ភ្នំពេញ៖ ក្រុមយុវជនច្បាប់ ដែលបានបាត់បង់ឱកាសប្រជែងយកពាន ក្នុងការប្រកួតលីកខ្មែររៀលអ៊ីស្ទេត លើកទី ៧ ឆ្នាំ ២០១៨ (Khmer Real Estate League 2018) ទៅហើយនោះ បែរជានៅមានលទ្ធភាពអាចបង្អាក់ដំណើរក្រុមម្ចាស់ជើងឯក Bayon Wanderes សម្រាប់ការប្រកួតប្រចាំសប្តាហ៍ទី ១៦ នេះ និងផ្តល់ឱកាសឲ្យក្រុម Khmer United អាចឡើងទៅកាន់លេខរៀងទី ២ ជាថ្មីម្តងទៀត ប៉ុន្តែ Avatar FC នៅតែបន្តឈរលេខ ១។
សម្រាប់ការប្រកួតសប្តាហ៍ទី ១៦ កាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ កន្លងមកនេះ ក្រុមយុវជនច្បាប់ បានស្មើ ៤-៤ ជាមួយក្រុម Bayon។
ការទទួលបាន ១ ពិន្ទុ ដើម្បីមាន ២៥ ពិន្ទុនេះ វាមិនបានជួយឲ្យក្រុមយុវជនច្បាប់ ឡើងផុតពីកលេខ ១០ នោះទេ ប៉ុន្តែលទ្ធផលនេះបានធ្វើឲ្យក្រុម Bayon បាត់បង់ភាគរយមួយផ្នែក ក្នុងការប្រជែងយកពាន ដោយពួកគេបានធ្លាក់ពីលេខ ២ មកឈរនៅលេខ ៣ វិញ ដោយមាន ៤០ ពិន្ទុ។
ជាមួយលទ្ធផលការប្រកួតគូនេះដែរ បានបើកផ្លូវឲ្យក្រុមម្ចាស់ជើងឯករង២សម័យកាល Khmer United ឡើងទៅឈរនៅលេខ ២ វិញ ដោយមាន ៤២ ពិន្ទុ បន្ទាប់ពីក្រុមធ្លាប់ឈរនៅកំពូលតារាងបានយូរជាងគេមួយនេះ បានលត់ក្រុមខ្លាំង Blue Dragon រហូតដល់ ៩-២ កាលពីថ្ងៃអាទិត្យ ម្សិលមិញ។
ការឈ្នះបាន ៣ ពិន្ទុរបស់ Khmer United លើកនេះ វាស្របទៅតាមផែនការរបស់ក្រុមមួយនេះ ក្នុងការឆ្ពោះទៅប្រជែងយកពាន នៅឆ្នាំនេះ។
បើទោះបីជា នៅសប្តាហ៍នេះ Avatar FC បានលត់ក្រុម Giant FC ៨-១ ដើម្បីបន្តឈរនៅលេខ ១ ដោយមាន ៤៣ ពិន្ទុ ប៉ុន្តែ Avatar នៅមិនទាន់ប្រាកដថា អាចការពារតំណែងនេះ រហូតដល់ចប់រដូវកាលនោះទេ ព្រោះ ៣ ប្រកួតដែលនៅសល់ Avatar ក៏ត្រូវជួប Khmer United ផងដែរ។
ផ្ទុយពីនេះក្រុមចម្រុះដោយបរទេស Riel PP បានធ្លាក់ចេញពីលេខរៀងទី ៤ មកឈរនៅលេខ ៥វិញម្តង ដោយមាន ៣៤ ពិន្ទុដដែល ព្រោះនៅសប្តាហ៍នេះ ពួកគេបានចាញ់ក្រុមបាសាក់ ៣-១។
ការចាញ់របស់ Riel PP លើកនេះ បានបើកផ្លូវឲ្យក្រុមយុវជនកំពង់ចាម ឡើងទៅឈរនៅលេខ ៤ វិញ ដោយមាន ៣៥ ពិន្ទុ ខណៈពួកគេបានឈ្នះ ៣ ពិន្ទុបមន្ថែម ដោយស្វ័យប្រវត្តិ លើក្រុមកូនខ្មែរ ដែលបានបោះបង់ចោលការប្រកួតនោះ។
ចំណែកក្រុមបាសាក់ បានឡើងមកពីលេខ ៧ មកឈរនៅលេខ ៦ វិញ ដោយមាន ៣៣ ពិន្ទុស្មើជាមួយក្រុម Blue Dragon ដែលបានធ្លាក់ពីលេខ ៥ ទៅឈរនៅលេខ ៧។ រីឯទន្សោងអេហ្វស៊ី បានបន្តឈរនៅលេខ ៨ ដោយមាន ៣១ ពិន្ទុ ព្រោះគូប្រកួតរបស់ពួកគេ Anvaya FC បានបោះបង់ចោលការប្រកួត នាំឲ្យក្រុមទន្សោងអេហ្វស៊ី ទទួលបាន ៣ ពិន្ទុ ដោយមិនចាំបាច់ប្រកួត។
ស្រដៀងគ្នានេះ ក្រុម RFL បានយកឈ្នះក្រុម Mambo PP ៣-១ ដើម្បីបន្តឈរនៅលេខ ៩ មាន ២៧ ពិន្ទុ លើក្រុមយុវជនច្បាប់ ចំណែកក្រុមយុវជតាំងគោក បានលត់ក្រុមយុវជនស្នោ ១១-២ ដើម្បីមាន ១២ ពិន្ទុ។
ប៉ុន្តែជំនួបរវាងក្រុមអាណាចក្របៃតង និងក្រុមយុវជនវត្តកោះ ត្រូវបានលប់ចោល ដោយសារក្រុមទាំង២នេះ មិនបានបង្ហាញវត្តមាន នៅលើទីលានដូចគ្នា ហើយក្រុម V.Train ក៏បានបោះបង់ចោលការប្រកួតដែរ ធ្វើឲ្យក្រុម HHK ទទួលបាន ៣ ពិន្ទុ ដោយស្វ័យប្រវត្តិ ដើម្បីមាន ១៦ ពិន្ទុ៕