ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​យូដូ​កម្ពុជា បាន​ទទួល​វគ្គ​សិក្សា​សាមគ្គី​អូឡាំពិក​ស្ដីពី​គ្រូ​បង្វឹក​កីឡា​យូដូ​​ជា​ថ្មី ដោយ​ចាប់​ផ្តើម​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃទី ​១៣ ខែ កញ្ញា ហើយ​វគ្គ​នេះ​មាន​សិក្ខាកាម​ចំនួន ​២៤ ​នាក់ ​បាន​ចូលរួម ហើយ​អង្គការ​សាមគ្គី​អូឡាំពិក​អន្តរជាតិ ​(​OS​)​ តាមរយៈ NOCC បាន​បញ្ជូន​អ្នក​ជំនាញ​លោក​ Amar ​Meridia ​ជនជាតិ​អាហ្សង់ទីន​​ មក​ធ្វើ​​ជា​គ្រូ​ឧទ្ទេស​ក្នុង​វគ្គ​នេះ។​

លោក ​វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក (NOCC) បាន​ថ្លែង​នៅ​ក្នុង​ពិធី បើក​វគ្គ​នៅ​ទីស្នាក់ការ NOCC ​កាល​ពី​ថ្ងៃ​អង្គារ​នោះ​ថា៖ ​«​វគ្គ​នេះ​មាន​សារៈសំខាន់​ណាស់​ដល់​សហព័ន្ធ​កីឡា​យូដូ​កម្ពុជា ​ដើម្បី​ធ្វើ​​ឲ្យ​សហព័ន្ធ​កីឡា​យូដូ​ពិភព​លោក ​បាន​ជ្រាប​ជា​ដំណឹង​​បន្ទាប់​ពី​កីឡា​យូដូ​បាត់​មុខ​មាត់​ពី​ពិភព​លោក​អស់​មួយ​រយៈ​ពេល ​ដោយសារ​តែ​មាន​​បញ្ហា​ជម្លោះ​ផ្ទៃ​ក្នុង​នៅ​ក្នុង​សហព័ន្ធ​នោះ»​។

លោក ​វ៉ាត់ ​ចំរើន ​បាន​​​ប្រាប់​ឲ្យ​សហព័ន្ធ​កីឡា​យូដូ​កម្ពុជា ​គឺ​​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​​ជាមួយ​លោក ​Amar ​Meridia ​បើ​ទោះ​ជា​ចប់​វគ្គ​សិក្សា​នេះ​ក៏​ដោយ។ លោក​បញ្ជាក់​ថា៖ ​«​​​កម្ពុជា​នឹង​ត្រូវ​​​ធ្វើ​ម្ចាស់​ការ​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំ ​២០២៣ ​ដូច្នេះ​យើង​ត្រូវ​បង្ហាញ​ទំនាក់ទំនង​ជាមួយ​សហព័ន្ធ​កីឡា​យូដូ​អន្តរជាតិ​ ដែល​ចង់​ជួយ​កីឡា​យូដូ​យើង​ ពិសេស​ផ្នែក​បច្ចេកទេស​ ដូច​ជា​បញ្ជូន​កីឡាករ​ កីឡាការិនី​ទៅ​ធ្វើ​ការ​ហ្វឹកហាត់​រយៈពេល​ខ្លី ​និង​វែង​តាម​តែ​អាច​ធ្វើ​ទៅ​បាន»​។​

ជាមួយ​គ្នា​នេះ​លោក​ វ៉ាត់​ ចំរើន​ បាន​បញ្ជាក់​ថា​៖ «​​សហព័ន្ធ​ណា​ក៏​ដោយ​ បើ​មាន​ទំនាស់​ផ្ទៃ​ក្នុង​ហើយ ​គឺ​មិន​អាច​រីក​ចម្រើន​ទៅ​បាន​ទេ​»។ លោក​បន្ត​ថា ​ចាប់​ពី​ពេល​នេះ​ទៅ​ សហព័ន្ធ​កីឡា​យូដូ​កម្ពុជា​ត្រូវ​តែ​ចូលរួម​រាល់​សកម្មភាព​សហព័ន្ធ​កីឡា​យូដូ​អន្តរជាតិ​ តាមរយៈ​កិច្ច​ប្រជុំ​សន្និបាត​ និង​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​កីឡា​យូដូ​ពិភព​លោក​។​

