ភ្នំពេញៈ ការប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្តើមពាន TV5 Boxing Knock Out Serie (K Cement) បាន​ឈាន​មក​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​នៅ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ ដោយ​ក្នុង​នោះ ម៉ន សាម៉េត ត្រូវ​ជួប គួន ប៊ុនហ៊ីម ហើយ ធន់ អៀងឡៃ ជួប បឺត សង្ឃឹម ដើម្បី​រក​អ្នក​ឈ្នះ​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។

តាមរយៈ​ការប្រកួត​ជម្រុះ​តាំងពី​វគ្គ​ ៣២ ​នាក់​ដំបូង​មក​នេះ ម៉ន សាម៉េត បាន​ឈ្នះ ឯម សុធី ក្នុង​ជុំ​ទី​ ១ រួច​បន្ត​ផ្តួល​មិត្ត​រួម​គ្រូ រឿន សុខលី ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ២ និង​ជុំ​ទី​ ៣ ឈ្នះ​ពិន្ទុ យុគ យក្ស​ផ្លែ​។ រីឯ គួន ប៊ុនហ៊ីម បាន​ឈ្នះ រិទ្ធ ប្រាក់ប៊ិន ឈ្នះ ជា ចំរើន ហើយ​ជុំ​ទី​ ៣ គេ​បាន​ឈ្នះ យ៉ន ពិសី​។

សម្រាប់​ជំនួប​ដោយ​ផ្ទាល់​ចំនួន​ ៦ ​លើ ម៉ន សាម៉េត ឈ្នះ គួន ប៊ុនហ៊ីម ទាំងអស់​។ ទោះ​ជា​យ៉ាងណា ម៉ន សាម៉េត បាន​និយាយ​ថា​៖ «​ការប្រកួត​នេះ​មិន​មែង​ងាយស្រួល​ទេ ព្រោះ គួន ប៊ុនហ៊ីម ឥឡូវ​ហាត់ និង​ប្រកួត​បាន​ល្អ ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ​ត្រឹម​ ៦០ ​ភាគរយ​ប៉ុណ្ណោះ​។ ខ្ញុំ​នឹង​ឈ្នះ ប៉ុន្តែ​ឆ្លង​ឧបសគ្គ​ធំៗ គឺ​ឈ្នះ​ទាំង​លំបាក​»​។

គួន ប៊ុនហ៊ីម (​ឆ្វេង​) ត្រូវ​ប្រកួត​ជាមួយ ម៉ន សាម៉េត ម្តង​ទៀត​។ស្រេង ម៉េងស្រ៊ុន

ចំណែក​លោក សៅ ប៊ុនធឿន គ្រូបង្វឹក គួន ប៊ុនហ៊ីម បាន​និយាយ​ថា​៖ «​ការប្រកួត​ជាមួយ ម៉ន សាម៉េត ពិតជា​លំបាក​ឈ្នះ ប៉ុន្តែ​ការប្រឹងប្រែង​ហ្វឹកហាត់​ឡើង​ប្រកួត យើង​នៅ​តែ​មាន​សង្ឃឹម​ឈ្នះ​ជានិច្ច​»​។ លោក ប៊ុនធឿន អះអាង​ថា​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព និង​មាន​ទំនុក​ចិត្ត​ឈ្នះ​ ៥០ ​ភាគរយ​។

ចំពោះ បឺត សង្ឃឹម​វិញ​នៅ​ជុំ​ទី​ ១ គេ​បាន​ឈ្នះ សយ សី រួច​ឈ្នះ ឆាយ មាស និង​ជុំ​ទី​ ៣ ​ឈ្នះ ស៊ឹម ប៊ុនឆៃ​។ ចំណែក ធន់ អៀងឡៃ នៅ​ជុំ​ទី​ ១ ​បាន​ឈ្នះ អេរ៉ាវ៉ាន់ ចាន់រាជ ហើយ​បន្ត​ឈ្នះ​ សេក គឹមសាន្ដ នៅ​ទឹក​ទី​ ១ និង​បាន​ឈ្នះ​ពិន្ទុ​លើ​រៀមច្បង​របស់​គេ​គឺ សៀវ ង៉ុយ​។ ការវិល​មក​ជួប​គ្នា​របស់​អ្នក​ទាំង​ ២ ​នេះ​ត្រូវ​បាន​គេ​វាយតម្លៃ​ថា​អាច​នឹង​យក​ឈ្នះ​ចាញ់​គ្នា​យ៉ាង​តានតឹង​បំផុត​។

លោក ជួន សំណាង គ្រូ​ប្រដាល់​ ១ ​រូប​បាន​វាយតម្លៃ​ថា ប្រសិន​បើ បឺត សង្ឃឹម រក្សា​ក្បាច់​ជង្គង់​ល្អ និង​មាន​ប្រៀប​ជាង ប៉ុន្តែ​បើ​វាយ​ក្បាច់​កណ្តាប់ដៃ ឬ​ចម្រុះ​នោះ ធន់ អៀងឡៃ អាច​មាន​ប្រៀប​ជាង​វិញ​។

ចំណែក​លោក ធន់ សុភា គ្រូបង្វឹក អៀងឡៃ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​មាន​ទំនុកចិត្ត​ឈ្នះ​ ៨០ ​ភាគរយ​។ តាមរយៈ​ការហ្វឹកហាត់ និង​រក្សា​សុខភាព គឺ អៀងឡៃ ត្រៀម​បាន​ល្អ និង​កំណត់​យក​ឈ្នះ​ឲ្យ​បាន​ក្នុង​ភាគរយ​ខ្ពស់ ប៉ុន្តែ​វា​ឈ្នះ​ដោយ​តឹងតែង​»​។

បន្ថែម​ពី​លើ​គូ​ខ្សែក្រវាត់​នេះ​គឺ​អ្នករៀបចំ​សង្វៀន​ប៉ុស្តិ៍​លេខ​ ៥ លោក សេង កដិកា បាន​អះអាង​ថា​គូ​មិត្តភាព​អន្តរជាតិ​គឺ​ដាក់​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់ ព្រំ សំណាង ឲ្យ​ប្រកួត​ជាមួយ​ថៃ Manouv Van ក្នុង​ប្រភេទ​ទម្ងន់​ ៧៧ ​គីឡូក្រាម ដើម្បី​ធ្វើឲ្យ​ព្រឹត្តិការណ៍​ប្រកួត​នេះ​កាន់តែ​មាន​ភាព​ទាក់ទាញ​៕