ភ្នំពេញ៖ ​អ្នក​ប្រដាល់​​ល្បី​ឈ្មោះ​​លំដាប់​ជួរ​មុខ និង​​មាន​បទពិសោធ​ច្រើន​ចំនួន ​៤ ​នាក់ មាន ម៉ន សាម៉េត, ធន់ អៀងឡៃ, សេក គឹមសាន្ត និង យុគ យក្សផ្លែ ត្រូវ​បាន​គណៈកម្មការ​ផ្គូផ្គង ដាក់​ឲ្យ​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​​ប្រាក់​លាន​ទម្ងន់ ​៥៧ ​គីឡូក្រាម​នៃ​កម្មវិធី Mas Fight Cambodia នៅ​លើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​​ខាង​មុខ​។

សម្រាប់​ការ​ប្រកួត ដែល​តម្រូវ​ឲ្យ​ចាប់​ឆ្នោត​មុន​ការ​ប្រកួត​នេះ ម៉ន សាម៉េត និង​ភាគី ធន់ អៀងឡៃ សុទ្ធ​តែ​មាន​ការ​រំពឹង​ខ្ពស់​ថា នឹង​ទទួល​បាន​ជ័យជម្នះ នៅ​ក្នុង​វគ្គ​ជម្រុះ ​៣ ទឹក ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​វគ្គ​នេះ ​អ្នក​អាច​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​ក្នុង​ការ​ប្រកួត​គ្នា​ ​៩ នាទី គ្មាន​ឈប់​នឹង​ទទួល​បាន​ប្រាក់​រង្វាន់​​សរុប​ចាប់​ពី ​៣,៤ ​លាន​រៀល​ឡើង។

កីឡាករ ម៉ន ​សាម៉េត​ ដែល​មាន​បទពិសោធ​​ប្រកួត​ចាស់​វស្សា​ជាង​គេ​នោះ បាន​ប្រាប់​​ថា​៖ ​«​ខ្ញុំ​ព្យាយាម​រក​ល្បិច​កល​ ដើម្បី​យក​ឈ្នះ​ឲ្យ​បាន​ ព្រោះ​កន្លង​មក ខ្ញុំ​ធ្លាប់​ឈ្នះ​ ធន់ អៀង​ឡៃ ​ម្តង និង​​ឈ្នះ​ យុគ យក្ស​ផ្លែ​ ៤ ​ដង​ តែ​មិន​ធ្លាប់​​ប៉ះ ​សេក ​គឹមសាន្ត ​ទេ​។ ​ខ្ញុំ​មិន​ចង់​និយាយ​ពី​បច្ចេកទេស​ទេ ដើម្បី​​កុំ​ឲ្យ​ដៃ​គូ​ដឹង ​ប៉ុន្តែ​ខ្ញុំ​​សង្ឃឹម​ និង​ជឿ​ជាក់​ថា​ ក្នុង​ចំណោម ​៣ ​នាក់ ​ដែល​ត្រូវ​ចាប់​ឆ្នោត​ប៉ះ​ខ្ញុំ ​គឺ​ធានា​ឈ្នះ ​៩០ ​ភាគរយ»​។​

ចំណែក​លោក ​ម៉ាង ​ម៉ន ​គ្រូ​ប្រដាល់​ជើង​ចាស់​ និង​ជា​ឪពុក​ ​ម៉ន ​សាម៉េត បាន​​និយាយ​ថា​៖ «អ្នក​ប្រដាល់​ទាំង ​៤ ​នេះ​ សុទ្ធ​តែ​ជម្រើស​ល្អ ​មាន​សមត្ថភាព ​គឺ​ឈ្នះ​ ឬ​ចាញ់​លំបាក​ណាស់​។ ​ទោះ​ជា​យ៉ាង​ណា​ អាម៉េត ​ដឹង​តែ​វ៉ៃ​អស់​ពី​សមត្ថភាព ​ហើយ​បើ​និយាយ​ពី​បច្ចេទេស ​និង​បទ​ពិសោធ វា​​លើស​គេ ​ប៉ុន្តែ​វា​ចាស់​មាន​កូន​ កម្លាំង​ធ្លាក់​ចុះ​បន្តិច»​។

លោក ​ម៉ាង​ ម៉ន​ ហាក់​មាន​ការ​បារម្ភ​ទៅ​លើ​ភាព​រីក​ចម្រើន​របស់ ធន់ អៀងឡៃ ដោយ​​បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​ទទួល​ស្គាល់​ថា ​ធន់ ​អៀង​ឡៃ​ ឥឡូវ​ល្អ​ជាង​មុន​មែន គឺ​​អាច​ល្អ​ផ្នែក​កម្លាំង​ ប៉ុន្តែ​បច្ចេកទេស​មិន​ងាយ​ស៊ី ​អាម៉េត ​ទេ​ ហើយ​គេ​ក៏​ធ្លាប់​ចាញ់ អាម៉េត ដែរ ហេតុ​នេះ​យើង​មាន​រំពឹង​ឈ្នះ ​៧០ ​ភាគរយ»។

