ភ្នំពេញ៖ ​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង នៅ​តែ​រក្សា​បាន​នូវ កំណត់ត្រា​ដ៏​ល្អ​របស់​ខ្លួន ហើយ​ការ​​បន្ត​លត់​ក្រុម​អាស៊ី​អឺរ៉ុប ៦-១ នៅ​កីឡដ្ឋាន​ខេត្ត ស្វាយរៀង កាល​ពី​យប់​ថ្ងៃ​អាទិត្យ បាន​ធ្វើ​ឲ្យ​ពិធី​លើក​ពាន​លីក​កំពូល​កម្ពុជា ប្រចាំ​ឆ្នាំ ​២០១៩ របស់​ក្រុម​មួយ​នេះ បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​សប្បាយ​រីករាយ ខណៈ​វិសាខា ​បាន​រក្សា​ភាគរយ​ក្នុង​ការ​ទទួល​បាន​លេខ ​២ ឆ្នាំ​នេះ។

គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង លោក ជូ សារឿន បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ចន្ទ​ថា៖ ​«នេះ​ជា​លទ្ធផល ដែល​យើង​ទទួល​បាន ក្នុង​ការ​ប្រកួត​លីក​កំពូល​កម្ពុជា ឆ្នាំ ​២០១៩ នេះ គឺ​វា​ជា​​លទ្ធផល​​ដ៏​ល្អ​បំផុត ដែល​មិន​មាន​ក្រុម​ណា​ធ្លាប់​ធ្វើ​បាន​ពី​មុន​មក​នោះ​ទេ ហើយ​កំណត់ត្រា​ដ៏​ល្អ​នេះ វា​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ទាំង​កីឡាករ គ្រូ​បង្វឹក និង​ថ្នាក់​ដឹកនាំ​ក្លិប»។

តាមរយៈ​ការ​បន្ត​យក​ឈ្នះ​ក្រុម​អាស៊ីអឺរ៉ុប សម្រាប់​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី ​២៥ កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នោះ ​វា​នៅ​តែ​ជួយ​ឲ្យ​ក្រុម​ស្វាយរៀង រក្សា​បាន​នូវ​កំណត់ត្រា​ដ៏​ល្អ​បំផុត​របស់​ខ្លួន គឺ​ការ​ឈ្នះ ​២០ និង​ស្មើ ​៥ ដង ហើយ​ការ​មាន ​៦៥ ពិន្ទុ ជាមួយ​​លទ្ធផល​មិន​ធ្លាប់​ចាញ់​សោះ​បែប​នេះ វា​មិន​​​មាន​ក្រុម​ណា​មួយ ​ធ្លាប់​ធ្វើ​បាន​នៅ​លីក​កំពូល​កម្ពុជា កន្លង​មក​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ការ​ទទួល​បាន​ប្រាក់​រង្វាន់​ត្រឹម ​៦០ លាន​រៀល ពី​ការ​ឈ្នះ​តំណែង​ជើងឯក​របស់​ក្រុម​ព្រះខ័នរាជ​ស្វាយរៀង បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​បាល់ទាត់​ភាគ​ច្រើន ​នាំ​គ្នា​រិះគន់​ថា ចំនួន​ទឹក​ប្រាក់​នេះ មិន​ស័ក្តិសម​ទៅ​នឹង​ការ​ប្រឹងប្រែង​​របស់​ក្លិប​នីមួយៗ ពិសេស​​ក្លិបធំៗ​ដែល​ចំណាយ​​អស់​រាប់សិប​ម៉ឺន​ដុល្លារ ក្នុង ​១ រដូវកាលៗ។

ប៉ុន្តែ​លោក ជូ សារឿង ដែល​ធ្លាប់​ឆ្លង​កាត់​ជា​កីឡាករ​ជម្រើសជាតិ U19, U20 និង U21 តាំង​ពី​ឆ្នាំ ​២០០៩ មក​នោះ មិន​បាន​គាំទ្រ​ទៅ​នឹង​ការ​រិះគន់​ទាំង​នោះ​ទេ ដោយ​លោក​​បាន​ចាត់​ទុក​អ្នក​​ការ​រិះគន់​ទាំង​នោះ ថា មិន​ទាន់​យល់​ច្បាស់​ពី​បាល់​ទាត់។ លោក​បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​បាន​យល់​ច្បាស់ ដោយសារ​អ្នក​រិះគន់​ទាំង​នោះ ​គាត់​មើល​តែ ​១ ចំណុច​ទេ គឺ​គាត់​មិន​ទាន់​យល់​ពី​សង្គម​បាល់​ទាត់​របស់​ខ្មែរ​យើង ព្រម​ទាំង​ដឹង​ពី​ចំណូល ចំណាយ​របស់​សហព័ន្ធ និង​កម្រិត​បាល់​ទាត់​នៅ​តាម​ក្លិប​នីមួយៗ»។

