ភ្នំពេញៈ គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី លោក Tan Cheng Hoe បាន​បង្ហាញ​ពី​ទំនុក​ចិត្ត​ខ្ពស់ ក្នុង​ការ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា ក្នុង​ការ​ប្រកួត​បើក​ឆាក​ប្រចាំ​ពូល A ពាន​រង្វាន់ AFF Suzuki Cup 2018 នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​ព្រហស្បតិ៍​នេះ ប៉ុន្តែ​លោក Felix Augustin ក៏​រំពឹង​លើ​ក្រុម​កម្ពុជា​ដែរ។

ក្នុង​សន្និសីទកាសែត ស្តីពី​ការប្រកួត​នេះ កាលពី​ថ្ងៃ​ពុធ លោក Felix Augustin គ្រូបង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា បាន​បង្ហាញ​ពី​ចំណុច​រីក​ចម្រើន​របស់​កូន​ក្រុម​លោក។ បើ​ទោះបី​ជា កម្ពុជា ធ្លាប់​បាន​ចាញ់​ក្រុម​ម៉ាឡេស៊ី ៣-១ ក្នុង​ការ​ប្រកួត​មិត្តភាព នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នេះ កាល​ពី​ថ្ងៃ​ទី ១០ ខែ​កញ្ញា ឆ្នាំ ២០១៨ ប៉ុន្តែ​លោក Felix បង្ហើប​ថា លោក​បាន​ស្វែង​យល់​ពី​ក្រុម​ម៉ាឡេស៊ី បាន​ច្រើន​ជាង​មុន ហើយ​ក៏បាន​កែប្រែ​កំហុស​ឆ្គង​របស់​ក្រុម​កម្ពុជា បាន​ល្អ​ជាង​មុន​ផង​ដែរ។

លោក Felix បាន​និយាយថា៖ «តាមរយៈ​ការប្រកួត​មិត្តភាព​ជាមួយ​ម៉ាឡេស៊ី កន្លងមក គឺ​យើង​រៀន​សូត្រ​បន្ថែម​បាន​ច្រើន សម្រាប់​ការ​ប្រកួត​លើក​នេះ ហើយ​យើង​ក៏បាន​សិក្សា និង​ស្វែង​យល់​បន្ថែម​ទៅ​លើ​កំហុស​ឆ្គង​នានា​របស់​ក្រុម​យើង​ផង​ដែរ ព្រោះ​យើង​បាន ប្រឹង​ប្រែង​ខ្លាំង​ជាង​មុន ហេតុនេះ​ជំនួប​លើក​នេះ នឹង​ក្លាយជា​ការ​ប្រកួត​ដ៏​ល្អ​មួយ ហើយ​យើង​ក៏​រំពឹង​ថា អ្នក​គាំទ្រ​ជាច្រើន​នឹង​មក​គាំទ្រ លើក​ទឹក​ចិត្ត​បន្ថែម​ទៀត​ដល់​ពួក​យើង»។

គ្រូបង្វឹក​ជនជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ បាន​បន្ថែមថា៖ «យើង​សង្ឃឹមថា កំហុស​ឆ្លង​កន្លងមក យើង​នឹង​ធ្វើ​បាន​ល្អ ព្រោះ​យើង​ដឹង​ហើយ​ថា ម៉ាឡេស៊ី ជា​ក្រុម​ខ្លាំង​មួយ ដែល​អាច​មាន​លទ្ធភាព​ឈ្នះ​ពាន​នេះ​ផង​ដែរ អ៊ីចឹង​យើង ត្រូវ​តែ​ប្រឹង​ប្រែង​លេង​ឲ្យ​អស់​ពី​លទ្ធភាព។ ចំពោះ​គុណភាព​កម្លាំង​កីឡាករ យើង​នឹង​រៀបចំ​ឲ្យ​មាន​តុល្យភាព តាំង​ពី​ការ​ចាប់​ផ្តើម ដល់​នាទី​ទី ៩០ ព្រោះ​លើក​នេះ យើង​ត្រៀម​ខ្លួន​បាន​វែង​ជាង​មុន»។

