ភ្នំពេញៈ ព្រឹត្តិការណ៏​កីឡា​ប្រចាំឆ្នាំ ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ឆ្នាំ​ ២០១៩ ត្រូវ​បាន​ផ្អាក​ ១ ​ឆ្នាំ ហើយ​ការផ្អាក​នេះ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ម៉ារ៉ាតុង​របស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​លើក​ហេតុផល​ថា ដោយសារ​តែ​ខ្វះ​ដៃគូ​ឧបត្ថម្ភ ហើយ​បរិយាកាស​ខេត្ត​ព្រះសីហនុ​មិន​សូវ​មាន​ភាព​អំណោយផល​។

ក្នុង​រយៈពេល​ ៧ ​ឆ្នាំ​មក​ហើយ ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​តែងតែ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ឆ្នេរ​អូរឈើទាល​ក្នុង​ខេត្ត​ព្រះសីហនុ​នា​ថ្ងៃទី​ ៨ ខែ​មីនា ដើម្បី​អបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ ដោយ​មាន​ការគាំទ្រ​ពី​ដៃគូ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ប៉ុន្តែ​ឆ្នាំ​នេះ​ស្រាបៀរ​អង្គរ​បាន​ផ្តាច់​កុងត្រា​ហើយ​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​បាន​ថ្លែង​ប្រាប់​ថា​៖ «​ព្រឹត្តិការណ៍​កីឡា​មហាជន និង​ទេសចរណ៍​មួយ​នេះ​ពិតជា​ត្រូវ​ផ្អាក​មែន ព្រោះ​ដៃគូ​ឧបត្ថម្ភ​របស់​យើង​គឺ​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ​បាន​ផ្តាច់​ទាំង​ស្រុង ហើយ​យើង​កំពុង​តែ​ស្វះស្វែង​រក​ដៃគូ​បន្ត​ទៀត​ដើម្បី​បាន​ចាប់ផ្តើម​ឡើង​វិញ​នៅ​ឆ្នាំក្រោយ​»​។

លោក​បន្ថែម​ថា​៖ «​ប្រធានបទ​កីឡា​មហាជន និង​ទេសចរណ៍​មួយ​នេះ​មាន​សារសំខាន់​ក្រោម​ខ្លឹមសារ ដើម្បី​ការពារ​ធម្មជាតិ​សង្គ្រោះ​ផែនដី និង​សុខុមាលភាព​នៃ​មនុស្សលោក និង​កៀរគរ​ឲ្យ​មាន​មនុស្សធម៌​ពី​កីឡា ដើម្បី​ជួយ​ដល់​សង្គម​ដូចជា​កន្លង​មក​ថវិកា​ដែល​យើង​បាន​មកពី​ព្រឹត្តិការណ៍​រត់​ប្រណាំង​នេះ យើង​បាន​យក​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ​ជួយ​ដល់​កុមារ​ក្រីក្រ និង​ឆ្មាំ​តាម​ឆ្នេរ​អូរ​ឈើទាល​នៅ​ខេត្ត​ព្រះសីហនុ​ផង​ដែរ​»​។

ទន្ទឹង​នឹង​ការផ្អាក​ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ឆ្នាំ​ ២០១៩ ​នេះ​មន្ត្រី​ជំនាញ​បាន​បង្វែរ​អ្នក​និយម​ចូលចិត្ត​រត់ប្រណាំង​ទាំងអស់​ឲ្យ​មក​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ភ្នំពេញ​ពាក់កណ្តាល​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ថ្ងៃទី​ ១៦ ខែ​មិថុនា ឆ្នាំ​ ២០១៩ ​វិញ​ដែល​ត្រូវ​ធ្វើ​នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ​ដើម្បី​អបអរសាទរ​ចម្រើន​ព្រះជន​សម្តេចម៉ែ និង​ទិវា​អូឡាំពិក ហើយ​នៅ​ថ្ងៃទី​ ៤ ខែ​សីហា ឆ្នាំ​ ២០១៩ ក៏​មាន​ទិវា​ប្រចាំ​ឆ្នាំ​អង្គរ​ចក្រភព​ម៉ារ៉ាតុង​អន្តរជាតិ​នៅ​ខេត្ត​សៀមរាប​ដែល​បាន​និង​កំពុង​ទទួល​ការចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អនឡាញ​។

លោក សែម ផល្លា នាយក​បច្ចេកទេស​រៀបចំ​ការប្រកួត​ម៉ារ៉ាតុង​របស់ NOCC បាន​ប្រាប់​ថា​៖ «​បញ្ហា​ខ្វះ​ដៃគូ​ឧបត្ថម្ភ​គាំទ្រ​ថវិកា​គឺ​វា​សំខាន់​ណាស់ ដែល​យើង​គិត​ថា​ជា​បញ្ហា​ធំចម្បង ព្រោះ​ការចំណាយ​ជាទូទៅ និង​ទាំងស្រុង​ក្នុង​កម្មវិធី​រត់ប្រណាំង​លក្ខណៈ​អន្តរជាតិ​នេះ​គឺ​មួយ​លើក​អស់​ជិត​ ៤ ​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ ហើយ​រយៈពេល ៧ ​ឆ្នាំ​កន្លង​មក​នេះ​យើង​ទទួល​បាន​ពី​ក្រុមហ៊ុន​ស្រាបៀរ​អង្គរ ប៉ុន្តែ​ឆ្នាំ​នេះ​គេ​ដកខ្លួន​ចេញ​បាត់​ទៅ​ហើយ​»​។

លោក សែម ផល្លា បាន​បន្ថែម​ថា​៖ «​បើ​និយាយ​ពី​បច្ចេកទេស​វិញ ប្រសិន​ជា​យើង​រក​ស្ពនស័រ​បាន​ក៏​មាន​ការលំបាក​ខ្លះ​ដែរ ដោយសារ​ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ន​ជា​ខេត្ត​មួយ​កំពុងតែ​មមាញឹក​ក្នុង​ការសាងសង់​សំណង់​ជាច្រើន និង​កំពុង​ជួសជុល​ផ្លូវ​ដែល​មាន​បរិស្ថាន​មិន​សូវ​ល្អ មាន​ហុយធូលី​ច្រើន​អាច​ប៉ះពាល់​ដល់​ភ្ញៀវ​រាប់ពាន់​នាក់​មកពី​ច្រើន​ប្រទេស អ៊ីចឹង​យើង​បាន​បង្វែរ​អ្នក​ចុះឈ្មោះ​រត់​ទាំងនេះ​មក​ព្រឹត្តិការណ៍​រត់ប្រណាំង​លក្ខណៈ​ប្រហែល​គ្នា​នេះ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​សៀមរាប ប៉ុន្តែ​យើង​នឹង​ស្វែងរក​ដៃគូ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ​ឲ្យ​បាន​វិញ​នៅ​ឆ្នាំ​ក្រោយ​»៕