ភ្នំពេញ៖ ​ការ​ផ្តល់​ពិន្ទុ​ឈ្នះ​ចាញ់​ក្នុង​ការ​ប្រកួត​ប្រដាល់​គុន​ខ្មែរ​មួយរយៈ​ចុង​ក្រោយ​នេះ​ ហាក់​បី​ដូច​វិល​ទៅ​រក​ភាព​មិន​ប្រក្រតី​ញឹកញាប់​ ធ្វើ​ឲ្យ​មាន​ការ​​រិះគន់​ពី​មហាជន ព្រោះ​លទ្ធផល​ខ្លះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ អយុត្តិធម៌​ចំពោះ​កីឡាករ​ខ្លះ​ ប៉ុន្តែ​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ដែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​​បាន​ឆ្លើយ​ដាក់​គ្នា​ នៅ​ពេល​មាន​បញ្ហា​រិះ​គន់​ម្តងៗ។​

ជាក់​ស្តែង​ការ​សម្រេច​ឲ្យ ផាន់ ​រះ មក​ពី​ក្លិប​​តាព្រហ្ម​មាន​ជ័យ​របស់ ​លោក ​មាស ​សុខ​គ្រី ឈ្នះ​ពិន្ទុ រិន សារ័ត្ន ​​នៅ​សង្វៀន​ CNC កាល​ពី​​ថ្ងៃ​សៅរ៍ ​នាំ​ឲ្យ​មហាជន​ខក​ចិត្ត និង​​រិះគន់​ខ្លាំង ដោយសារ​ជង្គង់​របស់ ​សារ័ត្ន ​មាន​ប្រៀប​ជាង តែ​បែ​ជា​ឲ្យ​ចាញ់​ ផាន់ រះ​។

អ្នកស្រី​ Ma Chhanun ​អ្នក​មើល​ថែ​ទាំ​កីឡាករ ​រិន ​សារ័ត្ន ​ប្រាប់​ភ្នំពេញ​ ប៉ុស្តិ៍ ​ថា​៖ ​«ខ្ញុំ​មើល​ឃើញ​ រិន ​សារ័ត្ន ​ឈ្នះ​ដាច់ ហើយ​ហោច​ណាស់​ក៏​បាន​ស្មើ​ដែរ ​ប៉ុន្តែ​លទ្ធផល​ចេញ​មក​ឲ្យ​ចាញ់​។ ​ខ្ញុំ​មិន​តវ៉ា​ទេ​ ​ព្រោះ​អង្ករ​ក្លាយ​ជា​បាយ​ទៅ​ហើយ​ ប៉ុន្តែ​​ការ​ធ្វើ​បែប​នេះ នាំ​ឲ្យ​ក្មេង​វា​ខូច​ចិត្ត​ ហើយ​បើ​យ៉ាង​ហ្នឹង ​តើ​ពេល​ប្រកួត​​ស៊ី​ហ្គេម​ ​វ៉ៃ​ម៉េច​ឈ្នះ​គេ​ទៅ​?»​។

ជុំវិញ​បញ្ហា​នេះ លោក​ និន​ វណ្ណដា​ មន្ត្រី​ជំនាញ​ ដែល​ទទួល​ខុស​ត្រូវ​ជា​អនុ​ប្រធាន​វិនិច្ឆ័យ ​មាន​ភាព​ស្ទាក់​ស្ទើរ​ក្នុង​ការ​ឆ្លើយ​​នឹង​​សកម្មភាព​ផ្តល់​ពិន្ទុ​​នោះ​។ ​ទោះ​ជា​យ៉ាង​ណា​ បាន​ត្អូញ​ត្អែរ​ថា​៖ «​ខ្ញុំ​ទទួល​រង​នូវ​ការ​រិះគន់​ពី​ច្រើន​ផ្នែក ​ដូច​ជា​ខាង​មហាជន ​ក្លិប និង​ខាង​កីឡាករ​ ឬ​គ្រូ​បង្វឹក​ ក្រោយ​​ប្រកាស​លទ្ធផល​ម្តង​ៗ ​ប៉ុន្តែ​មិន​ដឹង​ធ្វើ​ដូច​ម្តេច​ បើ​លទ្ធផល​ឈ្នះ ​មាន​តែ​ម្ខាង​ប៉ុណ្ណោះ​»។