ចំណែកឯ​ខ្សែការពារ សឿ​យ វិសាល បាន​និយាយថា៖ «គិត​មកដល់​ពេល​នេះ យើង​បាន​យល់​ច្រើន​ទៅ​លើ​ទម្រង់​លេង​របស់​ក្រុម និង​មាន​ការ​យល់​ចិត្ត​គ្នា​ច្រើន ព្រោះ​យើង​បាន​ប្រឹង​ប្រែង​ហ្វឹកហាត់​ជាមួយ​គ្នា។ បើ​ទោះបី​ជា​យើង​ធ្លាប់​បាន​ចាញ់ ៣-១ កន្លង​មក​មែន តែ​ការ​ប្រកួត​នោះ បាន​ជួយ​ឲ្យ​យើង​អាច​ដក​ស្រង់​បាន​បទពិសោធ និង​ស្វែង​យល់​ពី​ក្រុម​ម៉ាឡេស៊ី បាន​ច្រើន​ជាង​មុន ចំណែក​ការ​ប្រកួត​លើក​នេះ យើង​បាន​ត្រៀម​រួច​ជា​ស្រេច ហើយ​ពួក​យើង​ប្តេជ្ញា​ចិត្ត​ថា នឹង​យក​ជ័យ​ជម្នះ​ឲ្យ​បាន»។

បើទោះបីជា សឿ​យ វិសាល មានការ​ប្តេជ្ញាចិត្ត​បែបនេះ ប៉ុន្តែ គ្រូបង្វឹក​ក្រុម​ម៉ាឡេស៊ី​មិនបាន​ចាត់​ទុក​កម្ពុជា ជា​ឧបសគ្គ​ធំ ដែល​អាច​រារាំង​ពួកគេ ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ​បន្ត​នោះ​ទេ គឺ​នៅ​ក្នុង​ពូល A នេះ លោក Tan Cheng Hoe មាន​ការ​បារម្ភ​តែ​ទៅ​លើ​ក្រុម​វៀតណាម និង​មីយ៉ាន់ម៉ា ប៉ុណ្ណោះ។

ជាមួយគ្នានេះ​លោក Tan Cheng Hoe មានការ​រំពឹងថា កីឡាករ​ចំណូល​ថ្មី​របស់​លោក នឹង​ជួយ​ឲ្យ​ក្រុម​លេង​បាន​ល្អ នឹង​យក​ឈ្នះ​ក្រុម​កម្ពុជា ពិសេស​ខ្សែ​បម្រើ​ប្រយុទ្ធ​ជន​ជាតិ Gambia កម្ពស់ ១,៧៩ ម៉ែត្រ Mohamadou Sumareh ដែល​ទើប​ទទួល​បាន​សញ្ជាតិ​ម៉ាឡេស៊ី ហើយ កីឡាករ ពាក់​លេខ ២៦ ដែល​មាន​ភាព​លេច​ធ្លោ​ខ្លាំង​រូប​នេះ ធ្លាប់​ជា​មិត្ត​រួម​ក្លិប​របស់ ចាន់ វឌ្ឍនាកា ពេល​ពួកគេ​លេង​ឲ្យ Pahang FA។

លោក Tan Cheng Hoe បាន​និយាយថា៖ «យើង​ដឹង​ហើយ​ថា នេះ​ជាការ​ប្រកួត​ផ្លូវការ មិន​មែន​ការ​ប្រកួត​មិត្តភាព​ដូច​មុន​ទេ ហើយ​លើក​នេះ​យើង​បាន​បញ្ចូល​កីឡាករ​ថ្មី ១០ រូប ដូចជា Mohamadou Sumareh ជាដើម។ ខ្ញុំ​សង្ឃឹម​ថា គាត់​នឹង​ធ្វើ​បាន​ល្អ ដើម្បី​ផ្តល់​ឥទ្ធិពល​ទៅ​ដល់​ការ​លេង​យ៉ាង​ល្អ​នៅ​ក្នុង​ក្រុម និង​ធ្វើ​ឲ្យ​មាន​ស្មារតី​លេង​កាន់​តែ​ខ្លាំង​ក្នុង​ក្រុម ព្រោះ​យើង​មក​នេះ ដើម្បី​ទទួល​បាន​ផល​ជា​វិជ្ជមាន គឺ​ការ​ទទួល​បាន ៣ ពិន្ទុ»៕