ក្រុង​គូ​ឡា​ឡាំ​ពួ: ក្រុម​បាល់ទាត់​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​វាយបក​ដេញ​តាម​​ពី​ក្រោយ​ដើម្បី​ដណ្តើម​បាន​លទ្ធផល​ស្មើ ២-២ ជាមួយ​នឹង​ក្រុម​ជម្រើស​ជាតិ​វៀតណាម ក្នុង​ការ​ប្រកួត​ជើង​ទី ១ នៃ​ព្រឹត្តិការណ៍ AFF Suzuki Cup វគ្គ​ផ្តាច់​ព្រ័ត្រ នៅ​កីឡដ្ឋាន​ជាតិ Bukit Jalil ពី​ថ្ងៃ​អង្គារ។ គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ពី​សំណាក់​កីឡាករ Nguyen Huy Hung និង Pham Duc Huy នៅ​ពាក់​កណ្តាល​តង់​ទី ១ បាន​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​គ្រប់គ្រង​ទាំង​ស្រុង ប៉ុន្តែ​ខ្សែ​ការពារ Shahrul Saad បាន​កាត់​បន្ថយ​ការ​ដេញ​តាម​ពី​ក្រោយ មុន​ពេល​ខ្សែ​ប្រយុទ្ធ Safawi Rasid បាន​ស៊ុត​បាល់​ពិន័យ Freekick យ៉ាង​ល្អ​នៅ​នាទី ទី ៦០ ដើម្បី​រក​គ្រាប់​បាល់​តាម​ស្មើ​សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ។

អ្នកចាំទី​អន្តរជាតិ​វៀតណាម Dang Van Lam បាន​សង្គ្រោះ​បាល់ ១ គ្រាប់​យ៉ាង​ល្អ នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​រារាំង​គ្រាប់​បាល់​ពី​ការ​ស៊ុត​របស់​កីឡាករ Syafiq Ahmad និង​រក្សា​ធ្វើ​ឲ្យ​ស្ថិត​ក្នុង​លទ្ធផល​ស្មើ​នៅ​មុន​ពេល​ការ​ប្រកួត​ជើង​ទី ២ ក្នុង​ទីក្រុង​ហាណូយ នៅ​ថ្ងៃ​សៅរ៍ សប្តាហ៍​នេះ។ ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី បាន​ដាក់​សម្ពាធ​លើ​គូ​ប្រកួត​យ៉ាង​ខ្លាំង​នៅ​ដើម​តង់​ទី ១ ពី​មុខ​អ្នក​គាំទ្រ​ដ៏​ច្រើន​កុះករ​ចំនួន ៨៧០០០ នាក់ ប៉ុន្តែ ក្រុម​ជម្រើស​ជាតិ​វៀតណាម បាន​រក​គ្រាប់​បាល់​នាំ​មុខ​មុន នៅ​នាទី​ទី ២២ ក្រោយ​ពី​បាន​បើក ការ​វាយ​សម្រុក​រហ័ស។

ខ្សែការពារ Doan Van Hau បាន​បញ្ជូន​បាល់​យ៉ាង​ល្អ​ទៅ​ឲ្យ​កីឡាករ Phan Van Duc ដែល​ការ​បញ្ជូន​បាល់​ឆ្លង​របស់​គេ​ទៅ​ឲ្យ Duc Huy ត្រូវ​បាន​កាត់​ផ្តាច់​ដោយ​កីឡាករ Nazirul Naim ប៉ុន្តែ បាល់​បាន​ធ្លាក់​ចំ​ពី​មុខ​កីឡាករ Huy Hung ដែល​បាន​ស៊ុត​បាល់​បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ។

ក្រុម​ម្ចាស់ផ្ទះ​បាន​ខិតខំ​ព្យាយាម​យ៉ាងខ្លាំង​ក្នុងការ​វាយបក​វិញ នៅមុន​ពេល​ក្រុម​ជម្រើស​ជាតិ​វៀតណាម បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្តង​ទៀត​ក្នុង​រយៈពេល ៣ នាទី​ក្រោយ​មក។

