ភ្នំពេញ: កីឡាករ​ប្រដាល់​ ម៉ន សាម៉េត មកពី​ក្លិប​កងចក្រ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​នឹង​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ Yorth Vandy ដែល​ធ្លាប់​ផ្តួលខ្លួន​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី​ ១ កាលពី​ ៣ ​សប្តាហ៍​មុន​ក្នុង​ការប្រកួត​កម្តៅ​សាច់ដុំ​។

ប៉ុនែ្ត​នៅ​ថ្ងៃ​បើក​ឆាក​ដំបូង​នៃ​ព្រឹត្តិការណ៍​កីឡា​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី​ ៨ ទម្ងន់​ ៥៧ ​គីឡូក្រាម​នា​រសៀល​ថ្ងៃ​សៅរ៍ ទី​ ១២ ខែ​មករា ឆ្នាំ​ ២០១៩ ​នេះ​នៅ​សង្វៀន​អាស៊ីអាគ្នេយ៍ (SEATV) ពួកគេ​ជួប​គ្នា​ម្តង​ទៀត​ដើម្បី​ស្វែងរក​ ៣ ​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ​សន្សំ​ពិន្ទុ​ជុំ​ដំបូង​។

ជាមួយ​គ្នា​នេះ​ដែរ​កីឡាករ​ វ៉ាន់ វឿន មកពី​ក្លិប​ឃ្លាំង​មឿង​កីឡា​នឹង​ប៉ះ​អ្នកប្រដាល់​ថៃ Deuk Ken ក្នុង​ការ​ប្រជែង​ដណ្តើម​រក​ ៣​ ​ពិន្ទុ​ដូច​គ្នា​។ ម៉ន សាម៉េត ដែល​កំពុង​ហ្វឹកហាត់​ល្អ និង​មាន​ទឹកចិត្ត​ប្រកួត​ពុះកញ្ជ្រោល​ចង់​សងសឹក​កីឡាករ​ថៃ Yorth Vandy នោះ​បាន​និយាយ​ថា​៖ «​តាំងពី​ចាញ់​កីឡាករ​ថៃ Yorth Vandy ដោយ​សន្លប់​ត្រឹម​ទឹក​ទី​ ១ ​នោះ ខ្ញុំ​មិន​ស្ងប់ចិត្ត​ទេ ដោយ​ដេក​មិន​លក់​ដោយ​ចង់​ប្រកួត​សងសឹក​ស្តារ​មុខមាត់​ឡើង​វិញ​»​។

ម៉ន សាម៉េត បាន​បន្ថែម​ថា​៖ «​លើក​នេះ​ខ្ញុំ​ប្រឹង​ហ្វឹកហាត់​ខ្លាំង​ជាប់​ជាប្រចាំ ហើយ​មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​យក​ឈ្នះ​ឲ្យ​បាន​។ ខ្ញុំ​ចង់វាយ​ឲ្យ​កីឡាករ​ថៃ​នោះ​សន្លប់​ក្នុង​ទឹក​ណា​មួយ​ឲ្យ​បាន ហើយ​និយាយ​ទៅ​គឺ​មិន​អាច​ចាញ់​បានទេ ក្រោយពី​បាន​ត្រៀម​ល្អ​»​។

លោក​ ម៉ាង ម៉ន គ្រូបង្វឹក​បាន​និយាយ​ថា​៖ «​សាម៉េត ហាត់​ជា​ប្រចាំ​រៀងរាល់​ថ្ងៃ និង​ចង់​យក​ឈ្នះ​ថៃ​ដើម្បី​បាន​ ៣ ​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ​ដំបូង​។ តាម​ខ្ញុំ​គិត សាម៉េត អាច​យក​ឈ្នះ​បាន​សម្រេច​គឺ​សឹងតែ​ ៩០ ​ភាគរយ​ពេល​ជួប​កីឡាករ​ថៃ​»​។

កីឡាករ​ប្រដាល់​ថៃ Yorth Vandy មាន​សមត្ថភាព​ក្នុង​ប្រដាល់​គុន​ខ្មែរ​ល្អ​ដែរ ប៉ុន្តែ ម៉ន សាម៉េត មាន​ជំនឿ​ទុកចិត្ត​លើ​កណ្តាប់ដៃ​របស់​ខ្លួន​អាច​បង្ក្រាប​អ្នក​ប្រដាល់​ថៃ​នេះ​។

