ភ្នំពេញៈ ការបញ្ចេញនូវអារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួន របស់អ្នកចាត់ការក្រុម លោក Keisuke Honda និងគ្រូបង្វឹក លោក Felix Dalmas នៃក្រុមជម្រើសជាតិកម្ពុជា បានធ្វើឲ្យកីឡាករឆ្នើមរបស់កម្ពុជា ២ នាក់ មានប្រតិកម្មតបមកវិញបែបឌឺដង ដែលបង្កឲ្យមានភាពល្អក់កករមួយ នៅមុនពេលក្រុមកម្ពុជា ត្រូវប្រកួតជម្រុះ World Cup 2022 និង Asian Cup 2023 ជុំទី១ ក្នុងតំបន់អាស៊ី ជាមួយក្រុមជម្រើសជាតិប៉ាគីស្ថាន នៅពហុកីឡដ្ឋានជាតិ នាល្ងាចម៉ោង ៦:៣០ ថ្ងៃព្រហស្បតិ៍នេះ។
«ខ្ញុំនឹងផ្តល់ប្រាក់ចំនួន ៥ ដុល្លាម្នាក់ តើមានអ្នកណាចង់ឲ្យខ្ញុំ បង្រៀនបាល់ទាត់ដែរឬទេ? ប្រសិនបើមាន សូមផ្ញើសារមកខ្ញុំផង។ ប៉ុន្តែមានលក្ខខ័ណ្ឌមួយ គឺសុំចំពោះអ្នក ដែលមានឆន្ទៈក្នុងការចង់លេងជាតំណាងប្រទេស ដើម្បីចូលរួមការប្រកួត World Cup តែប៉ុណ្ណោះ។ ខ្ញុំនឹងធ្វើការជ្រើសរើសតាមការសម្រេចរបស់ខ្ញុំ។ ខ្ញុំនឹងធ្វើការបង្រៀនដោយផ្តល់ជាថវិការជូន»។
ពាក្យសម្តីទាំងនេះ គឺជាការលើកឡើងរបស់ខ្សែប្រយុទ្ធលំដាប់ពិភពលោករបស់ជប៉ុន Keisuke Honda ដែលជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃអង្គារ ហើយការលើកឡើងបែបនេះ បានធ្វើឲ្យអ្នកគាំទ្របាល់ទាត់នៅកម្ពុជា ភាគច្រើន មានការភ្ញាក់ផ្អើល និងបានសរសេរទៅដល់ទឹកចិត្តរបស់ Honda ក្នុងការចង់ជួយដល់ក្រុមជម្រើសជាតិកម្ពុជា។
ប៉ុន្តែនៅក្នុងថ្ងៃជាមួយគ្នានោះ ស្រាប់តែខ្សែបម្រើ ស៊ិន កក្កដា បានបង្ហោះសារតបវិញ ដោយបានបញ្ជាក់ថា សូមកុំយកប្រាក់ ៥ ដុល្លារ មកប្រមាថដល់ទឹកចិត្តកីឡាករ។ កក្កដា ដែលទើបត្រូវបានហោះហៅឲ្យចូលរួមប្រមូលផ្តុំហ្វឹកហាត់ ក្រោយគេនោះ បានសរសេរបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួនថា៖ «ហេតុអ្វីមានខ្ញុំមកហាត់ជាមួយជម្រើសជាតិ? ព្រោះជាតិផ្ដល់ឱកាសឲ្យខ្ញុំបម្រើជាតិម្ដងទៀត សូមកុំយកប្រាក់៥ដុល្លារ ប្រមាថដល់ទឹកចិត្តកីឡាករ និងប្រៀបប្រដូចតម្លៃជាតិជាមួយប្រាក់ ៥ ដុល្លារ»។
ការបង្ហោះសារ បែបឌឺដងវិញភ្លាមៗបែបនេះ គេនៅមិនទាន់ដឹងថា ស៊ិន កក្កដា មានការបញ្ហាអ្វីជាមួយ Honda ដែលកំពុងដឹកនាំរូបគេ នៅក្នុងក្រុមជម្រើសជាតិកម្ពុជា ឲ្យប្រាកដនោះទេ ប៉ុន្តែ ស៊ិន កក្កដា បានបង្ហើបនៅចុងឃ្លានៃសារនោះថា៖ «សម្រាប់ព័ត៌មានលម្អិត ខ្ញុំនិងសរសេរម្ដងទៀត នៅថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៩ វេលាម៉ោង ១០ ព្រឹក»។
