ភ្នំពេញ៖ កីឡាការិនី​កូន​ខ្មែរ​កាត់​បារាំង វ័យ ១៧ ឆ្នាំ ម៉ា រីយ៉ាន មាន​ចំណង់​ចំណូលចិត្ត​ខ្លាំង​ទៅ​លើ​ប្រភេទ​កីឡា​ប្រយុទ្ធ ពិសេស​ការ​ប្រណាំង​ម៉ូតូ​ហោះ ហើយ​កញ្ញា​បាន​អះអាង​ថា នឹង​មិន​បោះបង់​ចោល​ជំនាញ​នេះ​ឡើយ បើ​ទោះបី​ជា​ប្រភេទ​កីឡា​នេះ មាន​ផល​ប៉ះពាល់ និង​ធ្លាប់​ជួប​ឧបសគ្គ​គ្រោះ​ថ្នាក់​ធំ​​ក៏​ដោយ។

ម៉ា រីយ៉ាន បាន​ចាប់​យក​ការ​សិក្សា និង​សិល្បៈ ប៉ុន្តែ​កញ្ញា​បាន​ភ្ជាប់​ខ្លួន​ជា​កីឡា​ប្រយុទ្ធ​មាន​ហាត់​ប្រដាល់​គុន​ខ្មែរ ល្បុក្កតោ ហើយ​នាង​ជា​កីឡាការិនី​ឆ្នើម គ្មាន​គូប្រៀប​លើ​ជំនាញ​ជិះ​ម៉ូតូ​ហោះ (ម៉ូតូ​ឆ្លង​កាត់​ឧបសគ្គ) នៅ​កម្ពុជា ដោយ​នាង​បាន​ឆ្លៀត​យក​ពេល​ទំនេរ​មក​ហ្វឹកហាត់​នៅ​រាល់​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។ បន្ថែម​លើ​នេះ ម៉ា រីយ៉ាន អាច​ប្រើប្រាស់​ភាសា​អង់គ្លេស បារាំង និង​ភាសាខ្មែរ យ៉ាង​ស្ទាត់​ជំនាញ ហើយ​នាង​ក៏​កំពុង​រៀន​ភាសា​អេស្ប៉ាញ​បន្ថែម ១ ទៀត​ផង​ដែរ។

យុវតី​ដែល​កំពុង​សិក្សា​ថ្នាក់​ទី ១២ នៅ​សាលា​ភាសា​បារាំង​ស្ថិត​នៅ​ភ្នំពេញ ម៉ា រីយ៉ាន បាន​និយាយ​ថា៖ «ខ្ញុំ​ហាត់​ល្បុក្កតោ​តាំង​ពី​អាយុ ១១ ឆ្នាំ ក្នុង​ក្លិប​ល្បុក្កតោស ខេត្ត​រតនគិរី នៅ​សណ្ឋាគារ​តែរ៉ូ​របស់​ឪពុកម្តាយ​ខ្ញុំ ដែល​មាន​លោក វី ដារ៉ា ជា​គ្រូបង្វឹក និង​ធ្លាប់​ចូលរួម​ប្រកួត​សម្តែង​ក្នុង​កម្មវិធី​ផ្សេងៗ​នៅ​ភ្នំពេញ ហើយ​ខ្ញុំ​ក៏​ធ្លាប់​បាន​ហាត់​ប្រដាល់​គុន​ខ្មែរ និង​លេង​បាល់ឱប​ផង​ដែរ»។

«បច្ចុប្បន្ន ខ្ញុំ​វិល​មក​ហាត់​កីឡា​ប្រណាំង​ម៉ូតូ​ហោះ​ឆ្លង​កាត់​ឧបសគ្គ​ជាប់​ជាប្រចាំ​សប្តាហ៍​តែ​ផ្អាក​ពេល​កូវីដ ១៩ ផ្ទុះ​ខ្លាំង។ ខ្ញុំ​ហាត់​ជិះ​រយៈពេល​ជាង ៥ ឆ្នាំ​ហើយ ដោយ​ពី​ដំបូង​ឪពុក​ខ្ញុំ​ចូលចិត្ក និង​គាំទ្រ​ខ្ញុំ ព្រោះ​គាត់​ជា​អ្នក​ជិះ​ដែរ អ៊ីចឹង​ហើយ​ទោះបី​ការ​ហាត់ និង​ប្រកួត​មាន​បញ្ហា​ជួប​គ្រោះថ្នាក់​ធ្ងន់ តែ​ខ្ញុំ​មិន​បោះបង់​ចោល​កីឡា​នេះ​ទេ ហើយ​បើ​មាន​ព្រឹត្តិការណ៍​ប្រកួត​ខ្ញុំ​ចូលរួម​ជានិច្ច»។