ចំណែក លោក​ ធន់ ​សុភា​ គ្រូ​បង្វឹក​ ​ធន់ ​អៀង​ឡៃ ​ប្រាប់​ថា​៖ ​«អៀងឡៃ ​ធ្លាប់​ចាញ់ ម៉ន សាម៉េត ​កាល​ពី ១ ​ឆ្នាំ​មុន​មែន ​ប៉ុន្តែ​គិត​ដល់​ពេល​នេះ​ គេ​មាន​កម្រិត​វិជ្ជា​គុន ​ព្រម​ទាំង​បទពិសោធ​ ​និង​កម្លាំង​ ​ល្អ​ជាង​មុន​ឆ្ងាយ​​ណាស់​ ហេតុ​នេះ​ខ្ញុំ​គិត​ថា ​ឧបសគ្គ​ក្នុង​ការ​ដណ្តើម​ប្រាក់​លាន​នេះ​ មិន​ធំ​នោះ​ទេ​ ​ព្រោះ​​មាន​តែ​ ម៉ន ​សាម៉េត​ ម្នាក់​គត់ ​ដែល​តឹង​តែង​ក្នុង​ការ​យក​ឈ្នះ ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ខ្ពស់​ថា​ អៀង​ឡៃ​ ​នឹង​វ៉ៃ​ឲ្យ​បាន​ល្អ ​ដើម្បី​យក​ឈ្នះ​ឲ្យ​បាន»​។​

អតីត​កីឡាករ​ជើងខ្លាំង ​ធន់ ​សុភា​ បាន​បន្ថែម​ថា៖ ​«​ក្នុង​ពេល​​បច្ចុប្បន្ន​ ​អៀង​ឡៃ ​មាន​សមត្ថភាព​ល្អ​ ជាង ម៉ន ​សាម៉េត​ អ៊ីចឹង​ទោះ​គេ​ជួប​នរណា​នៅ​វគ្គ​ជម្រុះ ក៏​​នឹង​អាច​យក​ឈ្នះ​បាន​ ដើម្បី​​​​​ឈាន​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ ប៉ុន្តែ​​រឿង​វ៉ៃ​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​រយៈពេល ​៩ ​នាទី ​តាម​ច្បាប់​ប្រកួត ​Mas Fight នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​យក​ប្រាក់លាន ខ្ញុំ​មិន​ហ៊ាន​ធានា​នោះទេ»​​។​

ផ្ទុយ​ពី​នេះ លោក ​ឡុង ​ស៊ីលីន ​បាន​មើល​ឃើញ​ថា ​សិស្ស​របស់​លោក យុគ យក្សផ្លែ ​អាច​នឹង​ធ្លាក់ បើ​​ចាប់​ឆ្នោត​ប៉ះ ម៉ន សាម៉េត ឬ ធន់ អៀងឡៃ។ លោក​ប្រាប់​ថា៖ ​«ម៉ន សាម៉េត និង ធន់ អៀងឡៃ មាន​សមត្ថភាព​ល្អ​ជាង និង​ធ្លាប់​ឈ្នះ យក្សផ្លែ អ៊ីចឹង​បើ​ចាប់​ឆ្នោត​ជួប​អ្នក​ទាំង ​២ នេះ ​គឺ យក្សផ្លែ ​មាន​ភាគរយ​តិច​ណាស់ ​ដែល​អាច​​យក​ឈ្នះ​​ ​ប៉ុន្តែ​បើ​ ​យុគ យក្ស​ផ្លែ​ មាន​សំណាង​ចាប់​ឆ្នោត​ប៉ះ​ សេក​ គឹមសាន្ត ​គឺ​ធានា​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ជា​មិន​ខាន»។

លោក ​ឡុង ​ស៊ីលីន​ បាន​បន្ថែម​ថា​៖ «​​និយាយ​តាម​ត្រង់​​ទៅ ខ្ញុំ​គិត​ថា ​ទោះបី​ជា​​ យក្ស​ផ្លែ ខំហាត់​បាន​ល្អ ​ក៏​នៅ​តែ​​មាន​ភាគរយ​តិច​ ដែល​​អាច​យក​ឈ្នះ​លើ​ ម៉ន​ សាម៉េត​ និង ​ធន់ ​អៀង​ឡៃ ​​ព្រោះ​ស្នៀត​ប្រកួត​​ជា​អាវុធ​សំខាន់​របស់ ​យក្ស​ផ្លែ​ មាន​តែ​​​​កណ្តាប់​ដៃ​ និង​កម្លាំង ​ចំណែក​ សាម៉េត និង អៀងឡៃ មាន​​ជំនាញ​គ្រប់​ប្រភេទ​ ទាំង​កែង ​ជង្គង់ ​និង​កណ្តាប់​ដៃ»​៕​