ភ្នំពេញៈ ក្រុម​អត្ត​ព​លិ​ក របស់​ក្រសួងមហាផ្ទៃ ដណ្តើម​បាន​មេដាយ​មាស​ច្រើន​ជាង​គេ ក្នុង​ការ​ប្រកួត​កីឡា​ហែល​ទឹក ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី ២ ឆ្នាំ ២០១៨ បន្ទាប់​ពី​ប្រភេទ​កីឡា​មួយ​នេះ​បាន​បញ្ចប់​នៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោ​កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ។

នៅក្នុង​ពិធី​បំពាក់​មេដាយ ដោយមាន​ការចូលរួម​ផ្ទាល់​ពី​លោក ស៊ុន ចាន់ថុល ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​នោះ គឺ​ក្រសួង​មហាផ្ទៃ បាន​ឈ្នះ​មេដាយ​មាស ១២ ប្រាក់ ៤ និង​សំរឹទ្ធ ១ ហើយ​តាម​ពី​ក្រោយ​ដោយ​រាជធានី​ភ្នំពេញ ដែល​បាន​មេដាយ​មាស ៤ ប្រាក់ ៤ និង​មេដាយ​សំរឹទ្ធ​ចំនួន ៦។

ចំណែក​ខេត្ត​ត្បូងឃ្មុំ ដណ្តើមបាន​មេដាយមាស ១ និង​ប្រាក់ ២ ឯ​ក្រុម​ខេត្ត​កំពង់ចាម ដណ្តើម​បាន​មេដាយ​មាស ១ ប្រាក់ ១ និង​សំរឹទ្ធ ២ ហើយ​ខេត្ត​ព្រៃវែង បាន​ប្រាក់ ២ ខណៈ​ខេត្ត​កោះកុង ឈ្នះ​បាន​ប្រាក់ ៣ និង​សំរឹទ្ធ ៣ តាម​ពី​ក្រោយ​ដោយ​ខេត្ត​កំពត ដែល​ឈ្នះ​បាន​ប្រាក់ ២ សំរឹទ្ធ ៤ និង​ខេត្ត​កណ្តាល ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ៣។

ចំពោះ​លទ្ធផល​នៃ​ការប្រកួត នៅលើ​វិញ្ញាសា​មួយចំនួន​ដែល​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​នៅ​ថ្ងៃ បិទ​កម្មវិធី​កាល​ពី​ថ្ងៃ​ចន្ទ​នោះ វិញ្ញាសា​ហែល​មេអំបៅ ៥០ ម៉ែត្រ មេដាយ​មាស​បាន​លើ​កីឡាការិនី សាន ស្រីឡែន មក​ពី​ខេត្ត​កំពង់ចាម ប្រាក់​បាន​ទៅ ឃឹន ប៊ុនពេជ្រ របស់​ខេត្ត​កំពត និង​មេដាយ​សំរឹទ្ធ បាន​លើ កាំង មុយនឹន មក​ពី​ខេត្ត​កោះកុង។

ចំណែក​ប្រកួត​ហែល​កង្កែប​ចម្ងាយ ១០០ ម៉ែត្រ កីឡាករ ហែម ថុ​ន​ពន្លឺ របស់​រាជធានី​ភ្នំពេញ បាន​មេដាយ​មាស ចេង សុផា មក​ពី​ក្រសួង​មហាផ្ទៃ បាន​ប្រាក់ និង អ៊ួង លីហេង របស់​ខេត្ត​កណ្តាល បាន​សំរឹទ្ធ។ រីឯ​ហែល​ផ្ងារ ៥០ ម៉ែត្រ កីឡាការិនី ឆោម ស្រី​វល័ក្ខណ៍ របស់​រាជធានី​ភ្នំពេញ បាន​មាស ប៊ុន រក្សា របស់​ក្រសួង​មហាផ្ទៃ បាន​ប្រាក់ និង វិច ហ្សង់​ឆាយ មក​ពី​ខេត្ត​កំពត បាន​មេដាយ​សំរឹទ្ធ។

ចំពោះ​វិញ្ញាសា​ហែល៤របៀប ឯកត្តជន​បុរស​ចម្ងាយ៤០០ម៉ែត្រ មេដាយ​មាស​បាន​លើ​កីឡាករ លឹម កែវ​ឧត្តម របស់​ក្រសួង​មហាផ្ទៃ មេដាយ​ប្រាក់​បាន​លើ ភិន រដ្ឋា មក​ពី​ខេត្ត កោះកុង និង​មេដាយ​សំរឹទ្ធ បាន​ទៅ ឆោម ច័ន្ទថន របស់​រាជធានី​ភ្នំពេញ។ ចំណែក​មេដាយ​នារី ជា​ក្រុម​បាន​ទៅ​លើ​ក្រសួង​មហាផ្ទៃ។

លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​ក្រសួងមហាផ្ទៃ ប្រាប់ថា៖ «នៅ​ក្នុង​ការ​ប្រកួត​កីឡា​ហែល​ទឹក​នេះ មាន​មេដាយ​មាស​សរុប​ចំនួន ១៨ (១៨ វិញ្ញាសា) ហើយ​ក្រសួង​មហាផ្ទៃ​ឈ្នះ​បាន​មេដាយ​មាស ១២ និង​ទទួល​បាន​លេខ ១ ខណៈ​ដែល​រាជធានី​ភ្នំពេញ បាន​មាស​ចំនួន ៤ ប៉ុណ្ណោះ ឈរ​លំដាប់​ទី ២។ ចំណែក​ប្រភេទ​កីឡា​ផ្សេង​ទៀត កំពុង​ប្រកួត​នៅ​ឡើយ​ប៉ុន្តែ​គូ​ប្រជែង​ខ្លាំង​ស្រួច​ស្រាល់​ជាមួយ​ក្រសួង​មហាផ្ទៃ គឺ​មាន​តែ​រាជធានី​ភ្នំពេញ​ទេ ដែល​ប្រដេញ​គ្នា​ឡើង​ចុះ លើ​កំពូល​តារាង ជា​បណ្តោះ​អាសន្ន»៕