ភ្នំពេញ៖ កីឡាករកម្ពុជា ​ម៉ាជ ​សុខ​រ៉ា ​មក​ពី​ក្លិប​តាព្រហ្ម​មាន​ជ័យ និង ពុទ្ធ​ ឆាយរិទ្ធី​ ​របស់​​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ដែល​សុទ្ធ​តែ​​បាន​ចាញ់​២ប្រកួតជាប់ៗ​គ្នា​នោះ បាន​រក​ឃើញ​ការ​ឈ្នះ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដើម្បី​ទទួល​បាន​ ៣ ពិន្ទុ​ជា​លើក​ដំបូង នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​វិល​ជុំ​លើក​ទី ​៣ ​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ Wurkz ទម្ងន់ ​៦៧ ​គីឡូក្រាម នៅ​លើ​សង្វៀន SEATV។

​តាម​រយៈ​ការ​ប្រកួត កាល​ពី​ថ្ងៃ​អាទិត្យ កន្លង​មក​នេះ មាជ សុខរ៉ា ​ដែល​ធ្លាប់​តែ​ប្រ​កួត​ចាញ់​កីឡាករ​ថៃ​២​លើក ដោយ​មិន​អស់​ចិត្ត​ ហើយ​បាន​ឡាំ​ប៉ា​តវ៉ា​ និង​ជេរ​គណៈកម្មការ​ប្រ​កួត​នោះ​ បាន​​យក​​ឈ្នះ​កីឡាករ​ថៃ​គួរ​ឲ្យ​ភ្ញាក់ផ្អើល ​ដោយរូប​គេ​បាន​​ទាត់​ឲ្យ​​ជើង​ខ្លាំង​ Kao Ah ដួល​សន្លប់​ត្រឹម​ទឹក​ទី ​១។

ការទទួល​បាន​៣ពិន្ទុ​យ៉ាង​ងាយ​ស្រួល​របស់ មាជ សុខរ៉ា ​​លើក​នេះ អាច​ចាត់​ទុក​ថា ជា​រឿង​មិន​គួរ​ជឿ​ទាល់​តែ​សោះ​ ព្រោះ​ Kao Ah ជា​អ្នក​ប្រ​ដាល់​ខ្លាំង​រឹង​មាំ​មួយ​ដែរ​ ហើយ​​ការ​ចាញ់​ដោយ​សន្លប់​ មិន​ទាន់​ឆ្លង​ផុត​​ក្នុង​ទឹក​ទី ​១ ​នេះ ត្រូវ​បាន​អ្នក​ទស្សនា​ភាគ​ច្រើន​លាន់​មាត់​ថា​​ ជា​ការ​ប្រ​កួត​ភ្លាត់​ស្នៀត​ដោយ​ចៃ​ដន្យ​បំផុត។

នៅក្នុង​ហេតុ​ការណ៍​ដ៏មិនគួរ​ឲ្យ​ចង់​ជឿ​នោះ ម៉ាជ​ សុខ​រ៉ា បាន​​ទាត់​ចុង​ជើង​ប៉ះ​ចំ​ចុង​ដង្ហើម Kao Ah បណ្តាល​ឲ្យ​​ទ្រេត​ខ្លួន​បន្តិច​ ​ហើយ​ភ្លាម​នោះ សុខរ៉ា បាន​ស្ទុះ​ចូល​​ម៉ាត់​ថែម​មួយ​ដៃ​ចូល​មុខ​ទៀត ​ធ្វើ​ឲ្យ​កីឡាករ​ថៃ​រូបនេះ ដួល​ដេក​​ងើបលែង​រួច បើ​ទោះ​បីជា​អាជ្ញា​កណ្តាល​រាប់​ដល់​១០​ក៏​ដោយ​។

ចំណែក​កីឡាករ ពុទ្ធ ​ឆាយ​រិទ្ធី ​បាន​​តស៊ូ​ប្រ​កួត​ជា​មួយ​ Pheach Aroun ​យ៉ាង​ស្វិត​ស្វាញ​ចំនួន ​៥ ​ទឹក​ពេញ​។ ​

នៅ​ក្នុង​ការ​ប្រ​កួត ​៣ ​ទឹក​ដំបូង ​​ឆាយ​រិទ្ធី ​ចាញ់​ប្រៀប​ថៃ​ដាច់​ផ្នែក​ជង្គង់​ និង​សង​វិញ​ត្រឹម​កណ្តាប់​ដៃ​តិច​តួច​​ទេ ប៉ុន្តែ​ឈាន​ចូល​ដល់​ទឹក​ទី ​៤​ និង​ទឹក​ទី ​៥ ​មាន​ការ​ប្រែ​ប្រួល​ខ្លាំង​ ព្រោះ​ ឆាយ​រិទ្ធី បាន​​ប្តូរ​យុទ្ធសាស្ត្រ​ប្រ​កួត​ ដោយ​ចេញ​ស្នៀត​ទាត់​ និង​កណ្តាប់​ដៃ​​បាន​​ច្រើន​ ធ្វើ​ឲ្យ​ Pheach Aroun ​ចង់​គាំង​ម្តងៗ​ នៅ​ក្នុង​ទឹក​ទី ​៤​។

