​ដោះស្រាយ និង​សម្រប​សម្រួល​ពី​សហព័ន្ធ ដោយសារ​សហព័ន្ធ មាន​ច្បាប់​ជុំវិញ​ការ​ដោះដូរ​កីឡាករ ក្នុង​ការ​ប្រកួត​លីក​កំពូល​កម្ពុជា​នេះ»។

គួរ​បញ្ជាក់ថា នៅក្នុង​សន្និសីទកាសែត នៅ​សណ្ឋាគារ ហួង សាន កាលពី​ថ្ងៃ​អាទិត្យ ក្លិប​វិសាខា​បាន​ប្រកាស និង​បង្ហាញ​សមាជិក​ថ្មី​ចំនួន ១២ នាក់ ដើម្បី​ត្រៀម​ការ​ប្រកួត​លីក​កំពូល​កម្ពុជា និង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន រដូវកាល​ថ្មី ឆ្នាំ ២០១៩ ហើយ​កីឡាករ​ទាំង​នោះ​មាន ស៊ិន កក្កដា ខ្សែ​ប្រយុទ្ធ អ៊ិន សុដាវីត ខ្សែ​ការពារ អ៊ុក សុវណ្ណ ខ្សែ​ការពារ គឹម ឆៃយ៉ា ខ្សែ​ការពារ កែន ចាន់​សុភ័ក្ដ ដែល​ពួកគេ​ជា​អតីត​កីឡាករ​របស់​ក្លិប​ភ្នំពេញ​ក្រោន។

ចំណែក​កីឡាករ ៧ នាក់​ទៀត​មាន​ខ្សែបម្រើ​ប្រយុទ្ធ សារី ម៉ាត់​ណូរ៉ូទីន និង​ខ្សែ​ការពារ ឆេង ម៉េង ដែល​ធ្លាប់​លេង​ឲ្យ​ក្លិប​ណាហ្គាវើល រួម​ទាំង​ខ្សែ​ការពារ ផុន តៃនិញ ខ្សែ​បម្រើ ឡុង ម៉េង​ហាវ ខ្សែបម្រើ ទូច គឹម​ឆាយ ខ្សែ​ប្រយុទ្ធ ទៀត គឹម​ហេង និង​អ្នក​ចាំទី គង់ ពីលុត ដែល​ពួកគេ​ជា​អតីត​កីឡាករ​ធ្លាប់​ហ្វឹកហាត់​រួមគ្នា​នៅ​មជ្ឈមណ្ឌល និង​សាលា បាល់​ទាត់​ជាតិ​បាទី របស់​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា។

បន្ថែម​ទៅលើ​ការបង្ហាញ​សមាជិក​ថ្មី​ទាំង ១២ នាក់ ដែល​ត្រូវបាន​ធ្វើឡើង ក្រោម​អធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក ស ខេង ឧបនាយក​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ រួម​ទាំង​ថ្នាក់​ដឹកនាំ​ជាច្រើន​រូប​ទៀត កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ លោក ស សុខា ដែល​ជា​កូន​ប្រុស​របស់​លោក ស ខេង ក៏បាន​ប្រកាស​ពី​ការ​តែង​តែង​ភរិយា​របស់​លោក​គឺ​លោក​ជំទាវ កែ សួន​សុភី ឲ្យ​ឡើង​ធ្វើ​ជា​ប្រធាន​ក្លិប​បាល់​ទាត់​វិសាខា ជំនួស​រូប​លោក​ផង​ដែរ។

ទាក់ទង​ទៅនឹង​ការប្រកាស​ផ្ទេរ តំណែង​ប្រធាន​ក្លិប​ទៅ​ឲ្យ​ភរិយា​នេះ លោក ស សុខា ដែល​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ផង​នោះ បាន​ប្រាប់​ពី​មូល​ហេតុ​ថា ដោយសារ​លោក​មាន​ភារកិច្ច​មមាញឹក​ច្រើន​ក្នុង​ការងារ​រួម​ចំណែក​អភិវឌ្ឍន៍​សង្គម​ជាតិ ទើប​លោក​ពុំមាន​ពេលវេលា​គ្រប់គ្រាន់ ក្នុង​ការ​ដឹកនាំ​ក្លិប ប៉ុន្ដែ​លោក ស សុខា បាន​សន្យា​នឹង​ឆ្លៀត​ពេល​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ថ្នាក់​ដឹកនាំ​ក្លិប និង​ក្រុម​ការងារ​ជានិច្ច ដើម្បី​លើក​ទឹកចិត្ត និង​បន្ដ​ជំរុញ​ការ​អភិវឌ្ឍ​ក្លិប​វិសាខា​ឲ្យ​មាន​ការ​រីក​ចម្រើន​ជា​និរន្ដរ៍៕