ភ្នំពេញៈ អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ មាន​កណ្តាប់ដៃ​ល្អ និង​ទាត់​ធ្ងន់ យឹម ឌៀប ដែល​ធ្លាប់​សាង​កេ​រ្មិ៍​ឈ្មោះ​ក្នុង​លំដាប់​អ្នក​ខ្លាំង​មួយ​រូប​ដែរ​នោះ ចង់​ស្វែង​មក​រក​ការងារ​ធ្វើ​ជា​គ្រូបង្វឹក ឬ​គណៈ​កម្មការ​ប្រដាល់ ដើម្បី​បាន​កម្រៃ​ខ្លះ គឺ​ការងារ​នៅ​ជិត​សង្វៀន​ប្រដាល់​តែ​ម្តង បន្ទាប់​ពី​រូបគេ​បាត់​មុខ​ពី​សង្វៀន ជាច្រើន​ឆ្នាំ ដោយ​បាន​ទៅ​សំងំ​រស់​នៅ​ជាមួយ​ម្តាយ​ចាស់​ជរា ឯ​ខេត្ត​កំពង់ស្ពឺ។

យឹម ឌៀប បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ខ្ញុំ​សព្វថ្ងៃនេះ ក្រោយ​ប្រកួត​លែងកើត គ្មាន​មុខរបរ​អ្វី​ពិត​ប្រាកដ​ទេ គឺ​នៅ​ជាមួយ​ម្តាយ ដែល​មាន​វ័យ​ចាស់​ផង ហើយ​អ្វី​ដែល​ខ្ញុំ​ចង់​បំផុត គឺ​ធ្វើ​ជា​គ្រូបង្វឹក​ដល់​ក្មេងៗ ជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ និង​ធ្វើជា​គណៈ​កម្មការ​ចៅក្រម​អាជ្ញា​កណ្តាល​ផង​ដែរ ដើម្បី​បាន​កម្រៃ​ខ្លះៗ​ដូច​រៀម​ច្បង​ប្រដាល់​ដទៃ​ទៀត»។

យឹម ឌៀប បន្តថា៖ «ច្រើន​ឆ្នាំកន្លងមក គឺ​ក្រោយពេល​ខ្ញុំ​ឈប់​ប្រកួត ខ្ញុំ​មាន​បទពិសោធ ធ្លាប់​ធ្វើជា​គ្រូ​បង្វឹក​ឲ្យ​ក្លិប​ប្រដាល់​កង​ពល លេខ ៣១ នៃ​ក្រសួង​ការពារ​ជាតិ ប៉ុន្តែ​ដោយ​ជួប​ការ​លំបាក និង​មាន​ជីវភាព​ខ្វះ​ខាត​ពេក ខ្ញុំ​ក៏​ឈប់ ហើយ​បច្ចុប្បន្ន​មិន​ទាន់​មាន​ក្លិប​ប្រដាល់​ណា​ត្រូវការ​នៅ​ឡើយ​ទេ។ ខ្ញុំ​មក​កាន់​សង្វៀន​ប្រដាល់​ថ្ងៃ​នេះ គឺ​នឹក​រឭក និង​ចង់​រក​ការងារ​ផ្នែក​ប្រដាល់​នេះ​វិញ»។

អតីត​កីឡាករ​មាន​កម្ពស់ ១,៦៩ ម៉ែត្រ យឹម ឌៀប ធ្លាប់​ប្រកួត​ជាង ១០០ ដង និង​ធ្លាប់​ទទួល​បាន​លេខ ២ ក្រោយ​ប្រកួត​ចាញ់ សៅ ប៊ុននឿន ទាំង​មិន​អស់​ចិត្ត។ យឹម ឌៀប ធ្លាប់​ជា​កីឡាករ​នៅ​ក្នុង​សមាគម​កីឡា​ប្រដាល់​ក្រសួង​ការពារ​ជាតិ ហើយ​បច្ចុប្បន្ន​គេ​មាន​អាយុ​ជាង ៣២ ឆ្នាំ​ហើយ។

