ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាធីអែហ្វកម្ពុជា លោក កែវ រ៉េមី បានចាប់ផ្តើមធ្វើការរិះគន់ទៅដល់អ្នកដែលបានចោលសំរាមនៅទីសាធារណៈ ពិសេសនៅកន្លែងតំបន់ទេសចរណ៍ ហើយលោកបានចាត់ទុកបញ្ហាចោលសំរាមនេះ វាជារឿងដ៏គួរឲ្យអាម៉ាស់សម្រាប់មុខមាត់ប្រទេសកម្ពុជាដែលប្រជាពលរដ្ឋគ្រប់រូបត្រូវតែមានការភ្ញាក់រឭកក្នុងការចូលរួមលើបញ្ហានេះទាំងអស់គ្នា។
លោក កែវ រ៉េមី ដែលជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានថ្លែងថា៖ «បញ្ហាសំរាមនេះ យើងបានឆ្លងកាត់បទពិសោធ ហើយការធ្វើដំណើររបស់ខ្ញុំ ពេលមានបុណ្យទាននេះគឺវាយូរណាស់មកហើយ គ្រាន់តែកន្លងមកយើងមិនទាន់បានធ្វើសកម្មភាព ប៉ុន្តែឃើញវាជ្រុល និងកាន់តែហួសហេតុ ព្រោះអ្នកដែលទទួលទានអាហារជាកញ្ចប់រួចហើយ បានចោលសំរាមនោះពាសវាលពាសកាល អត់ចេះប្រមែប្រមូលដាក់ចូលក្នុងធុងសំរាមទេ គឺប្រជាពលរដ្ឋយើងខ្លះ អារឿងស្មារតីរៀបចំទុកដាក់សំរាមនេះគឺអត់មានតែម្តង»។
លោកបន្តថា៖ «អ្នកខ្លះបន្ទោសទៅលើការប្រមូលសំរាម ក៏ប៉ុន្តែជាក់ស្តែងនៅតាមផ្លូវដែលយើងធ្វើដំណើរពេលមានបុណ្យទានគឺខ្ញុំឃើញមានការចោលសំរាមចេញពីរថយន្តតែម្តង ដែលនេះជារឿងដ៏អាម៉ាស់មួយ ហើយក្រៅពីហ្នឹងទៀតអ្នកខ្លះបោសសំរាមពីលើគោកយកទៅទម្លាក់ចោលនៅក្នុងទឹកស្ទឹង បឹង ទន្លេ ទឹកសមុទ្រ ដែលវាជារឿងអាម៉ាស់ ជាពិសេសការចោលសំរាមនៅតំបន់ទេសចរណ៍»។
ការរិះគន់ទៅលើបញ្ហាសំរាមនេះត្រូវបានលោក កែវ រ៉េមី លើកឡើងនៅពេលលោកបានដឹកនាំថ្នាក់ដឹកនាំ គ្រូបង្វឹក ព្រមទាំងកីឡាករ កីឡាការិនីតេក្វាន់ដូ ITF សរុបជាង ៣០ នាក់នាំគ្នាដើររើសសំរាមនៅខាងមុខព្រះបរមរាជវាំង និងតាមមាត់ទន្លេសងខាងព្រះអង្គដងកើកាលពីព្រឹកថ្ងៃអាទិត្យ។
«ការដឹកនាំក្រុមតេក្វាន់ដូ ITF ធ្វើសកម្មភាពដើរប្រមូលសំរាម នៅពេលនេះគឺដើម្បីបំផុសឲ្យប្រជាពលរដ្ឋយើងមានការភ្ញាក់រឭកក្នុងការចោលសំរាម ព្រោះអ្នកសម្អាត និងអ្នកប្រមូលសំរាម វាមិនឈ្នះការភ្ញាក់រឭករបស់បុគ្គលម្នាក់ៗ និងប្រជាពលរដ្ឋគ្រប់រូបដែលមានការសម្អាតផ្តើមចេញពីគ្រួសារនីមួយៗ នៅក្នុងសហគមន៍នោះទេគឺក្រ ក៏ក្រចុះ ឲ្យតែស្អាត»។
ជាមួយគ្នានេះលោក កែវ រ៉េមី បានធ្វើការរិះគន់ខ្លាំងទៅលើសាលារៀនមួយចំនួនដែលមានពាសពេញដោយសំរាម។ លោកបានសង្កត់ធ្ងន់ថា៖ «ខ្ញុំមានការខកចិត្តខ្លាំងទៅលើសាលារៀនមួយចំនួនដែលមានសំរាមខ្លាំងណាស់ គឺខ្ញុំបានទៅឃើញដោយផ្ទាល់ អ៊ីចឹងខ្ញុំមានការរន្ធត់ចិត្ត ហេតុនេះឆ្លៀតក្នុងឱកាសធ្វើសកម្មភាពដោយផ្ទាល់របស់យើងនៅពេលនេះយើងក៏សូមអំពាវនាវតាមសហគមន៍ សាលារៀន មន្ទីរសាធារណៈ និងមន្ទីរចំណុះឲ្យខេត្តត្រូវនាំគ្នាបោសសម្អាតឲ្យស្អាត និងមានអនាម័យ»។
លោកបញ្ជាក់ថា៖ «ខ្ញុំចង់ឲ្យភ្ញៀវទេសចរដែលមកទស្សនានៅប្រទេសយើង មើលឃើញថាកម្ពុជាជាប្រទេសមួយដែលស្អាត មិនចាញ់សិង្ហបុរី ព្រោះសិង្ហបុរីបានមករៀនសូត្រពីកម្ពុជាកាលជំនាន់ព្រះបិតា ព្រះករុណា សីហនុ ហើយក្រោយមកគេមានការវិវឌ្ឍទីក្រុងរបស់គេក្លាយជាទីក្រុងស្អាត អ៊ីចឹងខ្ញុំចង់ឃើញទីក្រុងភ្នំពេញ និងទីរួមខេត្តទាំងអស់នៅក្នុងប្រទេសកម្ពុជានាំគ្នាចាប់ផ្តើមពីក្រុមគ្រួសារ ពីខ្លួនយើងទាំងអស់គ្នាគឺនាំគ្នាចេះសម្អាត។ នេះជាចំណុចសំខាន់ដែលយើងត្រូវចាប់ផ្តើមធ្វើពីពេលនេះទៅហើយនៅថ្ងៃនេះ សហព័ន្ធរបស់យើងមានកូនសិស្ស និងថ្នាក់ដឹកនាំទាំងអស់បានចូលរួមធ្វើជាគំរូ ហើយយើងនឹងបន្តធ្វើនៅតាមទីតាំងផ្សេងៗទៀត»៕