ភ្នំពេញ៖ កីឡាករ​ជើង​ចាស់ ម៉ន សាម៉េត ​មក​ពី​ក្លិប​កងចក្រ​រាជសីហ៍​ និង ​ធន់ ​អៀង​ឡៃ​ ​របស់​​សមាគម​ប្រដាល់​កង​យោធពល​ខេមរភូមិន្ទ​ ពិត​ជា​មិន​អាច​ផ្តួល​គ្នា​ឲ្យ​សន្លប់​ក្នុង​រយៈពេល ​៩ នាទី ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើងឯក​នៅ​ក្នុង​ការ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​នៃ​កម្មវិធី​ Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន​បាន​នោះ​ទេ គឺ​ពួក​គេ​បាន​​ត្រឹម​ស្មើ និង​ចែក​ប្រាក់​រង្វាន់​ជា ​២​ ហើយ​លទ្ធផល​នេះ បាន​​ធ្វើ​ឲ្យ​អ្នក​តាម​ដាន​ទស្សនា​មិន​អស់​ចិត្ត​។

តាមរយៈ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​នោះ ​ម៉ន ​សាម៉េត​ បាន​យក​ឈ្នះ​ ​យុគ ​យក្ស​ផ្លែ ក្នុង​វគ្គ​ជម្រុះ ​៣ ទឹក រីឯ ​ធន់ ​អៀង​ឡៃ ​បាន​ឈ្នះ ​សេក ​គឹមសាន្ត ​ដូច​គ្នា​ ដើម្បី​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​តាមរយៈ​ការ​ប្រកួត​ចំនួន ​៩ នាទី​ពេញ តាម​ច្បាប់ Mas Fight នោះ អ្នក​ទាំង ​២ មិន​អាច​ផ្តួល​គ្នា​ឲ្យ​សន្លប់​នោះ គឺ​បាន​ត្រឹម​ស្មើ​គ្នា តាម​ច្បាប់​ប្រកួត និង​ចែក​ប្រាក់​រង្វាន់​ជា ​២ ​ស្មើ​គ្នា។

យ៉ាង​ណា​ក៏​ដោយ ជុំវិញ​ការ​មិន​អាច​ផ្តួល ធន់ អៀងឡៃ ឲ្យ​សន្លប់​នេះ ម៉ន ​សាម៉េត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​ការ​ប្រកួត​​ថា​៖ «​ខ្ញុំ​ទទួល​ស្គាល់​ថា ​ធន់ ​អៀងឡៃ​ ឥឡូវ​ល្អ​ជាង​មុន​មែន​ គឺ​​គេ​មាន​កម្លាំង​រឹងមាំ​ ដែល​វាយ​ទប់ទល់​ និង​ដក​ថយ​ច្រើន ​ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​លំបាក​ចូល​វាយ​សម្រុក​ផ្តួល​គេ​បាន​។

ជាមួយ​គ្នា​នេះ ម៉ន​ សាម៉េត​ បាន​ទម្លាយ​អាថ៌​កំបាំង​ពិត​ប្រាកដ​ថា​៖ «តាម​ពិត​ ខ្ញុំ​មាន​សុខភាព​មិន​សូវ​ល្អ ​កម្លាំង​ធ្លាក់​ចុះ​ និង​ឈឺ​សាច់​ដុំ ​ដោយសារ​តែ​ការ​ហ្វឹកហាត់​ខ្លាំង ​និង​ឡើង​ប្រកួត​សឹង​តែ​រាល់​សប្តាហ៍​ ប៉ុន្តែ​បញ្ហា​នេះ​ ខ្ញុំ​មិន​អាច​ប្រាប់​គេ​ឲ្យ​ដឹង​មុន​នោះ​ទេ​ ​ព្រោះ​កុំ​ឲ្យ​ដៃ​គូ​ដឹង​ ឬ​ខូច​កម្មវិធី​របស់​គេ​ ដែល​ត្រៀម​យូរ​មក​ហើយ​នោះ​»។​