គ្រូ​ជំនួយ​ក្រុម​ស្វាយរៀង រូបនេះ បាន​បន្ថែម​ថា៖ ​«នៅ​ស្រុក​គេ គឺ​គេ​មាន​ខាង​ធនាគារ មហាសេដ្ឋី និង​ក្រុមហ៊ុន​ធំៗ​ច្រើន​ចូលរួម​ជួយ​ឧបត្ថម្ភ​ខាង​បាល់ទាត់ ចំណែក​យើង​វិញ តើ​មាន​អ្នក​ណា​ខ្លះ​ចូលរួម​ឧបត្ថម្ភ? អ៊ីចឹង​ទម្រាំ​តែ​បាល់ទាត់​យើង​បាន​ប៉ុណ្ណឹង គឺ​​ឯកឧត្តម​ប្រធាន​សហព័ន្ធ សៅ សុខា ខំ​ប្រឹងប្រែង​ខ្លាំង​ណាស់ ហើយ​ខ្ញុំ​គិត​ថា ​​ពេល​ប្រទេស​យើង​រីក​ចម្រើន​មាន​អ្នក​យល់​ពី​បាល់ទាត់​កាន់​តែ​ច្រើន​នោះ ​លីក​កំពូល​យើង ក៏​នឹង​មាន​ប្រាក់​រង្វាន់​​កាន់​តែ​ខ្ពស់​ផង​ដែរ»។

យ៉ាង​ណា​ក៏​ដោយ​គ្រូ​បង្វឹក​ក្រុម​លីក​កំពូល​មួយ​រូប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា៖​ «បើ​ប្រៀប​ធៀប​​នឹង​ការ​ចំណាយ​របស់​ក្លិប​នីមួយៗ ខ្ញុំ​គិត​ថា ​ប្រាក់​រង្វាន់​ ​៦០ ​លាន​រៀល វា​នៅ​តិច​ដែរ​ទេ គឺ​បើ​ឡើង​ដល់ ​១២០ លាន​រៀល អាច​ល្អ​ជាង​នេះ អ៊ីចឹង​ការ​រិះគន់​ខ្លះ ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​លីក​កំពូល​យើង​មាន​ប្រាក់​រង្វាន់​ច្រើន​ជាង​នេះ​ផង​ដែរ ប៉ុន្តែ​ខ្ញុំ​សុំ​ឲ្យ​អ្នក​រិះគន់ ប្រើ​ពាក្យ​ពេចន៍​ឲ្យ​បាន​ពី​រោះ​ស្តាប់​ជាង​នេះ! សូម​​កុំ​រិះគន់​បែប​ជាន់​ពន្លិច​បាល់​ទាត់​យើង គឺ​យើង​ត្រូវ​រិះគន់​បែប​ស្ថាបនា ដើម្បី​ឲ្យ​វិស័យ​បាល់​ទាត់​របស់​យើង​មាន​ការ​រីក​ចម្រើន​ទៅ​មុខ​ទៀត»។

ដោយ​ឡែក​ក្រុមវិសាខា បាន​តាម​ស្មើ​ក្រុម​ណាហ្គាវើល ២-២ ជាមួយ​ការ​ទទួល​បាន​បាល់​ពិន័យ ​១១ ម៉ែត្រ នៅ​នាទីទី​​បន្ថែម ​៩០+៥ ហើយ​លទ្ធផល​នេះ វា​នៅ​តែ​ជួយ​ឲ្យ​វិសាខា មាន ​៣ ពិន្ទុ ​លើ​ ណាហ្គាវើល គឺ ​៥៥ ទល់​នឹង ​៥២ ពិន្ទុ ខណៈ​ក្រុម​បឹងកេត ឈរ​នៅ​លេខ ​៤ មាន ​៤៩ ពិន្ទុ លើស​ក្រុម​អង្គរថាយហ្គឺរ ​៣ ពិន្ទុ៕