ភ្នំពេញ: អ្នក​ប្រដាល់​ជើង​ខ្លាំង​វ័យក្មេង ម៉ន រដ្ឋា (បច្ចុប្បន្ន​ប្រើ​ឈ្មោះ អេ រដ្ឋា) កំពុង​ស្ថិត​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ដោយ​របួស​ធ្ងន់ធ្ងរ​ត្រូវ​វះកាត់​ធំ បន្ទាប់​ពី​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​បុក​ពេញ​ទំហឹង កាល​ពី​យប់​ថ្ងៃ​អង្គារ ហើយ​ក្រោយ​កា​រវះ​កាត់​ពេញ ១ យប់​រួច​មក​នោះ រដ្ឋា នៅ​មិន​ទាន់​ដឹង​ខ្លួន​ទេ។ ក្រុម​គ្រូពេទ្យ និង​គ្រួសារ មិន​ទាន់​ហ៊ាន​អះអាង​ពី​ស្ថានភាព​របួស​ទេ ខណៈ​តម្រូវការ​ចាំបាច់​គឺ​ឈាម​ជា​ប្រចាំ​ចំនួន ១៣ ប្លោក​ឯណោះ និង​ស្វែង​រក​ជំនួយ​ពី​ថ្នាក់​ដឹកនាំ។

តាម​កីឡាករ ម៉ន សា​ម៉េ​ត ជា​បងប្អូន បាន​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា កាលពី​ម៉ោង ៧ យប់ ថ្ងៃ​អង្គារ ម៉ន រដ្ឋា បាន​ខ្ចី​ម៉ូតូ​បងប្អូន​ជិះ​ពី​ព្រែក​ឯង​កៀន​ស្វាយ ឆ្ពោះ​ទៅ​ក្លិប​ប្រដាល់​អេភូថង ប៉ុន្តែ​មក​ដល់​ចំណុច​ម្តុំ​បឹងស្នោ ក៏​ជួប​គ្រោះ​ថ្នាក់​ដោយ​ឡាន​បុក​តែ​ម្តង។

ម៉ន សា​ម៉េ​ត បាន​បញ្ជាក់ថា៖ «តាមរយៈ​ការវះកាត់​ពេញ ១ យប់​គឺ​ខាង​គ្រូពេទ្យ​ប្រាប់​ថា ម៉ន រដ្ឋា ដាច់​ពោះវៀន របូស​ក្រលៀន ដាច់​សរសៃពួ និង​រង​របួស​គ្រាំគ្រា​ផ្នែក​មួយ​ចំនួន​ទៀត​ធ្ងន់ធ្ងរ​ផង។ ចំណែក​គ្រួសារ​គ្មាន​ប្រាក់​ទេ ប៉ុន្តែ​ការ​វះកាត់​ព្យាបាល​ធ្ងន់​បែប​នេះ​ខាង​គ្រូពេទ្យ នៅ​មិន​ទាន់​សួរ​នាំ​រឿង​លុយ​ទេ ដោយ​គាត់​ខិត​ខំ​ព្យាបាល​យ៉ាង​យក​ចិត្ត​ទុក​ដាក់​បំផុត»។

បើតាម​ម្តាយបង្កើត​របស់ ម៉ន សា​ម៉េ​ត បាន​អះអាងថា ម៉ន រដ្ឋា មិនមែន​ជា​បងប្អូន​បង្កើត ជាមួយ ម៉ន សាម៉េត ទេ គឺ​គេ​ជា​ក្មេង​កំព្រា ដែល​អ្នក​ស្រី​បាន​រើស​មក​ចិញ្ចឹម​តាំង​ពី​អាយុ ១០ ឆ្នាំ និង​បាន​រស់​នៅ និង​ហ្វឹកហាត់​ជាមួយ​គ្នា​ចាត់​ទុក​ដូច​កូន​បង្កើត ហើយ​គិត​មក​ដល់​ពេល​នេះ ម៉ន រដ្ឋា មាន​អាយុ ២៣ ឆ្នាំ​ហើយ មិន​ទាន់​មាន​ប្រពន្ធ​ទេ។