អ្នក​ប្រដាល់​ជើង​ចាស់​រូប​នេះ​បាន​បន្ថែម​ថា៖ ​«កម្លាំង​របស់​ខ្ញុំ​ គឺ​អាច​វាយ​បាន​ត្រឹម​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ​ ហើយ​ការ​ព្យាយាម​ មិន​វាយ​ប្តូរ​សម្រុក​ខ្លាំង​របស់ ​ធន់ ​អៀង​ឡៃ​ គឺ​នាំ​ឲ្យ​ខ្ញុំ​លំបាក​ ចូល​វាយ​សម្រុក ​ដោយ​ខ្លាច​ភ្លាត់​ស្នៀត​សន្លប់​របស់​គេ​វិញ​។ ​ខ្ញុំ​គិត​ថា ​បើ​ចូល​​វាយ​សម្រុក​ខ្លាំង ​ខ្ញុំ​នឹង​អស់​ថាមពល​មិន​ខាន ​គឺ​នាំ​ឲ្យ​សន្លប់​ក្រោម​ស្នៀត​ជង្គង់​របស់​គេ​ ហេតុ​នេះ​វាយ​ចេញ​ផង​ និង​ប្រឹង​ទប់​ការពារ​ផង​ដែរ ​ប៉ុន្តែ​​បើ​មាន​ចៅ​ក្រម​ដាក់​ពិន្ទុ​ដូច​ប្រដាល់​គុន​ខ្មែរ ​ខ្ញុំ​វ៉ៃ​ស្រង់​ពិន្ទុ​យក​ឈ្នះ​បាន​»​។

ចំណែក​លោក​ ម៉ាង​ ម៉ន ជា​ឪពុក និង​ជា​​គ្រូ​បង្វឹក​បាន​​និយាយ​ថា​៖ «​ខ្ញុំ​មិន​អាច​បន្ទោស​បាន​ទេ​ ​ព្រោះ​ អា​ម៉េត​ មាន​វ័យ​ចាស់ ​ថែម​ទាំង​កូន ​២ ​កម្លាំង​ពិត​ជា​ធ្លាក់​ចុះ​ជាង​មុន អ៊ីចឹង​​បើ​វាយ​សម្រុក ​មិន​ប្រយ័ត្ន​ និង​ប្រើ​ស្នៀត​ការពារ​ឲ្យ​បាន​ល្អ​ទេ​នោះ ​អាច​ចាញ់​គេ​បាន ​ឬ​សន្លប់​ផង​ដែរ​ ហេតុ​នេះ​យើង​វាយ​ចាំ​ស្រង់​ដែរ ​ប៉ុន្តែ​ខាង​ ធន់ ​អៀង​ឡៃ​ ​ក៏​ញញើត​យើង​ មិន​ហ៊ាន​សម្រុក​​ខ្លាំង​ដូច​គ្នា»​។​

លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក​របស់ ​ធន់ ​អៀង​ឡៃ បាន​​ប្រាប់​ថា​៖ «​អៀង​ឡៃ ​ធ្លាប់​ចាញ់​ ម៉ន​ សាម៉េត ​ហេតុ​នេះ​មិន​ហ៊ាន​ចូល​ប្រថុយ​ប្រថាន​នោះ​ទេ​ គឺ​វាយ​ក្នុង​លក្ខណៈ​បច្ចេកទេស​ តាម​ប្លង់​និយាយ​ទៅ​ខ្លាច​ភ្លាត់​ស្នៀត​ដូច​គ្នា​។ ​តាម​ពិត​បើ​ពួក​គេ​វាយ​សម្រុក​ខ្លាំង​នោះ​ ក៏​មិន​ងាយ​នឹង​ចាញ់​ឈ្នះ​ដោយ​សន្លប់​ដែរ ​ព្រោះ​សុទ្ធ​តែ​ជា​កីឡាករ​ហ្វឹកហាត់​បាន​ល្អ​ គោរព​វិន័យ​ល្អ ​មាន​បទពិសោធ​ច្រើន​​លើ​សង្វៀន​ អ៊ីចឹង​​ការ​ចាញ់​ឬ​ឈ្នះ ​សុទ្ធ​តែ​មាន​ស្នៀត​ការពារ​ខ្លួន​ល្អ​ដូច​គ្នា ​មិនមែន​វាយ​លក្ខណៈ​ផ្សង​ព្រេង​ដូច​ជើង​ថ្មី​ថ្មោង​នោះ​​​ឡើយ»​។​

អ្នក​ទស្សនា​ភាគ​ច្រើន​ ព្រម​ទាំង​គណៈកម្មការ​ និង​ពិធីករ ​សុទ្ធ​តែ​បញ្ចេញ​មតិយោបល់​តាំង​ពី​មុន​ពេល​ប្រកួត ​ដោយ​រំពឹង​ថា ​អ្នក​ទាំង ​២ ​​នេះ​ នឹង​ស្មើ​គ្នា​​តាម​ច្បាប់ Mas Fight ​ហើយ​លទ្ធផល ​គឺ​ដូច្នេះ​មែន​។ តាមរយៈ​ការ​ស្មើ​គ្នា​នេះ ​ម៉ន សាម៉េត ​និង ​ធន់ ​អៀង​ឡៃ​ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ​២ លាន​រៀល​ស្មើៗ​គ្នា៕