ខ្សែការពារ Van Duc បាន​ក្លាយជា​អ្នក​បញ្ជូន​បាល់​ម្តងទៀត ក្រោយពី​បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​កីឡាករ Duc Huy ដែល​បាន​រអិល​ជើង ខណៈ​ដែល​រូបគេ​បាន​ស៊ុត​បាល់​ដោយ​ជើង​ឆ្វេង​របស់​គេ ប៉ុន្តែ ការ​ស៊ុត​បាល់​ពី​ចម្ងាយ ២៥ ម៉ែត្រ​របស់​គេ បាន​ផុត​ដៃ​អ្នក​ចាំទី Farizal Marlias ចូល​ទី​យ៉ាង​ល្អ។

ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី បាន​កាត់បន្ថយ​ការ​ដេញតាម​ពីក្រោយ​នៅ​នាទី​ទី ៣៦ នៅ​ពេល​ដែល​ការ​ស៊ុត​បាល់​ពិន័យ Freekick របស់​កីឡាករ Syamer Kutty Abba ពី​តំបន់​ខាង​ឆ្វេង បាន​រត់​ចំក្បាល​របស់ Shahrul ដែល​បាន​តែត​បាល់​ផុត​ដៃ​អ្នក​ចាំទី Van Lam។

បន្ទាប់មក​ក្រុម​ម្ចាស់ផ្ទះ បា​នរក​គ្រាប់​បាល់​តាម​ស្មើ​វិញ​នៅ​នាទី​ទី ៦០ នៅ​ពេល​ដែល​ពួកគេ​បាន​ទទួល​បាល់​ពិន័យ Freekick នៅ​តំបន់​ខាង​ស្តាំ​នៃ​ប្រអប់​ទី ហើយ​កីឡាករ Safawi បាន​ស៊ុត​បាល់​ចូល​ជ្រុង​ម្ខាង​នៃ​ទី​យ៉ាង​ល្អ។ ក្រុម​ម្ចាស់​ផ្ទះ​ទទួល​បាន​ឱកាស​យ៉ាង​ល្អ​នៅ​នាទី​ចុង​ក្រោយ​ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​នេះ ខណៈ​ការ​ស៊ុត​បាល់​ពិន័យ Freekick របស់​កីឡាករ​បម្រុង Syafiq បាន​រត់​ទម្លុះ​ជញ្ជាំង​ការពារ​របស់​វៀតណាម ប៉ុន្តែ ត្រូវ​បាន​ដាល់​ចេញ​ដោយ​អ្នកចាំទី Van Lam។

យុទ្ធនាការ​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​រយៈពេល ២ ឆ្នាំ​ម្តងនេះ​បាន​ចាប់​ផ្តើម​ក្នុង​វគ្គ​ចែក​ពូល​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ហើយ​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃទី ១៥ ខែ​ធ្នូ ឆ្នាំ ២០១៨ នេះ។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​ស្ថិត​ក្នុង​ពូល A ក្នុង​ចំណោម​ពូល​ទាំង ២ ប៉ុន្តែ ក្រុម​មាន​រហស្សនាម​ថា គោព្រៃ​មួយ​នេះ បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល ក្រោយ​ពី​បាន​បញ្ចប់​ដោយ​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ ៤ ដោយ​មាន ៣ ពិន្ទុ ពី​ការ​ប្រកួត ៤ លើក។

មុននឹង​ឈានទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ ម៉ាឡេស៊ី បាន​ទម្លាក់​ក្រុម​ម្ចាស់​ការពារ​តំណែង​ជើង​ឯក​ថៃ ខណៈ​ដែល​វៀតណាម ទម្លាក់​ក្រុម​ហ្វីលីពីន៕