Yorth Vandy ធ្លាប់​មក​ប្រកួត​នៅ​អាស៊ីអាគ្នេយ៍​តែ​ម្តងគត់​ដោយ​បាន​ផ្តួល​ឲ្យ​ ម៉ន សាម៉េត សន្លប់​ត្រឹម​ទឹក​ទី​ ១ ​ដោយ​ប្រើ​កណ្តាប់ដៃ​ចូល​ចង្កា​។

លោក​ ថាញ់ វ៉ាឡែក គ្រូបង្វឹក​កីឡាករ​ថៃ​បាន​និយាយ​ថា​៖ «​ខ្ញុំ​មិន​ទាន់​ហ៊ាន​និយាយ​ទេ ពីព្រោះ​សមត្ថភាព​របស់​អ្នក​ប្រដាល់​ទាំង​ ២ ​មាន​ចំណុច​ខ្លាំង​រៀងៗ​ខ្លួន ហើយ​លទ្ធផល​គឺ​អាស្រ័យ​លើ​ពេល​ប្រកួត​ជាក់ស្តែង ប៉ុន្តែ​ការចាញ់​ឈ្នះ​ពិតជា​តឹងតែង​»​។

ចំណែក​ វ៉ាន់ វឿន ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ Deuk Ken ខណៈ​កីឡាករ​ទាំង​ ២ ​ត្រូវការ​ឈ្នះ​បាន​ ៣ ​ពិន្ទុ​ដូចគ្នា​ដោយ​មិន​អាច​ធ្វើ​ធ្វេសប្រហែស​បាន​ឡើយ​។ តាម​គណៈកម្មការ​ផ្គូផ្គង​បាន​ឲ្យ​ដឹងថា អ្នក​ប្រដាល់​ថៃ Deuk Ken មាន​ស្នៀត​ប្រដាល់ និង​បច្ចេកទេស​មិន​ជា​អន់​នោះ​ឡើយ​ដោយ​ស្ថិតិ​ប្រកួត Deuk Ken មាន​ចំនួន​ ៥៩ ​លើក​ឈ្នះ​ ៤៨ ​លើក និង​ចាញ់ ​១១ ​លើក​។

ចំណែក​កីឡាករ​ វ៉ាន់ វឿន ប្រកួត​ចំនួន​ ៦៩ ​លើក​ឈ្នះ​ ៥៧ ​លើក និង​ចាញ់​ ១២ ​លើក​មិន​ដែល​ស្មើ​។

ព្រឹត្តិការណ៍​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​ខារ៉ាបាវ​រដូវកាល​ទី​ ៨ ​នេះ​មាន​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​ ៤ ​រូប និង​កីឡាករ​ថៃ​ ៤ ​រូប​ដើម្បី​វាយ​ដណ្តើម​យក​ខ្សែក្រវាត់​របស់​ភេសជ្ជៈ​ខារ៉ាបាវ​ឆ្នាំ​ ២០១៩ ដែល​មាន​ទឹកប្រាក់​រង្វាន់​សរុប​ចំនួន​ ៨ ០០០ ​ដុល្លារ​អាមេរិក ខណៈ​ដែល​កីឡាករ​ជាប់​ចំណាត់ថ្នាក់​លេខ​​ ១ ​ទទួល​បាន​ ៥ ០០០ និង​លេខ​ ២ ទទួល​បាន​ចំនួន​ ៣ ០០០ ​ដុល្លារ​។

កីឡាករ​ប្រដាល់​ជើង​ខ្លាំង​ទាំង​ ៤ ​រូប​របស់​កម្ពុជា​រួមមាន ម៉ន សាម៉េត ក្លិប​កងចក្រ​រាជសីហ៍​មាន​រិទ្ធ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា លាភ រដ្ឋា ក្លិប​ដីឡូត៍​មាន​រិទ្ធ​ខេត្ត​បន្ទាយមានជ័យ និង​ តាញ់ មករា សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារជាតិ​។ កីឡាករ​ប្រដាល់​ថៃ​ ៤ ​នាក់​វិញ​មាន Deuk Ken, Yorth Vandy, Dek Doeur និង Banda Sak ខណៈ​ការប្រកួត​ចំណាយ​រយៈពេល​ ១២ ​សប្តាហ៍​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​ ១២ ខែ​មករា ឆ្នាំ​ ២០១៩ និង​បញ្ចប់​នៅ​ថ្ងៃទី​ ២៣ ខែ​មីនា ឆ្នាំ​ ២០១៩៕