បន្ថែម​​លើ​នេះ ​សំឡេង​ហ៊ោ​​គាំ​ទ្រ​របស់​អ្នក​ទស្សនា​ផ្ទាល់ បាន​ជំរុញ​ឲ្យ​ ពុទ្ធ ​ឆាយ​រិទ្ធី មាន​ទឹក​ចិត្ត​ប្រកួតកាន់​តែ​ខ្លាំង ក្នុងការ​វាយ​សម្រុក​ទៅ​លើ Pheach Aroun ហើយការ​បន្តមាន​ប្រៀប​ខ្លាំង​ នៅ​ទឹក​ទី ​៥​ នេះ ធ្វើ​ឲ្យ​ចៅ​ក្រម​ទាំង​ ៥​ នាក់​ សម្រេច​ផ្តល់​ពិន្ទុ​ឲ្យ ឆាយរិទ្ធី ឈ្នះ​ពិន្ទុ Pheach Aroun មិន​ឯកច្ឆន្ទ គឺ ​៣ ទល់​នឹង ​២។

​យោង​តាម​លទ្ធ​ផល​នៃ​ការ​ប្រកួត​នេះ មាជ សុខរ៉ា និង ពុទ្ធ ឆាយរិទ្ធី មាន ​៥ ពិន្ទុ ជាមួយ​ការ​ឈ្នះ​ ១ និង​ចាញ់​ ២​ ប្រកួត​ដូច​គ្នា ប៉ុន្តែ​ដោយ​សារ សុខរ៉ា បាន​ផ្តួល Kao Ah ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ​១ ធ្វើ​ឲ្យ​រូប​គេ​បាន​ឡើង​ទៅ​ឈរ​នៅ​លេខ​ ១​ ខាង​ពូល​កម្ពុជា ជា​បណ្តោះ​អាសន្ន ហើយតាម​ពី​ក្រោយ​ដោយ ​រឿង ​សារ័ត្ន​ ខណៈ ​ឡុង ​សុភី ​​បាន​​ដក​ខ្លួន​ចេញពី​ការ​ប្រកួតនេះ​ហើយ ដោយ​បញ្ហា​របួស។

ការ​ដក​ខ្លួន​របស់ ឡុង សុភី ចេញ​ពី​ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​នេះ ​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​ថា សមាសភាព​កីឡាករ​ខាង​កម្ពុជា ហាក់​មាន​ការ​ចាញ់​ប្រៀប​​ភាគី​ថៃ ដោយ​សារ​កីឡាករ​ថៃ​ មាន​វិជ្ជាគុន​ល្អ ​ព្រោះ Pheach ​Aroun, Kao Ah​, ​Kev Kongvan និង​ ​Keng Kat ​​សុទ្ធ​តែ​មាន​កម្ពស់​ល្អ​ ហើយ​ធ្លាប់​ប្រ​កួត​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​លើក ដោយ​ទទួល​បាន​លទ្ធ​ផល​ល្អ​ដូច​គ្នា​។​

ទោះ​បីជា​យ៉ាង​ណា តាម​រូប​មន្ត​ការ​ប្រកួតនេះ គឺ​គេ​កំណត់​យក​អ្នក​លេខ​ ១ ​ខាង​កម្ពុជា ទៅ​ប្រកួត​ជាមួយ​អ្នក​បាន​លេខ ​១ ​ខាង​ពូល​ថៃ ហើយតាម​លទ្ធ​ផល​ជា​បណ្តោះ​អាសន្ន​ នៅ​ពេល​នេះ គឺ​ភាគី​កម្ពុជា មាន​តែ មាជ សុខរ៉ា និង ពុទ្ធ ឆាយរិទ្ធី ទេ ដែល​ត្រូវ​ប្រជែង​គ្នា​យក​លេខ​១ ខណៈ​ការ​ប្រកួត​ជម្រុះ​លើក​ទី​៤​ចុង​ក្រោយ មាជ​ សុខ​រ៉ា​ ត្រូវ​ជួប​​ជើង​ខ្លាំង​ថៃ​​ Pheach ​Aroun ​ហើយ​ ​ពុទ្ធ ​ឆាយ​រីទ្ធី​ ប៉ះ​ Kao Ah​៕