ភ្នំពេញៈ កីឡាករ​ជើងចាស់ ម៉ន ភារម្យ របស់​ក្លិប​កងទ័ព​ជើងគោក​ត្រូវ​បាន​គ្រូបង្វឹក​របស់​ខ្លួន​មើលឃើញ​ថា​អាច​នឹង​យក​ឈ្នះ​អ្នកប្រដាល់​ជើង​ថ្មី ចាន់ សាន់ ក្នុង​ការប្រកួត​ជម្រុះ​ជុំ​ទី​ ២ ឬ​វគ្គ​ ១៦ ​នាក់​ចុងក្រោយ​នៃ​ពានរង្វាន់ TV5 Boxing Knock Out Serie នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ថ្ងៃ​សៅរ៍​នេះ រីឯ ឆៃ សារ៉ា ត្រូវ​បាន​ដាក់​ឲ្យ​ជួយ​ជើង​ខ្លាំង Chhouk Chhai ក្នុង​នាម​ជា​គូ​មិត្តភាព​អន្តរជាតិ​។

លោក ម៉ាង ម៉ន ជា​គ្រូបង្វឹក​កីឡាករ ម៉ន ភារម្យ បាន​ប្រាប់​ថា​៖ «​ភារម្យ មាន​ភាគរយ​ច្រើន​ក្នុង​ការយក​ឈ្នះ​លើ ចាន់ សាន់ ដោយ​ប្រើ​ក្បាច់​ជង្គង់ និង​កែង ប៉ុន្តែ​វា​មាន​បញ្ហា​ផ្នែក​កម្លាំង ព្រោះ​វា​ខ្សោយ​ជាង​មុន និង​ចាស់​ជាង ខណៈ ចាន់ សាន់ នៅ​វ័យក្មេង កម្លាំង​នៅ​ល្អ​។ ទោះ​ជា​យ៉ាងនេះ​ក្តី ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ ព្រោះ​ប្រកួត​នេះ​មាន​តែ​ ៣ ​ទឹក​ដែល​ជា​ឱកាស​ល្អ​សម្រាប់​ភារម្យ​»​។

ការសង្ឃឹម​របស់​លោក ម៉ាង ម៉ន បែប​នេះ​ក៏​ព្រោះតែ ម៉ន ភារម្យ ជា​កីឡាករ​ជើងចាស់​មាន​បទពិសោធ​ប្រកួត​ច្រើន​ជាង​កីឡាករ ចាន់ សាន់ របស់​ក្លិប​និរោធ​មានជ័យ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ប្រាកដថា អ្នកណា​ដែល​ទទួល​បាន​ជ័យជម្នះ ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ ៨ ​នាក់​ចុងក្រោយ​ឲ្យ​ប្រាកដ​នោះទេ​? ព្រោះ ចាន់ សាន់ ក៏​មាន​ក្បាច់​ប្រកួត​ល្អ​ផង​ដែរ​។

ចំណែក​កីឡាករ ឡុង ណងសៅ ក៏​នឹង​ត្រូវ​ប្រកួត​ជម្រុះ​ជាមួយ​អ្នក​ប្រដាល់ គួន សុវណ្ណ ដើម្បី​ស្វែងរក​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ ១/៤ ​ផ្តាច់ព្រ័ត្រ​ផងដែរ​។ ឡុង ណងសៅ ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ហើយ​រូបគេ​បាន​ផ្តួល​កីឡាករ ប្រាក់ ស៊ីណាត ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ១ ក្នុង​វគ្គ​ជម្រុះ​ ៣២ ​នាក់​ដំបូង​ដែល​ជា​កំណត់ត្រា​ល្អ ធ្វើឲ្យ​មាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​មហាជន​។

ទោះបី​ជា​យ៉ាងណា ណងសៅ មិនមែន​ជា​អ្នក​ប្រដាល់​ដែល​មាន​ក្បាច់​សម្លាប់​ច្បាស់លាស់ តែ​គេ​អាច​មាន​របៀប​វាយ​ហ៊ាន​វ៉ៃ​ប្ដូរ និង​មាន​កលល្បិច​វ៉ៃ​មិន​ដកថយ ប៉ុន្តែ​តាម​កំណត់​សម្គាល់​ក្បាច់​ជង្គង់​របស់ គួន សុវណ្ណ ទំនង​មាន​ប្រៀប​ជាង និង​ជា​កីឡាករ​មាន​បទពិសោធ​លើស​ង្វៀន​ល្អ​ជាង​។

បើ​ទោះបី​ជា គួន សុវណ្ណ មាន​វ័យ​ចំណាស់​ជាង​បន្តិច​មែន ប៉ុន្តែ​គេ​មាន​កលល្បិច​អស្ចារ្យ​ណាស់​ផ្នែក​ក្បាច់​ជង្គង់ និង​មាន​ស្នៀត​ការពារ​ល្អ​។ បន្ថែម​លើ​នេះ សុវណ្ណ មាន​ប្លង់​វ៉ៃ​ល្អ គឺ​ក្បាច់​ជង្គង់ និង​កែង​មុត​ស្រួច ព្រម​ទាំង​ចេញ​កណ្ដាប់ដៃ​បាន​រហ័ស ដោយ​ធ្លាប់​ឈ្នះ​ចំណាត់ថ្នាក់​លេខ​ ២ ​ជម្រើស​ជាតិ​ផង​ដែរ ហេតុនេះ​ការប្រកួតប្រជែង​របស់​អ្នក​ទាំង​ ២ ​នេះ​អាច​នឹង​មាន​ភាពតានតឹង​ខ្លាំង​គឺ​អាច​នឹង​ទ្រម​ខ្លួន​ដូចគ្នា​មិន​ខាន​។

ក្រៅពី​ការប្រកួត​ជម្រុះ​ដណ្តើម​ពាន​ទម្ងន់​ ៥៥ ​គីឡូក្រាម​នេះ កីឡាករ​កម្ពុជា ឆៃ សារ៉ា ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​ថៃ Chhouk Chhai ហើយ​សមត្ថភាព​របស់​អ្នក​ទាំង​ ២ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​បើ​សិន Chhouk Chhai វ៉ៃ​អស់​ពី​សមត្ថភាព ដោយ​ប្រើ​តែ​ក្បាច់​ជង្គង់​នោះ ឆៃ សារ៉ា គ្មាន​ភាគរយ​ឈ្នះ​ថៃ​ទាល់តែ​សោះ ប៉ុន្តែ​ករណី​ភ្លាត់​ស្នៀត​ក៏​អាច​កើត​មាន​ផង​ដែរ​៕