ចំណែក​លោក ម៉ាង ម៉ន ជា​គ្រូបង្វឹក និង​ជា​អាណាព្យាបាល ដែល​ចឹ​ញ្ចឹម ម៉ន រដ្ឋា តាំង​ពី​កុមារ​មក បាន​និយាយ​ថា៖ «គ្រូសារ​ខ្ញុំ​ប្រដាល់​មួយ​ពូជ កូនៗ​បាន​រៀន​សូត្រ​ចេះដឹង​តិច​តួច​ណាស់​គឺ​មុខរបរ​មាន​តែ​ប្រដាល់​មួយ​មុខ ហើយ​ពេល​នេះ​ជួប​ឧបសគ្គ​ធំ​បែប​នេះ គ្មាន​ប្រាក់​ទេ គឺ​វ៉ៃ​បាន​លុយ​តិច​តួច​គ្រាន់​រស់​មួយ​គ្រាៗ​ប៉ុណ្ណោះ ហេតុ​នេះ​សូម​សម្តេច និង​មេៗ ព្រមទាំង​បងប្អូន​សប្បុរស​ជន មេត្តា​ជួយ​ផង ដើម្បី​សង្គ្រោះ​ជីវិត​កូន​ខ្ញុំ ម៉ន រដ្ឋា ដែល​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាលម៉ែត ហើយ​ប្រសិន​ជា​ពេទ្យ គេ​យក​លុយ ខ្ញុំ​មិន​ដឹង​ថា រត់​ទៅ​ខ្ចី​បុល​ខាង​ណា​ទេ»។

ចំណែក​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​កាលពី​ថ្ងៃ​ពុធ​ថា៖ «ខ្ញុំ​មិន​ទាន់​បាន​ទទួល​ដំណឹង​ពី​គ្រោះ​ថ្នាក់​របស់ ម៉ន រដ្ឋា នៅ​ឡើយ​ទេ ដោយសារ​ជាប់​ភារកិច្ច​សំខាន់ តែ​ចាំ​ល្ងាច​បន្តិច ខ្ញុំ​នឹង​ពិនិត្យ​មើល និង​ជួយ​តាម​លទ្ធភាព»។

ប្រភព​មួយ​បង្ហើប​ថា អ្នក​ប្រដាល់​មួយចំនួន​បានទទួល​ប្រាក់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ភរិយា​គាត់​ច្រើន​ណាស់ មាន​ខ្លះ​បាន ៥ ពាន់​ដុល្លារ ខ្លះ​បាន ១ ម៉ឺន​ដុល្លារ ហើយ​ខ្លះ​បាន ២ ដង​ក៏មាន។ នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​កម្មការិនី​នៅ​ខេត្ត​កណ្តាល កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ថា ប្រពន្ធ​គាត់ គឺ​សម្តេច ប៊ុន រ៉ានី ធ្លាប់​បាន​ជួយ​ដល់​កីឡាករ​ប្រហែល ១០០ នាក់​ហើយ។

ដោយឡែក​កីឡាករ ទេស សំខាន់ ដែល​ធ្លាប់​របួស​ដាច់​ពោះវៀន និង​បាក់​ថ្គាម​ចូល​ដេក​ពេទ្យ​វះកាត់​ធំៗ​ចំនួន ២ លើក នៅ​មន្ទីរពេទ្យ​កាល់ម៉ែត កន្លង​មក បាន​អះអាង​ថា៖ «មាន​ការ​ជួយ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាក​បាទ​ក្រហម បាន​ចំនួន ២ លើក ក្នុង​ការ​ព្យាបាល ហើយ​មន្ទីរពេទ្យ​កាល់ម៉ែត មិន​យក​លុយ​ទេ»៕