ក្រុងប៊ែរឡាំង: ក្រុមជើងឯកអឺរ៉ុប Bayern Munich ស្គាល់រសជាតិបរាជ័យជាលើកដំបូង ក្នុងរយៈពេល ១០ ខែ ខណៈជ័យជម្នះ ២៣ ប្រកួតបន្តបន្ទាប់គ្នាត្រូវបានបញ្ចប់ ដោយការចាញ់ក្រុម Hoffenheim ទាំងមិនគួរឱ្យជឿ ៤-១ អំឡុងការប្រកួតក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃអាទិត្យ។
ក្រុម Hoffenheim ក្នុងនាមជាម្ចាស់ផ្ទះ បានស៊ុតបញ្ចូលទី១ វគ្គ ២ គ្រាប់ៗ ដោយវគ្គទី១ បំប៉ោងសំណាញ់ទីដោយខ្សែការពារ Ermin Bicakcic និងខ្សែប្រយុទ្ធ Munas Dabbur បន្តបន្ទាប់គ្នានៅនាទីទី១៦ និង២៤ ហើយតង់ទី ២ ធ្វើបានសម្រេចដោយកីឡាករតែ ១ រូប គឺខ្សែប្រយុទ្ធសញ្ជាតិក្រូអាស៊ី Andrej Kramaric នៅនាទីទី៧៧ និង៩០+២ (ប៉េណាល់ទី)។ ខាងក្រុមភ្ញៀវ Bayern អ្នកស៊ុតបញ្ចូលទី គឺខ្សែបម្រើការពារ Joshua Kimmich នាទីទី៣៦។
ក្រោយដណ្ដើមបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលនេះ ធ្វើឲ្យក្រុម Hoffenheim ឡើងទៅទីកំពូលតារាង ខណៈក្រុមការពារជើងឯក Bayern ឈរនៅលេខទី៧ ក្រោយបញ្ចប់ទៅចំនួន ២ ប្រកួត។ នេះជាបរាជ័យលើកទី១ ក្រោមការដឹកនាំរបស់គ្រូបង្វឹក លោក Hansi Flick នៅគ្រប់កម្មវិធីប្រកួតទាំងអស់ គិតតាំងពីភ្លាត់ស្នៀតម្ដង កាលពីលេងចាញ់ក្រុម Borussia Moenchengladbach នៅថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៩។
ក្រោយការប្រកួតបញ្ចប់ទៅ ពេលត្រូវបានរោមសួរសំណួរដដែលៗពីទម្រង់លេងមិនសូវល្អរបស់ក្រុម លោក Flick បានឆ្លើយថា៖ «សុំសរសើរក្រុម Hoffenheim ដែលបានរារាំងពួកយើងបានយ៉ាងល្អ ដោយធ្វើឱ្យពួកយើងមានឱកាសតិចចតួចមែនទែន។ យើងមិនអាចគ្រប់គ្រងពេលមានឱកាស ឬលេងឱ្យបានដូចពីមុន»។
លោក Sebastian Hoeness គឺជាក្មួយប្រុសរបស់ប្រធានកិត្តិយសក្រុម Bayern លោក Uli Hoeness ហើយទើបចេញពីការធ្វើជាអ្នកដឹកនាំក្រុមបម្រុងរបស់ Bayern ដើម្បីមកកាន់តំណែងអ្នកចាត់ការរបស់ក្រុម Hoffenheim កាលពីថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២០។
បន្ទាប់ពីដឹកនាំក្រុមដណ្ដើម ៣ ពិន្ទុពីក្រុមដូច Bayern នេះបាន លោក Hoeness បាននិយាយថា៖ «យើងធ្វើគ្រប់យ៉ាង ដែលយើងបានហ្វឹកហាត់។ យើងបានធ្វើការគ្របសង្កត់តាំងពីចាប់ផ្ដើម ដោះស្រាយបានជានិច្ចរាល់ពេលមានគ្រោះថ្នាក់ម្ដងៗ និងការពារបានល្អ ដូច្នេះ ខ្ញុំអត់ភ្ញាក់ផ្អើលទេជាមួយនឹងលទ្ធផលនេះ»។
ក្រុម Bayern មើលទៅហាក់ដូចជាគ្មានកម្លាំងកំហែងទាល់តែសោះ ដែលបង្ហាញឱ្យឃើញពីផលប៉ះពាល់នៃការលេងដល់វគ្គថែមម៉ោងពិសេស ១៥ នាទី ២ ដង អំឡុងការប្រកួតកម្មវិធី UEFA Super Cup កាលពីថ្ងៃព្រហស្បតិ៍ នៅក្រុងប៊ុយដាប៉ែស ប្រទេសហុងគ្រី ដែលនៅទីនោះ ពួកគេឈ្នះក្រុម Sevilla របស់អេស្ប៉ាញ ២-១។
ពាក់ព័ន្ធនឹងរឿងនេះ លោក Hoeness ក៏យល់ ដោយបុរសសញ្ជាតិអាល្លឺម៉ង់វ័យ ៣៨ឆ្នាំ បានប្រាប់ថា៖ «យើងមិនភ្លេចទេថា Bayern បានធ្វើការប្រកួតដល់ទៅ ១២០នាទី ៤ថ្ងៃមុន តែក្រុមយើង ពិតជាមានទម្រង់លេងល្អណាស់»។
បរាជ័យនេះ នាំឱ្យការឈ្នះជាប់ៗគ្នា ២៣ ដងរបស់ក្រុម Bayern ត្រូវបញ្ចប់ ដែលជាកំណត់ត្រា សម្រាប់ក្លិប ១ ក្នុងចំណោមក្លិបរបស់លីកកំពូលទាំង ៥ របស់តំបន់អឺរ៉ុប ដោយបានលើសចំនួន ២២ លើក របស់ក្រុមអេស្ប៉ាញ Real Madrid ដែលធ្វើបានក្នុងចន្លោះខែកញ្ញា និងខែធ្នូ ឆ្នាំ ២០១៤៕ AFP/VN