ភ្នំពេញ៖ ​ការ​ប្រកួត​ម៉ារ៉ាតុង​​ដណ្តើម​ប្រាក់​លាន​ទម្ងន់ ​៥៧ ​គីឡូក្រាម ​នៃ​កម្មវិធី Mas Fight Cambodia ​ប្រចាំ​សប្តាហ៍​ទី ​៥ នៅ​លើ​​សង្វៀន​​ទូរទស្សន៍​ថោន​ ​កាល​ពី​ល្ងាច​ថ្ងៃ​អាទិត្យ​ រក​មិន​​ឃើញ​ម្ចាស់​ជើង​ឯក​ប្រាក់​​លាន​​នោះ​ទេ​ ដោយសារ​បេក្ខភាព​ឡើង​មក​ជួបគ្នា​វគ្គ​ផ្តាច់​ព្រ័ត្រ​គឺ ប៊ុន សុធា និង យុគ យក្សផ្លែ មិន​អាច​​យក​ឈ្នះ​គ្នា ដោយ​ការ​​ផ្តួល​គ្នា​ឲ្យ​​សន្លប់​​តាម​ច្បាប់​ប្រកួត​របស់ Mas Fight នោះ​។

យ៉ាង​ណា​ក៏​ដោយ ប៊ុន សុធា ​​បាន​ធ្វើ​ការងារ​ធ្ងន់​ជាង យុគ យក្សផ្លែ មុន​ពេល​អ្នក​ទាំង ​២ បាន​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រោះ​នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ត្រឹម ​៣ ​ទឹក តាម​ច្បាប់​គុន​ខ្មែរ ប៊ុន សុធា ​បាន​វ៉ៃ​ប្តូរ​ជាមួយ​ជើង​ខ្លាំង​ដែល​ជា​រៀមច្បង ឯម សុធី យ៉ាង​ស្វិតស្វាញ​បំផុត និង​មាន​​ស្នាម​បែក​នៅ​លើ​ផ្ទៃ​មុខ​ដូច​គ្នា។

ការ​ម៉ាត់​ចូល​ពេញ និង​វាយ​កែង​ខ្លាំងៗ​របស់ ឯម សុធី បាន​ធ្វើ​ឲ្យ ប៊ុន សុធា ចង់​គាំង​នៅ​ក្នុង​ទឹក​ទី ​១ ទៅ​ហើយ ប៉ុន្តែ សុធា ​នៅ​តែ​រក្សា​ជំហរ​បាន​ល្អ និង​បាន​បង្កើន​ការ​វាយ​ប្តូរ​ខ្លាំង​នៅ​ទឹក​ទី​២ និង​ទឹក​ទី​៣ ដែល​ធ្វើ​ឲ្យ សុធី ​បែក​នៅ​ក្បែរ​ក្តោង​ច្រមុះ និង​ថមថយ​កម្លាំង​ផង​ដែរ ហើយ​ការ​មាន​ប្រៀប ២ ​ទឹក​ចុង​ក្រោយ​នេះ បាន​ជួយ​ឲ្យ សុធា ឈ្នះ ឯម សុធី ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ ២-១ ជាមួយ​នឹង​ស្នាម​បែក​នៅ​លើ​ចិញ្ចើម​ខាង​ស្តាំ។

នៅ​ក្រោយ​ការ​ទទួល​បាន​ជ័យជម្នះ​ទាំង​លំបាក​នេះ ប៊ុន សុធា បាន​និយាយ​ថា៖ ​«ឯម សុធី ជា​រៀម​ច្បង​របស់​ខ្ញុំ ព្រោះ​ពេល​ខ្ញុំ​បាន​​ប្រកួត​ត្រឹម​គូ​ពិសេស​ទី​១ គឺ​គាត់​បាន​ប្រកួត​ដល់​លំដាប់​គូ​ឯក​ទៅ​ហើយ ហើយ​ខ្ញុំ​ដឹង​ថា គាត់​ល្អ​ចិត្ត ល្អ​សឿង និង​ល្អ​កែង រហូត​មាន​មហាជន​​ដាក់​ឈ្មោះ​ឲ្យ​គាត់​ថា មនុស្ស​យន្ត ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ថា ស្បែក គង់ ផង​ដែរ»។

