ភ្នំពេញ៖ កីឡាករជើងខ្លាំងវ័យក្មេងនៃក្រុមជម្រើសជាតិគុនខ្មែរ រិន ដាវីត បានរកឃើញជ័យជម្នះដ៏សំខាន់នៅក្នុងអាជីពរបស់ខ្លួនហើយ គឺការយកឈ្នះលើអ្នកប្រដាល់ យ៉ន ពិសី ដោយពិន្ទុ ដើម្បីក្លាយជាម្ចាស់ជើងឯកនៃការប្រកួតដណ្តើមពាន TV5 Boxing Knock Out Serie ទម្ងន់ ៥៤ គីឡូក្រាម បន្ទាប់ពីរូបគេបានប្រឡូកនៅក្នុងវិស័យប្រដាល់គុនខ្មែរអស់រយៈពេលជាង ៤ ឆ្នាំ។
ការយកឈ្នះលើ យ៉ន ពិសី ដោយពិន្ទុមិនឯកច្ឆន្ទ ៣-២ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រនៅលើសង្វៀនប៉ុស្តិ៍លេខ ៥ កាលពីថ្ងៃសៅរ៍ កន្លងមកនេះ វាមិនត្រឹមតែជាការរកឃើញជោគជ័យយ៉ាងសំខាន់នៅក្នុងអាជីពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលដែល រិន ដាវីត ទទួលបានប្រាក់រង្វាន់ធំចំនួន ៤ ០០០ ដុល្លារ ជាលើកដំបូងផងដែរ ខណៈ យ៉ន ពិសី បាន ២ ០០០ ដុល្លារ។ ចំណែក ឡុង ខេត្ត បានយកឈ្នះពិន្ទុលើ សាន់ សំអុន ក្នុងការប្រកួតយកលេខ ៣ ដើម្បីបានប្រាក់ ៧៥០ ដុល្លារ ហើយអ្នកលេខ ៤ សាន់ សំអុន បាន ៥០០ ដុល្លារ។
រិន ដាវិត មានការសប្បាយចិត្តខ្លាំងចំពោះការឈ្នះបានពានជាលើកដំបូងនេះ។ ដាវីត បាននិយាយក្រោយប្រកួតថា៖ «ខ្ញុំសប្បាយចិត្តខ្លាំង ដោយសារទទួលបានជោគជ័យលើអាជីពមួយនេះ។ ខ្ញុំបានឈប់រៀនត្រឹមថ្នាក់ទី៤ ដើម្បីបានចូលប្រឡូកប្រដាល់ពេញលេញនៅក្នុងឆ្នាំ ២០១៦ ព្រោះខ្ញុំបានមើលឃើញពីជីវភាពរបស់គ្រួសារខ្ញុំ ក្រលំបាកពេក គឺអ្នកម្តាយគាត់កាត់ដេរ និងលោកឪពុកជាអ្នកកីឡាបាល់ទះ»។
ជាមួយគ្នានេះ រិន ដាវីត បានប្រាប់ថា សម្រាប់ប្រាក់រង្វាន់ចំនួន ៤ ០០០ ដុល្លារ ដែលរូបគេទទួលបានពីការឈ្នះពាននេះ គឺនឹងយកទៅប្រគល់ជូនដល់ម្តាយរបស់ខ្លួនទាំងអស់ ដើម្បីឱ្យគាត់យកទៅសងបំណុលគេ។ «នេះជាលើកទី១ ហើយ ដែលខ្ញុំបានឈ្នះពាន និងទឹកប្រាក់ចំនួន ៤ ០០០ ដុល្លារនេះ ហើយប្រាក់រង្វាន់នេះ ខ្ញុំនឹងយកទៅជូនម្តាយខ្ញុំទាំងអស់ ដើម្បីជីវភាពព្រោះគាត់ជំពាក់គេច្រើន»។
សិស្សគណក្លិបនាគរាជចតុមុខ រិន ដាវីត បានទម្លាយឱ្យដឹងទៀតថា៖ «ខ្ញុំជាកូនទី ២ ក្នុងចំណោមបងប្អូន ៤ នាក់ ដែលចេញមករកលុយ ដើម្បីគ្រួសារក្នុងមុខរបរឡើងប្រដាល់ ហើយទទួលបានផ្លែផ្កាគួរសម ទោះបីជាបានជួបឧបសគ្គច្រើនយ៉ាងណាក៏ដោយ ហើយគិតមកដល់ពេលនេះ ប្រាក់ចំណូលរបស់ខ្ញុំ គឺខ្ញុំជាប់ជម្រើសជាតិ ១ ខែបាន ៤៥០ ដុល្លារ រួមទាំងប្រាក់បានពីការប្រកួតតាមសង្វៀនប្រដាល់ឯកជនទៀត អ៊ីចឹងក្នុង ១ ខែៗ ខ្ញុំទទួលបានខ្ទង់ពាន់ដុល្លារ ដើម្បីជួយគ្រួសារឱ្យមានជីវភាពល្អប្រសើរជាងមុន គឺម្តាយខ្ញុំឈប់ពីកម្មការិនីកាត់ដេរមកធ្វើមេផ្ទះវិញ»។
បន្ទាប់ពីការឈ្នះពាន ជាលើកដំបូងនៅសង្វៀនប៉ុស្តិ៍លេខ ៥ នេះ រិន ដាវីត នឹងត្រូវត្រៀមខ្លួនប្រកួតកាន់តែសំខាន់មួយនេះ គឺការប្រកួតផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់ទម្ងន់ ៥៤ គីឡូក្រាម ជាមួយ ភួន ឡាំងកូស៊ីន នៅលើសង្វៀន PNN ដែលគ្រោងធ្វើនៅថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ នេះ ខណៈអ្នកឈ្នះខ្សែក្រវាត់នេះ នឹងបានប្រាក់រង្វាន់រហូតដល់ ៣០ លានរៀល។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រជាមួយ ភួន ឡាំងកូស៊ីន នេះ រិន ដាវីត មានសង្ឃឹមខ្ពស់ថា នឹងអាចដណ្តើមបានខ្សែក្រវាត់ព្រមទាំងប្រាក់រង្វាន់ យកទៅជួយដល់ម្តាយរបស់គេបន្ថែមទៀត។ ដាវីត បានបញ្ជាក់ថា៖ «ខ្ញុំនឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ជាមួយកីឡាករ ភួន ឡាំងកូស៊ីននៅសង្វៀន PNN នាថ្ងៃ ២៤ ខែ មករា ឆ្នាំ ២០២១ ដណ្តើមប្រាក់ចំនួន ៧ ៥០០ ដុល្លារ ដោយខ្ញុំរំពឹងឈ្នះ ៩០ ភាគរយ»៕