ភ្នំពេញៈ អង្គភាពកីឡាក្រសួងមហាផ្ទៃបានត្រៀមកីឡាករ កីឡាការិនី សរុបចំនួន ៩៦ នាក់មកពី ១៥ ប្រភេទកីឡា ដើម្បីទៅចូលរួមព្រឹត្តិការណ៍កីឡាក្នុងក្របខ័ណ្ឌប៉ូលិសពិភពលោកលើកទី ១៨ ឆ្នាំ ២០១៩ (The 18th World Police and Fire Game 2019) ដែលគ្រោងនឹងធ្វើពីថ្ងៃទី ៨ ដល់ទី ១៨ ខែសីហានៅទីក្រុង Chengdu ប្រទេសចិន។
ការប្រកួត The 18th World Police and Fire ជាព្រឹត្តិការណ៍កីឡាដ៏ធំមាន ២ ឆ្នាំម្តង ហើយសហព័ន្ធរដ្ឋអាមេរិកជាអ្នករៀបចំឲ្យមានការប្រកួតនេះឡើង ចំណែកលើកនេះប្រទេសចិនដល់វេនធ្វើជាម្ចាស់ផ្ទះ និងមានប្រទេសជាសមាជិកចូលរួមជាង ៧០ ប្រទេស ចំណែកព្រះរាជាណាចក្រកម្ពុជាទើបតែបានចូលរួមជាលើកទី ១ បន្ទាប់ក្រសួងមហាផ្ទៃមានភាពលេចធ្លោខ្លាំងក្នុងសកម្មភាពកីឡាតាមរយៈអង្គភាពកីឡានគរបាលជាតិកម្ពុជាដោយមានការយកចិត្តទុកដាក់ និងបង្កលទ្ធភាពឲ្យទៅចូលរួមពីសំណាក់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជាបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា៖ «អង្គភាពកីឡាក្រសួងមហាផ្ទៃដែលបានលេចធ្លោតាមរយៈប្រកួតក្នុងស្រុក ពិសេសលទ្ធផលពីការប្រកួតកីឡាជាតិលើទី ១ ដោយដណ្តើមបានចំណាត់ថា្នក់លេខ ១ ទូទាំងប្រទេសនោះបានពង្រឹងសមត្ថភាពបន្ថែម ធ្វើឲ្យយើងមានលទ្ធភាពអាចទៅចូលរួមក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោកនេះ ខណៈព្រឹត្តិការណ៍នេះបានបង្កើតអស់រយៈពេល ៣២ ឆ្នាំមកហើយ ប៉ុន្តែកីឡាប៉ូលិសកម្ពុជាមិនធ្លាប់បានចូលរួមម្តងណាឡើយ»។
លោក ជា ប៊ុនហេង បន្ថែមថា៖ «នេះជាព្រឹត្តិការណ៍កីឡាពិភពលោកដ៏ធំ ហើយក្រសួងមហាផ្ទៃដែលមានសម្តេចក្រឡាហោម ស ខេង គាំទ្រ និងលើកទឹកចិត្ត បានពិនិត្យលទ្ធភាពសមត្ថភាពអត្តពលិករបស់យើងមានលក្ខណៈសមស្របអាចបញ្ជូនទៅចូលរួមការប្រកួតនេះបានដោយមានសមត្ថភាព មិនដាច់ឆ្ងាយពីគេនោះឡើយក្នុងចំណោមជាង ៧០ ប្រទេសដែលបានចូលរួម»។
ប្រធានអង្គភាពកីឡានគរបាលជាតិលោក ប៊ុនហេង បានលម្អិតបន្ថែមថា៖ «នេះជាការចំណាយធំមួយពីសម្តេចក្រឡាហោម ស ខេង ព្រោះលើកនេះក្រុមអត្តពលិក កីឡានគរបាលជាតិកម្ពុជារបស់យើងចេញទៅច្រើន មិនធ្លាប់មាន គឺចំនួន ៩៦ នាក់មកពី ១៥ ប្រភេទកីឡាមានដូចជាតេក្វាន់ដូ ការ៉ាតេដូ វាយសី វាយកូនឃ្លីលើតុ ជឺជិតស៊ូ ទូកប្រពៃណី ទ្រីយ៉ាត្លុង អត្តពលកម្ម សូហ្វតិន្នីស ហែលទឹក យូដូ បាល់ឱប និងចំបាប់ជាដើម»។
ទោះជាយ៉ាងណាលោក ជា ប៊ុនហេង បានចាត់ទុកថាកម្ពុជាមានសំណាងដែរ ដោយមានទំនាក់ទំនងល្អជាមួយកីឡាប៉ូលិសពិភពលោកសហរដ្ឋអាមេរិក ធ្វើឲ្យគេអនុគ្រោះដល់យើង មិនឲ្យបង់ប្រាក់សិទ្ធិចូលរួមប្រកួតទេក្នុងនោះម្នាក់ជិត ២០០ ដុល្លារឯណោះ ហើយប្រទេសមហាមិត្តចិនរបស់យើងបានជួយការហូបចុក ស្នាក់នៅ។ ចំណែកលោកឧបនាយករដ្ឋមន្ត្រី ស ខេង បានចេញថ្លៃសំបុត្រយន្តហោះ និងប្រាក់ឧបត្ថម្ភដល់ប្រតិភូ និងអត្តពលិក។
យ៉ាងណាក៏ដោយលោកប្រធានអង្គភាពកីឡានគរបាលជាតិរូបនេះមានទំនុកចិត្តថា យើងនឹងទទួលលទ្ធផលល្អណាមួយមិនខាន ទោះបីយើងទើបតែចូលជាលើកដំបូងក៏ដោយ។លោក ជា ប៊ុនហេង បានបញ្ជាក់ថា៖ «ព្រឹត្តិការណ៍កីឡានេះធំណាស់គឺជាព្រឹត្តិការណ៍កីឡាក្រៅក្របខ័ណ្ឌពីផែនការក្រសួងអប់រំ យុវជន និងកីឡា ហេតុនេះទោះបីជាអត្តពលិកយើងទទួលបានមេដាយជយលាភីក៏មិនទទួលបានប្រាក់រង្វាន់ពីក្រសួងអប់រំ យុវជន និងកីឡា ឬប្រកាសតាមអន្តរក្រសួងដែរ ប៉ុន្តែក្នុងឆន្ទៈ និងគោលបំណងរបស់យើងគឺត្រូវស្វែងរកជយលាភីឲ្យបានក្នុងកម្រិតមួយ ដើម្បីលើកមុខមាត់ជូនកីឡានគរបាលជាតិកម្ពុជា»៕