ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ក្រសួងអប់រំ យុវជន និងកីឡា លើកទី៣ ឆ្នាំ ២០២១ នឹងធ្វើពិធីបើកនៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក នាថ្ងៃទី ២០ ខែកុម្ភៈ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី ១ ខែ ឧសភា ឆ្នាំ ២០២១ ហើយនេះជាការចាប់ផ្តើមឱ្យមានការប្រកួតជាថ្មីវិញ បន្ទាប់ពីពានរង្វាន់មួយនេះ បានផ្អាកការប្រកួត កាលពីឆ្នាំ ២០២០ ដោយសារវិបត្តិជំងឺកូវីដ ១៩។
ទាក់ទងការប្រកួតនេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡារបស់ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ថា៖ «នេះជាការប្រកួត ក្រៅអាជីពដែលមានគោលដៅអប់រំសុខភាព និងដើម្បីរឹតចំណងមិត្តភាពសហប្រតិបត្តិការ និងការទំនាក់ទំនងរវាងមន្ត្រីក្រោមចំណុះក្រសួងអប់រំ យុវជន និងកីឡា។ ចំណែកការចំណាយវិញ គឺជាការចូលរួមបង់វិភាគទានរបស់ក្រុម ដែលបានចុះឈ្មោះប្រកួត ហើយមិនសម្រួចទៅលើប្រាក់រង្វាន់ ឬចំណាត់ថ្នាក់ជាចម្បងនោះឡើយ គឺសុខភាព និងមិត្តភាព»។
ចំណែកលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា បានឱ្យដឹងថា៖ «ការប្រកួតឆ្នាំនេះ មានក្រុមចូលរួមចំនួន ៣៣ មកពីអង្គភាពចំណុះទីស្ដីការក្រសួងចំនួន ៨ និងមន្ទីរអប់រំយុវជន និងកីឡា មកពីរាជធានីភ្នំពេញ និងខេត្តទាំងទាំង ២៥ ព្រមទាំងអង្គភាពនីមួយៗដោយមានអគ្គនាយកដ្ឋាន និងក្រសួងចំនួន ៨ ក្រុមទៀត ហើយកីឡាករដែលមានសិទ្ធិចូលរួមប្រកួត គឺជាមន្ត្រីរាជការពេញសិទ្ធិក្នុងក្របខ័ណ្ឌ»។
ចំពោះក្រុមទាំង ៣៣ នេះ ត្រូវបានបែងចែកការប្រកួត ៨ ពូល ក្នុងនោះ ពូល ក មានក្រុមមន្ទីរអយកភ្នំពេញ (ម្ចាស់ផ្ទះ) មន្ទីរអយកខេត្តកណ្ដាល មន្ទីរអយកខេត្តកំពង់ស្ពឺ មន្ទីរអយកខេត្តកំពង់ឆ្នាំង និងមន្ទីរអយកខេត្តតាកែវ រីឯពូល ខ មានក្រុមមន្ទីរអយកខេត្តព្រៃវែង (ម្ចាស់ផ្ទះ) មន្ទីរអយកខេត្តស្វាយរៀង មន្ទីរអយកខេត្តកំពង់ចាម និងមន្ទីរអយកខេត្តត្បូងឃ្មុំ ខណៈពូល គ មានក្រុមមន្ទីរអយកខេត្តស្ទឹងត្រែង (ម្ចាស់ផ្ទះ) មន្ទីរអយកខេត្តមណ្ឌលគីរី មន្ទីរអយកខេត្តរតនគីរី និងក្រុមមន្ទីរអយកខេត្តក្រចេះ ហើយពូល ឃ មានក្រុមមន្ទីរអយកខេត្តសៀមរាប ដែលជាម្ចាស់ផ្ទះ រួមទាំងក្រុមមន្ទីរអយកខេត្តព្រះវិហារ មន្ទីរអយកខេត្តកំពង់ធំ និងក្រុមមន្ទីរអយក ខេត្តឧត្តរមានជ័យ។
ចំណែកពូល ង មានក្រុមមន្ទីរអយក ខេត្តបាត់ដំបង (ម្ចាស់ផ្ទះ) មន្ទីរអយកខេត្តបន្ទាយមានជ័យ មន្ទីរអយកខេត្តប៉ៃលិន និងមន្ទីរអយកខេត្តពោធិ៍សាត់ រីឯពូល ច មានក្រុមមន្ទីរអយកខេត្តកំពត (ជាម្ចាស់ផ្ទះ)មន្ទីរអយកខេត្តកោះកុង មន្ទីរអយកខេត្តព្រះសីហនុ និងក្រុមមន្ទីរអយកខេត្តកែប ខណៈពូល ឆ មានក្រុមអគ្គាធិការដ្ឋាន ក្រុមគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ក្រុមអគ្គនាយកដ្ឋានឧត្តមសិក្សា និងក្រុមអគ្គនាយកដ្ឋានរដ្ឋបាល &ហិរញ្ញវត្ថុ ។
សម្រាប់ពូល ជ មានក្រុមអគ្គនាយកដ្ឋានកីឡា ក្រុមអគ្គនាយកដ្ឋានផែនការគោលនយោបាយ ក្រុមអគ្គនាយកដ្ឋានអប់រំ និងក្រុមអគ្គនាយកដ្ឋានយុវជន ហើយពូលទាំង ៨ នេះ ត្រូវធ្វើការប្រកួតជម្រុះវិលជុំ នៅតាមតំបន់ ឬតាមពូលរៀងៗខ្លួន ចំណែកក្រុមលេខ ១ និងលេខ ២ នៅតាមពូលទាំង ៨ សរុបចំនួន ១៦ ក្រុម ត្រូវឡើងទៅប្រកួតនៅវគ្គខ្វែង ១៦ ក្រុម ដែលវគ្គនេះ ដល់វគ្គផ្តាច់ព្រ័ត្រត្រូវធ្វើនៅរាជធានីភ្នំពេញ៕