ដោយឡែកខ្សែប្រយុទ្ធឆ្នើម ដែលគ្មានឈ្មោះនៅក្នុងការប្រមូលផ្តុំនៃក្រុមជម្រើជាតិកម្ពុជា លើកនេះ ចាន់ វឌ្ឍនាកា ក៏បានប៉ះទង្គិចផ្នែកអារម្មជាមួយការលើកឡើងរបស់លោក Felix Dalmas ផងដែរ ខណៈលោកបានព្យាយាមបកស្រាយទៅនឹងសំនួររបស់អ្នកកាសែត ជុំវិញការមិនកោះហៅ ចាន់ វឌ្ឍនាកា និងកីឡាករជើងចាស់មួយទៀត ឲ្យចូលរួមជាមួយក្រុមជម្រើសជាតិនោះ។
លោក Felix បាននិយាយ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធថា៖ «រឿងសំខាន់របស់យើង គឺការងារជាក្រុម អ៊ីចឹងយើងត្រូវការកីឡាករ ដែលមានឆន្ទៈខ្ពស់ ក្នុងការលេងសម្រាប់ជម្រើសជាតិ ហើយកីឡាករទាំងអស់ ដែលយើងបានប្រមូលផ្តុំលើកនេះ គឺពួកគាត់ សុទ្ធតែមានទឹកចិត្ត និងឆន្ទៈខ្ពស់ក្នុងការលេងឲ្យក្រុមជម្រើសជាតិ អស់ពីចិត្ត ព្រោះបាល់ទាត់ ជាកីឡាលេងជាក្រុម អ៊ីចឹងយើងត្រូវការមនុស្ស ដែលធ្វើការងារជាក្រុមបាន គឺធ្វើការងារដើម្បីក្រុម»។
ការលើកឡើងរបស់លោក Felix ត្រូវបានប្រព័ន្ធផ្សព្វផ្សាយ យកទៅចុះផ្សាយព្រោងព្រាត កាលពីថ្ងៃពុធនោះ ហើយសកម្មភាពនេះបានធ្វើឲ្យ ចាន់ វឌ្ឍនាកា មានអារម្មណ៍កើតទុកមិនសុខចិត្ត ហើយបានសរសេរសាមួយឃ្លាបង្ហោះនៅលើផេចហ្វេសប៊ុករបស់ខ្លួន តបតទៅលើ Felix ភ្លាមៗវិញថា៖ «សូមទោសដែលប៉ុន្មានឆ្នាំមកនេះ អ្នកលេងដោយគ្មានឆន្ទៈលេងទេ អ្នកគឺលេងដោយការសប្បាយរបស់អ្នក»។
ការឌឺដងដាក់គ្នារវាងអ្នកចាត់ការទូទៅក្រុម លោក Keisuke Honda និងគ្រូបង្វឹក លោក Felix Dalmas ជាមួយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា និងខ្សែបម្រើ ស៊ិន កក្កដា នេះ បានក្លាយជាប្រធានបទ ដែលមានការចាប់អារម្មណ៍ខ្លាំង ហើយបញ្ហានេះក៏បានធ្វើអ្នកគាំទ្រ ផ្តោតយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើការប្រកួតរបស់ក្រុមកម្ពុជា និងប៉ាគីស្ថាន នៅល្ងាចថ្ងៃនេះផងដែរ ព្រោះពួកគេចង់ដឹងថា Keisuke Honda និង Felix Dalmas អាចដឹកនាំក្រុមកម្ពុជា ឲ្យទទួលបានជ័យជម្នះ ដូចទៅនឹងអ្វីដែលអ្នកទាំង ២ បានយកចិត្តទុកដាក់ ឬក៏យ៉ាងណា?៕