ភ្នំពេញ៖ អ្នកប្រដាល់ចិត្តធំ ម៉ន សាម៉េត របស់សមាគមប្រដាល់ក្រសួងមហាផ្ទៃ ដែលកំពុងតែត្អូញត្អែរពីការលំបាករកទីផ្សារប្រកួតនោះ បានឡើងប្រកួតស្តារលទ្ធផលល្អប្រសើរវិញ ដោយឈ្នះពិន្ទុលើកីឡាករជើងខ្លាំងថៃ Buo VY បន្ទាប់ពីប្រកួតគ្នាយ៉ាងស្វិតស្វាញចំនួន ៥ ទឹកពេញយ៉ាងតឹងតែង នៅលើសង្វៀនអាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ។
ក្រោយទទួលបានជ័យជម្នះនេះ ម៉ន សាម៉េត សប្បាយចិត្តខ្លាំង ដោយរពឹងថា នឹងមានកម្មវិធីប្រកួតបន្តបន្ទាប់ឡើងវិញ ក្នុងពេលខាងមុខនេះ ព្រោះរូបគេបានកត់សម្គាល់ឃើញថា ការប្រកួតធ្លាក់ចុះបន្តិច គឺការចាញ់ថៃ Kamlayok កាលពីចុងខែធ្នូ ឆ្នាំ ២០១៩ និងការបន្តចាញ់ថៃ Khom Pichit កាលពីថ្ងៃទី ៥ ខែ មករា ឆ្នាំ ២០២០ រួចមក ទើបតែទទួលបានការប្រកួតជាថ្មីនៅយប់ថ្ងៃអាទិត្យនេះ។
ជាមួយគ្នានេះ ការយកឈ្នះកីឡាករថៃ Buo Vy លើកនេះ អាចចាត់ទុកថា បានស្តារមុខមាត់ឡើងវិញ ដើម្បីងាយស្រួលស្វែងរកទីផ្សារប្រកួតទៀត ខណៈប្រកួតលើកនេះមានលក្ខណៈប្រទាញប្រទង់គ្នាខ្លាំង គឺ ម៉ន សាម៉េត មានប្រៀបលើ Buo Vy តែបន្តិចបន្តួចប៉ុណ្ណោះ ពិសេសនៅក្នុងទឹកទី ៤ ហើយក្រៅពីនេះលំបាកក្នុងការផ្តល់ដាក់ពិន្ទុដូចគ្នា។
ម៉ន សាម៉េត បាននិយាយប្រាប់ក្រោយការប្រកួតថា៖ «ការប្រកួតលើនេះ លំបាកខ្លាំងហើយខ្ញុំបានប្រឹងប្រែងខ្លាំងណាស់ ដើម្បីយកឈ្នះសន្សំក្រេឌីត ងាយស្រួលសុំឡើងប្រកួតលើកក្រោយ»។ បន្ទាប់ពីខកខានប្រកួតជិត ២ ខែ ឥឡូវ ម៉ន សាម៉េត បានវិលមកកាន់ការប្រកួតក្នុងទម្ងន់ ៦០ គីឡូក្រាម ប៉ុន្តែភាពរហ័សរហួនទំនងជាធ្លាក់ចុះជាងមុន ខណៈដែលទឹកចិត្តប្រកួត និងការវាយសម្រុក គឺនៅតែមោះមុតដូចមុន។
សម្រាប់ភាគីខាងកីឡាករថៃ លោក ថៃ អ៊ូ បាននិយាយថា៖ «ខ្ញុំមើលឃើញពីការប្រកួតចំនួន ៥ ទឹកនេះ គ្មានទឹកណាគួរឲ្យ ម៉ន សាម៉េត ឈ្នះនោះទេ ព្រោះក្បាច់ឱបឡើងជង្គង់ និងស្នៀតទាត់ចេញរបស់កីឡាករ Buo Vy មានប្រៀបជាង»។
លោកបន្តថា៖ «ទោះជាយ៉ាងណា ខ្ញុំ និងកីឡាករថៃ មិនតវ៉ាទេ ដោយសារនេះគ្រាន់តែជាការប្រកួតមិត្តភាព ពិសេសក្នុងទឹកចិត្តរបស់ខ្ញុំ គឺនាំកីឡាករថៃមកប្រកួតមែន ប៉ុន្តែមានភក្តីភាព និងស្រឡាញ់កីឡាករខ្មែរជាង ព្រោះជាតិរបស់យើង ហើយការចាញ់ ឬឈ្នះមិនមែនខ្ញុំសម្រេចនោះទេ គឺនៅលើគណៈកម្មការវិនិច្ឆ័យ»។
ចំណែកការប្រកួតរវាង ឡុង ជិន និងកីឡាករថៃចំណូលថ្មី Semmorokouth បានតស៊ូជាមួយគ្នាពេញចំនួន ៥ ទឹក ខណៈដែល ឡុង ជិន ហាក់បីដូចលំបាកខ្លាំងណាស់ ក្នុងការបង្ក្រាបទៅលើកីឡាករថៃរូបនេះ ហើយមួយរយៈនេះ ឡុង ជិន ក៏ធ្លាក់ចុះនូវកម្រិតវិជ្ជាគុន ព្រមទាំងកម្លាំងជាងមុន រីឯស្នៀតជង្គង់ និងក្បាច់សម្លាប់របស់គេ វ៉ៃស្លូតជាងមុនឆ្ងាយណាស់។
ទោះជាយ៉ាងណា ឡុង ជិន បានអះអាងថា បានហ្វឹកហាត់ល្អ ប៉ុន្តែកម្លាំងរបស់គេធ្លាក់ជាងមុន ជាហេតុនាំឲ្យការវាយសម្រុកខ្លាំងៗនោះ ត្រូវប្តូរមកវ៉ៃតាមរបៀបមួយៗតាមបច្ចេកទេសដើម្បីសន្សំកម្លាំង។ ទោះជាយ៉ាងនេះក្តី ឡុង ជិន មានប្រៀបបន្តិចបន្តួចលើកីឡាករថៃ ផ្នែកក្បាច់ជង្គង់ ខណៈដែលចៅក្រមកាត់ក្តី និងគណៈកម្មការវិនិច្ឆ័យ សម្រេចឲ្យ ឡុង ជិន ឈ្នះត្រឹមពិន្ទុប៉ុណ្ណោះ៕