កីឡាការិនី​កូនកាត់ ដែល​មាន​ចំណាត់​ថ្នាក់​ល្អ​លើស​គេ​ខាង​ប្រណាំង​ម៉ូតូ​ហោះ​ផ្នែក​ស្ត្រី នៅ​កម្ពុជា ម៉ា រីយ៉ាន បាន​បន្ថែម​ថា៖ «ខ្ញុំ​ធ្លាប់​ដួល​ម៉ូតូ​បាក់​ឆ្អឹង​ដង​កាំបិត ចូល​ព្យាបាល​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​ក្រោយ​មក ខ្ញុំ​មិន​បោះបង់​ចោល​ទេ ដោយ​ខ្ញុំ​បាន​ចូល​ហាត់​វិញ ជាមួយ​ឪពុក​ខ្ញុំ។ ចំណែក​ការ​ប្រកួត​ជាមួយ​ប្រុសៗ កាល​ពី​ឆ្នាំ ២០១៥ និង ២០១៧ ខ្ញុំ​បាន​លេខ ៥ ក្នុង​ចំណោម​ប្រុស និង​ស្រី ប៉ុន្តែ​សម្រាប់​ស្ត្រី ខ្ញុំ​ជាប់​ចំណាត់​ថ្នាក់​លេខ ១»។

ម៉ា រីយ៉ាន បាន​បញ្ជាក់​ថា៖ «នៅ​ពេល​ប្រឡង​បាក់ឌុប​រួច ក្រោយ​ឆ្នាំ ២០២១ នេះ គឺ​តាម​គម្រោង ខ្ញុំ​ចង់​បន្ត​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​នៅ​ប្រទេស​បារាំង និង​ស្វែងរក​បទពិសោធ​ការងារ​ចំនួន ៥ ឆ្នាំ ហើយ​ខ្ញុំ​នឹង​បន្ត​ការ​ហាត់​ជិះ​ម៉ូតូ​នៅ​ទីនោះ ដើម្បី​ក្លាយ​ជា​អ្នក​ប្រណាំង​មាន​ឈ្មោះ​ល្បី​ជាង​គេ ព្រោះ​ខ្ញុំ​ស្រឡាញ់ និង​បាន​ជាប់​ចិត្ត​លើ​កីឡា​ប្រភេទ​នេះ តាំង​ពី​ក្មេង ដោយសារ​ឪពុក​ខ្ញុំ បងប្រុស​ខ្ញុំ និង​ប្អូនស្រី​ខ្ញុំ សុទ្ធ​តែ​និយម​ចូលចិត្ត​ទៅ​ហាត់​ជិះ​ម៉ូតូ​នៅ​ក្លិប​ប្រណាំង​ព្រែកលៀប​រាល់​ចុង​សប្តាហ៍ ហេតុនេះ​ក្រោយ​ទទួល​បាន​បទពិសោធ​នៅ​បារាំង គឺ​ខ្ញុំ​នឹង​ត្រឡប់​មក​គ្រប់គ្រង​ការងារ ជា​អ្នក​បន្ត​មរតក​ពី​ឪពុកម្តាយ​ខ្ញុំ​នៅ​កម្ពុជា​វិញ»។

គួរ​បញ្ជាក់​ថា ម្តាយ​របស់ ម៉ា រីយ៉ាន ជា​ជនជាតិ​ខ្មែរ និង​ជា​សាស្ត្រាចារ្យ​ភាសា​បារាំង ហើយ​ឪពុក​របស់​នាង​ជា​ជនជាតិ​បារាំង និង​ជា​អ្នក​និពន្ធ​សៀវភៅ​កីឡា និង​ទេសចរណ៍ ហើយ​ពួក​គាត់​ទាំង ២ ជា​អ្នក​ជំនួញ​ផ្នែក​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

ចំណែក​លោក ព្យែ ក្លេ ជា​ឪពុក​របស់ ម៉ា រីយ៉ាន បាន​ប្រាប់​ថា កូនស្រី​របស់​គាត់​ម្នាក់​នេះ​មាន​ឈ្មោះ ២ ទី១ ឈ្មោះ ម៉ា រីយ៉ាន ដែល​ដាក់​យោង​តាម​ឪពុក​ជា​ជនជាតិ​បារាំង ទី២ ឈ្មោះ សោម៉ា គឺ​ដាក់​យោង​តាម​ម្ដាយ​ជា​ជនជាតិខ្មែរ។ លោក​បញ្ជាក់​ថា៖ «ម៉ា រីយ៉ាន រៀន​បាន​ល្អ​លើ ៣ ភាសា ចំណែក​ផ្នែក​កីឡា ម៉ា រីយ៉ាន ចូលចិត្ត​សម្តែង​ម៉ូតូ​ហោះ និង​លេង​កីឡា​ចំនួន ៣ ប្រភេទ រួមមាន​ល្បុក្កតោ ប្រដាល់ និង​បាល់ឱប តែ​នាង​ស្រឡាញ់​ម៉ូតូ​ហោះ​ខ្លាំង​ជាង​គេ»៕