លោក​បន្ថែម​ថា៖ ​«មួយ​រយៈ​នេះ​ ការ​ប្រ​កាស​លទ្ធផល​ភាគ​ច្រើន​ខាង​ខ្ញុំ ​មិន​កែ​លទ្ធផល​ ដែល​បាន​មក​ពី​ចៅក្រម​ទាំង ​៥ ​នោះ​ទេ​ ហេតុ​នេះ​ខុស ​ឬ​ត្រូវ​ នៅ​ពេល​មាន​ការ​តវ៉ា ​គឺ​ចៅក្រម​ផ្ទាល់​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ឬ​ជាប់​ពិន័យ​ទៅ​។ ខ្ញុំ​អនុវត្ត​តាម​ច្បាប់​ មិន​ដែល​ធ្វេស​ប្រហែស​ ឬ​ខុស​ច្បាប់​ទេ​ ប៉ុន្តែ​មន្ត្រី​ខ្លះ ​ក៏​នៅ​មិន​ទាន់​បាន​ល្អ​​ ហើយ​យើង​ទទួល​ខុស​ត្រូវ​ តាម​តួនាទី​ អ្នក​ណា​ធ្វើ​ខុស​ ទទួល​ខ្លួន​ឯង ​គឺ​មិន​អាច​បូក​សរុប​ចូល​គ្នា​ជា​រួម​បាន​ទេ»​។​

ចំណែក​ លោក​ ហួត​ សេងទ្រី ​មន្ត្រី​ជំនាញ​ និង​ជា​ប្រធាន​វិនិច្ឆ័យ​នៅ ​CNC​ ពិសេស​អ្នក​វិនិច្ឆ័យ​លើ​គូ​ប្រកួត ​រិន ​សារ័ត្ន​ ចាញ់​ ផាន់ ​រះ ​​ប្រាប់​ថា​៖ «​ក្នុង​នាម​ប្រធាន​វិនិច្ឆ័យ ​គឺ​សម្រេច​តាម​លទ្ធផល​ពី​ចៅក្រម​ ដោយ​មិន​ហ៊ាន​កែ​ប្រែ​នោះ​ទេ​។​ តាម​ពិត​គូ​នេះ​ ប្រហាក់​ប្រហែល​គ្នា​ដែរ ​គឺ​ចាញ់ ​ឬ​ឈ្នះ​មិន​ដាច់ ​ហើយ​​ចៅក្រម​ទាំង ​៥​ ​គាត់​ឲ្យ ​ផាន់ ​រះ ​ឈ្នះ​ រិន សារ័ត្ន ៣​-​២ ​អ៊ីចឹង​​យើង​សម្រេច​តាម​ចៅក្រម»​។​

លោក​បន្ត​ថា៖ ​«តាម​បច្ចេកទេស​ក្នុង​ការ​វិនិច្ឆ័យ ​ដែល​យើង​កំពុង​អនុវត្ត ​គឺ​បាន​ប្រគល់​សិទ្ធិ​ពេញ​លេញ​ ដល់​ចៅក្រម​ ហេតុ​នេះ​ប្រធាន​វិនិច្ឆ័យ​​ពិនិត្យ​មើល​តែ​ករណី​ណា​ចៅក្រម​ឲ្យ​ពិន្ទុ​ផ្ទុយ​ ពី​សកម្មភាព​ប្រកួត​ពិត​ គឺ​មើល​ឃើញ​ឈ្នះ​ឲ្យ​ចាញ់​ ដោយ​​ប្រធាន​វិនិច្ឆ័យ​ សុំ​ពិភាក្សា​ជាមួយ​ស្នងការ​ប្រកួត ​ដើម្បី​មាន​សិទ្ធិ​កែ​ប្រែ​លទ្ធផល​របស់​ចៅក្រម​បាន ​ប៉ុន្តែ​​បើ​មិន​ធ្ងន់ ​ឬ​ចាំបាច់​ទេ ​គឺ​យក​តាម​ចៅក្រម​តែ​ម្តង»​។​

ជាមួយ​គ្នា​នេះ លោក ​តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធ​កីឡាប្រ​ដាល់​គុន​ខ្មែរ​​បាន​ថ្លែង​ថា​៖ ​«ថ្ងៃ​នោះ​ ខ្ញុំ​មិន​បាន​ចូលរួម​ទេ​ ជាប់​ទៅ​ខេត្ត​ត្បូង​ឃ្មុំ​។​ ទោះ​លទ្ធផល​បែប​ណា​ យើង​ទទួល​យក​នូវ​ការ​រិះគន់​ ដើម្បី​កែ​លម្អ ​ហើយ​មន្រ្តី​សហព័ន្ធ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ មិន​មែន​ខាង​ប៉ុស្តិ៍ ​ដែល​ជា​ម្ចាស់​កម្មវិធី​នោះ​ទេ​។ ​ចំពោះ​រឿង​នេះ ​ខ្ញុំ​បាន​ឲ្យ​គេ​យក​វីដេអូ​នោះ​ មើល​ឡើង​វិញ ​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ភាព​មិន​ប្រក្រតី ​​ហើយ​យើង​នៅ​តែ​បន្ត​អប់រំ​ណែនាំ ​ប៉ុន្តែ​មួយ​រយៈ​នេះ​ មន្ត្រី​របស់​យើង​ធ្វើ​ការ​បាន​ល្អ​ប្រសើរ​ជាង​មុន​ហើយ»​៕​