អ្នក​ប្រដាល់​រូបនេះ ធ្លាប់​ល្បីល្បាញ​ជំនាន់ ផល សុផាត,ជាម អាដាំ,សៅ ប៊ុន​នឿន និង​ទេស សារ៉ាយ ជាដើម។ យឹម ឌៀប បាន​ត្អូញ​ត្អែរ​ថា៖ «ខ្ញុំ​សព្វថ្ងៃ គ្មាន​ការងារ និង​គ្មាន​បាន​ក្របខ័ណ្ឌ​ជា​ទាហាន ឬ​កងទ័ព ដូច​កីឡាករ​រួម​ជំនាន់​នោះ​ទេ គឺ​ពិត​ជា​គ្មាន​ការងារ និង​ប្រាក់​ខែ​អ្វី​ទាំង​អស់ ដោយ​បច្ចុប្បន្ន​អត់​មាន​ពាក់​ព័ន្ធ​ជាមួយ​ក្លិប​ប្រដាល់​ណា​មួយ​នោះ​ឡើយ»។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ក់ សំអុល ទី ប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​ប្រធាន​សមាគម​ប្រដាល់​កីឡា​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា៖ «ករណី​អតីត​កីឡាករ យឹម ឌៀប ដែល​ស្វែងរក​ការងារ​ជា​គ្រូបង្វឹក​នេះ ខ្ញុំ​គិត​ថា យឹម ឌៀប អាច​មាន​ទេពកោសល្យ​បង្ហាត់​ល្អ ព្រោះ​ធ្លាប់​ជា​កីឡាករ​វ៉ៃ​ល្អ ទាត់​ធ្ងន់ និង​កណ្តាប់​ដៃ​ល្អ។ ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សមាគម​ប្រដាល់​កីឡា​ក្រសួង​មហាផ្ទៃ គឺ​ត្រូវការ​សមត្ថភាព​របស់​គេ ដើម្បី​មក​បង្វឹក​ឲ្យ​កីឡាករ​នៅ​សមាគម​ប្រដាល់​សួង​មហាផ្ទៃ»។

លោក ម៉ក់ សំអុល បាន​បន្ថែមថា៖ «ប៉ុន្តែ​ចាំ​យើង​ពិនិត្យ​ពិភាក្សា​ជាមួយ​បង តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​សិន ព្រោះ​តាម​សហការី​ខ្ញុំ​រាយការណ៍​ថា យឹម ឌៀប ធ្លាប់​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​សមាគម​ប្រដាល់​កីឡា​ក្រសួង​ការពារ​ជាតិ។ បើ​សិន​បង តែម ម៉ឺន អនុញ្ញាត សមាគម​យើង នឹង​ទទួល​យក យឹម ឌៀប ជួយ​គាត់​ឲ្យ​មាន​ការងារ​ជា​គ្រូបង្វឹក​បាន និង​ដើម្បី​ពង្រឹង​សមត្ថភាព​កីឡាករ​ប្រដាល់​យើង​ឲ្យ​បាន​ល្អ​ផង»។

កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ អតីត​កីឡាករ យឹម ឌៀប មាន​គម្រោង​ធ្វើដំណើរ​មក​ភ្នំពេញ​ម្តង​ទៀត ដើម្បី​ស្វែងរក​ការងារ​នេះ ប៉ុន្តែ​ត្រូវ​បាន​អាក់​ខាន​ទៅ​វិញ ដោយសារ​ម្តាយ​របស់​គេ មាន​ជំងឺ​ធ្ងន់ ត្រូវ​ដឹក​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់។ ទោះបី​ជា​យ៉ាង​ណា នៅ​ក្រោយ​ម្តាយ​របស់​គេ​បាន​ធូរ​ស្បើយ​ពី​ជំងឺ យឹម ឌៀប បាន​ប្រាប់​ថា នឹង​មក​ស្វែងរក​ការងារ​ជា គ្រូបង្វឹក ហើយ​នឹង​មាន​គម្រោង​ទៅ​សុំ​ការងារ​ធ្វើ​ជា​ចៅក្រម​អាជ្ញា​កណ្តាល​ពី​លោក តែម ម៉ឺន និង​ដើម្បី​ឲ្យ​គាត់​ជួយ៕