ចំណែក​កីឡា​ករ ​យុគ ​យក្សផ្លែ​ ​ក៏​បាន​ទប់ទល់​យ៉ាង​តាន​តឹង​ជាមួយ​អ្នក​លេង​ជង្គង់ អេរ៉ាវ៉ាន់​ ចាន់រាជ ​មក​ពី​ក្លិប​កុសល​កីឡា​ផង​ដែរ ប៉ុន្តែ យក្សផ្លែ មាន​ល្បិច​ប្រកួត​ល្អ​ជាង និង​ចេញ​កណ្តាប់​ដៃ​បាន​ច្រើន ដើម្បី​យក​ឈ្នះ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ៣-០។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ជួប ប៊ុន សុធា នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដែល​ប្រកួត​តាម​ច្បាប់ Mas Fight មាន​ត្រឹម ​១ ទឹក ​ស្មើ ​៩ នាទី​នោះ យក្សផ្លែ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ចាញ់​ប្រៀប សុធា ប៉ុន្តែ​ការ​ព្យាយាម​វាយ​ប្តូរ​រហូត​ចប់ ​៩ នាទី​ពេញ បាន​ជួយ​ឲ្យ​រូប​គេ​ស្មើ​ពិន្ទុ​ជាមួយ សុធា តាម​ច្បាប់​ Mas Fight ដែល​កំណត់​ឲ្យ​ស្មើ​គ្នា បើ​គ្មាន​នរណា​វ៉ៃ​គូ​ប្រកួត​ឲ្យ​​សន្លប់។

តាមរយៈ​ការ​ស្មើ​ពិន្ទុ​គ្នា​នេះ ប៊ុន សុធា និង យុគ យក្សផ្លែ ត្រូវ​បាន​ចែក​ប្រាក់​រង្វាន់​ជា ​២ ​ផ្នែក​​ស្មើ​គ្នា គឺ​ម្នាក់​បាន​ ​១,៨ ​លាន​រៀល រួម​ជាមួយ​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត ម្នាក់ ​២៥ ​ម៉ឺន​រៀល​ទៀត ហើយ​វា​ក៏​ជា​លើក​ដំបូង​ផង​ដែរ ដែល​ការ​ប្រកួត​ដណ្តើម​ប្រាក់​លាន​នេះ បាន​បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ព្រោះ ​៤ សប្តាហ៍​កន្លង​មក កីឡាករ ម៉ន វណ្ណី, ព្រឿង សុជាតិ, ឌុម កែវដា និង វ៉ាន់ វឿន សុទ្ធ​តែ​បាន​ផ្តួល​គូ​ប្រកួត​ឲ្យ​សន្លប់​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយ​ជា​ម្ចាស់​ប្រាក់​លាន ដែល​ទទួល​បាន​ប្រាក់​រង្វាន់​ចាប់​ពី ​៣,៤ ដល់ ​៥,៨ ​លាន​រៀល។

លោក គឹម ស្រ៊ុនកុសល នាយក​គ្រប់គ្រង​កម្មវិធី Mas Fight Cambodia បាន​ប្រាប់​ថា៖​ «​វា​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ ដែល​សូម្បី​ខ្ញុំ​ជា​អ្នក​រៀបចំ​កម្មវិធី​ក៏​មើល​ទៅ​ព្រឺ​រោម​ដែរ ជា​ពិសេស​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​រវាង ឯម សុធី និង ប៊ុន សុធា ប៉ុន្តែ​យើង​ស្តាយ​បន្តិច ​ដែល​គូ​ដណ្តើម​ប្រាក់​លាន រវាង​ យុគ ​យក្សផ្លែ និង ​ប៊ុន សុធា មាន​កម្ពស់​ខុស​គ្នា​ខ្លាំង​ពេក ​ធ្វើ​ឲ្យ​កម្មវិធី​ប្រកួត​រាង​ស្ទើរ​បន្តិច ដោយ​យើង​​ផ្តោត​តែ​លើ​សមត្ថភាព​ជា​ចម្បង ប៉ុន្តែ​យើង​​នឹង​ព្យាយាម​កែ​លម្អ និង​អភិវឌ្ឍ​កម្មវិធី​តាម​ការ​ស្នើ​សុំ​របស់​អ្នក​គាំទ្រ​»៕