ភ្នំពេញៈ ទិវា​ជំនួប​រវាង​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាមួយ​ថ្នាក់​ដឹកនាំ​កីឡា គ្រូ​បង្វឹក កីឡាករ​កីឡាការិនី និង​ស្ថាប័ន​ពាក់ព័ន្ធ​វិស័យ​កីឡា ដែល​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ គ្រោង​នៅ​ថ្ងៃ​ទី ៤ ខែ​មេសា ឆ្នាំ ២០១៨ នៅ​មណ្ឌល​កោះ​ពេជ្រ រាជធានី​ភ្នំពេញ ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ព្រម​ទាំង​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៥២ និង​ស្ថាប័ន​ដឹកនាំ​គ្រប់គ្រង​កីឡា​ចំនួន ១៧ បាន​ត្រៀម​បញ្ជី​ឈ្មោះ​រួចរាល់​ហើយ សម្រាប់​ជំនួប​សំណេះ​សំណាល និង​បាយ​សាមគ្គី ជាមួយ​គ្នា ដែល​សរុប​មាន​ចំនួន ៣៩៩០ នាក់។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ថា៖ «គណៈកម្មការ​បាន​រៀប​រយ​រួច​ហើយ គឺ​មាន​កីឡាករ កីឡាការិនី គ្រូ​បង្វឹក គ្រូ​ជំនួយ ចំនួន ២០៩៥ នាក់ មក​ពី​សហព័ន្ធ​កីឡា​ជាតិ​ចំនួន ៥២ និង​ចំនួន ១៨៩៥ នាក់ មក​ពី​ប្រតិបត្តិ​មន្ត្រី​បុគ្គលិក NOCC និង​អង្ភភាព​ពាក់​ព័ន្ធ​ចំនួន ១៧ ស្ថាប័ន គឺ​សរុប​មាន​ចំនួន ៣៩៩០ នាក់»។

យ៉ាងណា​ក៏ដោយ ការ​ទទួល​បាន​ឱកាស​ទៅ​ជួប​លោក ហ៊ុន សែន ដោយ​មាន​ការ​រៀបចំ​បាយ​សាមគ្គី និង​បាន​ប្រាក់​រង្វាន់​ម្នាក់ ១០ ម៉ឺន​រៀល​នេះ ធ្វើ​ឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ដល់​អ្នក ដែល​មិន​បាន​ចូល​រួម។ អ្នកស្រី ឡុង រ៉ាវី ប្រធាន​ក្លិប​កីឡា​គុន​ខ្មែរ​ឈ្មោះ​ខ្លារខិន បាន​និយាយ​ថា៖ «សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ ផ្តល់​ឱកាស​ឲ្យ​កីឡាករ​មិន​គ្រប់គ្នា​ទេ គឺមាន​និយម​បក្ខពួក ព្រោះ​មាន​កីឡាករ​ឆ្នើម និង​គ្រូបង្វឹក​ខ្លះ មិន​ត្រូវ​គេ​ដាក់​ឈ្មោះ​ទៅ​នោះ​ទេ»។

ដូចគ្នា​នេះ​ដែរ លោក ម៉ៃ សុភា គ្រូបង្វឹក​កីឡា​ប្រដាល់​មក​ពី​ក្លិប​យុវជន​ច្បារ​អំពៅ និយាយ​ថា៖ «អត្ថន័យ​ធំ នាជំនួប​របស់​សម្តេច ហ៊ុន សែន​គឺ​កីឡាករ និង​គ្រូបង្វឹក ប៉ុន្តែ​កីឡាករ​ខ្លះ និង​គ្រូ​ខ្លះ ដូច​រូប​ខ្ញុំ ជា​ដើម គឺ​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​សហព័ន្ធ​កីឡា​ប្រដាល់​ទេ ប៉ុន្តែ​កន្លង​មក​ខ្ញុំ​មាន​ឱកាស​ទៅ​ចូល​រួម​បាន ដោយ​សារ​ចុះ​ឈ្មោះ​ក្នុង​សហព័ន្ធ​កីឡា​ផ្សេង​ទៅ​វិញ»៕