ចំណែក​លោក​ ណាំង​ រ៉ាវុធ​ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​យូដូ​កម្ពុជា ​​បាន​ឲ្យ​ដឹង​​ថា សិក្ខាកាម​ទាំង ​២៤ ​នាក់ បាន​ចូលរួម​ក្នុង​វគ្គ​នេះ គឺ​មាន​​មក​ពី​ក្លិប​ខេត្ត​សៀមរាប ​ក្លិប​បក្សី​ចាំ​ក្រុង ​ក្លិប​អូឡាំពិក​ និង​ក្លិប​ក្រសួង​មហាផ្ទៃ​។​

លោក​បន្ត​​ថា​៖ ​«ក្រោយ​មាន​វិវាទ​ផ្ទៃ​ក្នុង​រួច​មក សហព័ន្ធ​ក៏​នៅ​ជួប​ឧបសគ្គ​តិចតួច​ចៀស​មិន​ផុត ​ប៉ុន្តែ​ឆ្នាំ​នេះ​ អត្តពលិក​របស់​យើង​បាន​​ចូល​ជា​ក្រុម​ជម្រើស​ជាតិ​វិញ ដោយ​​មាន​​ក្រុម​ថ្នាល​ ​១០ ​នាក់​ និង​​ក្រុម​​ធំ ​៨ ​នាក់ ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​ស៊ីហ្គេម​នៅ​ហ្វីលីពីន​លើក​នេះ»។

លោក​បន្ថែម​ថា​៖ ​«ការ​ខកខាន​ទំនាក់​ទំនង ​និង​ចេញ​ទៅ​ប្រកួត​ក្រៅ​ប្រទេស​របស់​កីឡា​យូដូ​ គឺ​បាន​ផ្តល់​​​ភាព​អវិជ្ជមាន​ គ្មាន​ឯកភាព​គ្នា​ ហើយ​ធ្វើ​ឲ្យ​សមត្ថភាព​​របស់​​អត្តពលិក​បាន​​ធ្លាក់​ចុះ​ផង​ដែរ។ ហេតុ​នេះ ​​វគ្គ​សិក្សា​នេះ​ គឺ​ជា​ការ​បំប៉ន​បន្ថែម​ ធ្វើ​ឲ្យ​គ្រូ​បង្វឹក ​និង​គ្រូ​ជំនួយ ​ឬ​គ្រូ​របស់​ក្លិប​ទទួល​បាន​ទេពកោសល្យ​ល្អ​ថ្មីៗ​ យក​ទៅ​ពង្រឹង​​សមត្ថភាព​អត្តពលិក​របស់​​យើង​បន្ថែម»​។

អ្នក​គ្រូ​ ហាស់​ ស៊ីថា ដែល​ជា​គ្រូ​ជម្រើស​ជាតិ​កីឡា​យូដូ​កម្ពុជា និង​​បាន​ចូលរួម​វគ្គ​សិក្សា​នេះ​ដែរ ​បាន​និយាយ​ថា​៖ ​«ខ្ញុំ​សប្បាយ​ចិត្ត ដែល​មាន​វគ្គ​សិក្សា​នេះ ​ព្រោះ​យើង​នឹង​ទទួល​បាន​បទពិសោធ​ថ្មីៗ​បន្ថែម​ទៀត ​ក្នុង​ការ​បង្វឹក​ដល់​សិស្ស​»។ ​

អ្នក​គ្រូ​បន្ត​ថា​៖ «​កន្លង​មក​យូដូ​ខកខាន​ការ​ប្រមូល​ផ្តុំ​ ខកខាន​ការ​ប្រកួត​ និង​មាន​ការ​ខ្វែង​គំនិត​គ្នា​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ដែល​ធ្វើ​ឲ្យ​កីឡា​យូដូ​ ខកខាន​ដណ្តើម​មេដាយ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​អន្តរជាតិ​នានា​»។​

គួរ​បញ្ជាក់​​ថា​ ​ក្រោយ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​​យូដូ​កម្ពុជា ​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា និង NOCC ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​វិញ​ ហើយ​ឆ្នាំ ​២០១៩ ​នេះ ​ទទួល​បាន​ការ​ប្រមូល​ផ្តុំ​ជម្រើស​ជាតិ ​និង​មាន​ឱកាស​បាន​ទៅ​ប្រកួត​ស៊ីហ្គេម ​ហើយ​សម្រាប់​ការ​ប្រកួត​ជើងឯក​ជាតិ​ប្រ​ចាំ​ឆ្នាំ​ ២០១៩ ​នឹង​ចាប់​ផ្តើម​ធ្វើ​​នៅ​ថ្ងៃទី ​២៤​ ដល់​ថ្ងៃទី ​២៧​ ខែ ​តុលា​ ឆ្នាំ ​២០១៩​ នៅ​រាជធានី​ភ្នំពេញ​៕​