ភ្នំពេញ៖ បេក្ខភាពទាំង ៤ នាក់ រួមមាន រិន សារ័ត្ន, ថៃ រ៉េត, លី ភា និង ធី វ៉ារិទ្ធ ដែលត្រូវបានដាក់ប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់ លាន ក្នុងទម្ងន់ ៦៣,៥ គីឡូក្រាម នៅលើសង្វៀនថោន ថ្ងៃអាទិត្យនេះ សុទ្ធតែជាជើងខ្លាំងជំនាន់ក្រោយ ដែលធ្លាប់បានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ កន្លងមក ក្នុងនោះ រិន សារ័ត្ន និង ថៃ រ៉េត សុទ្ធតែធ្លាប់ឈ្នះបានប្រាក់រង្វាន់លេខ ១ ចំណែក លី ភា និង ធី វ៉ារិទ្ធ មិនទាន់ឈ្នះប្រាក់លានមែន ប៉ុន្តែការប្រកួតល្អមើលគួរឱ្យចាប់អារម្មណ៍ខ្លាំងដូចគ្នា។
យ៉ាងណាក៏ដោយ តាមរយៈបទសម្ភាស រិន សារ័ត្ន ខ្លាច ថៃ រ៉េត ចំណែក ថៃ រ៉េត បែរជាទៅញញើត លី ភា ប៉ុន្តែអ្នកទាំង ២ នេះ ហាក់មើលរំលង ធី វ៉ារិទ្ធ ទៅវិញ ហើយការខ្លាចញញើតគ្នានេះ ក៏ព្រោះតែ រិន សារ័ត្ន ធ្លាប់ចាញ់សន្លប់ ដោយគ្មានឱកាសតដៃជាមួយ ថៃ រ៉េត ចំនួន ២ លើក ប៉ុន្តែ ថៃ រ៉េត ដែលគេល្បីល្បាញថា ជើងថ្មីបង្ក្រាបជើងចាស់នោះ ធ្លាប់ចាញ់ លី ភា ដល់ទៅ ២ លើក។ ចំណែកវត្តមានរបស់ ធី វ៉ារិទ្ធ ដែលគេមិនសូវចាប់អារម្មណ៍ គឺមួយរយៈនេះកំពុងឡើងជើងខ្លាំងណាស់ ហើយកាលពី ៣ សប្តាហ៍មុន ធី វ៉ារិទ្ធ ប្រកួតបានល្អ និងចាញ់ពិន្ទុ អេលីត សាន់ ទាំងប្រផិតប្រផើយប៉ុណ្ណោះ។
លោកស្រី សុខ សុខុម អ្នកគ្រប់គ្រងកីឡា រិន សារ័ត្ន បានប្រាប់ថា៖ «ការផ្គូផ្គងនេះ វាទំនងជា ថៃ រ៉េត មានប្រៀបជាងគេ ព្រោះ ថៃ រ៉េត ជាម្ចាស់ប្រាក់លាននេះ ២ លើក ព្រមទាំងធ្លាប់ឈ្នះប្រាក់ពីកម្មវិធីម៉ាសហ្វៃនេះច្រើនលើកមកទៀត។ យ៉ាងណាក៏ដោយ ខ្ញុំបានជំរុញ សារ័ត្ន វ៉ៃឱ្យបានល្អដែរ ដោយមានទំនុកចិត្តឈ្នះ ៦០ ភាគរយ ប៉ុន្តែឧបសគ្គធំគឺ ថៃ រ៉េត នេះតែម្តង ប្រសិនបើចាប់ឆ្នោតប៉ះ ប្រកួតគ្នា នៅវគ្គជម្រុះនោះ»។
លោកស្រីបានរំឭក និងបញ្ជាក់ថា៖ «ពេលចាប់គូពីដំបូង ខ្ញុំទទួលដំណឹងថា គ្មានវត្តមាន ថៃ រ៉េត ទេ គឺមាន សេក គឹមរួន,ផាន រះ លី ភា និង ធី វ៉ារិទ្ធ ប៉ុន្តែឥឡូវ មានវត្តមាន ថៃ រ៉េត គឺលំបាកឈ្នះណាស់។ ទោះជាយ៉ាង ខ្ញុំប្តេជ្ញាជួយលើកទឹកចិត្ត រិន សារ័ត្ន ដើម្បីប្រកួតឱ្យបានល្អ»។
ចំណែកលោក ស៊ន អេលីត គ្រូបង្វឹក លី ភា និយាយថា៖ «ថៃ រ៉េត មិនមែនជាឧបសគ្គធំ សម្រាប់ លី ភា ទេ ព្រោះធ្លាប់ប្រកួតឈ្នះដល់ទៅ ២ លើក ហើយបច្ចេកទេសរបស់ លី ភា គឺមិនក្រោម ថៃ រ៉េត ទេ។ ថៃ រ៉េត វ៉ៃសម្រុកខ្លាំងក្នុងទឹកទី១ ប៉ុន្តែបើគេទប់ជាប់ គឺឈានចូលដល់ទឹកបន្ទាប់ មិនជាលំបាកនោះឡើយ អាចនឹងយកឈ្នះបាន។ យ៉ាងណា ខ្ញុំនៅមានសង្ឃឹមឈ្នះ ៨០ ភាគរយដែរ ប៉ុន្តែឧបសគ្គសម្រាប់ លី ភា គឺ ធី វ៉ារិទ្ធ ទៅវិញទេ ដែលកំពុងឡើងខ្លាំងក្នុងអ្នកប្រដាល់ទម្ងន់ ៦៣ គីឡូក្រាមជំនាន់ក្រោយ»។
ចំពោះលោក ឡៅ ស៊ីណាត គ្រូជំនួយ ថៃ រ៉េត ប្រាប់ថា៖ «តាមខ្ញុំមើល ថៃ រ៉េត ដូចជាគ្មានឧបសគ្គធំទេ បើប៉ះ ធី វ៉ារិទ្ធ និង រិន សារ័ត្ន គឺលើកលែងតែ លី ភា ដែលធ្លាប់ចាញ់ ២ លើក និងធ្លាប់ឈ្នះ ១ លើកដែរ។ ប្រសិនបើ ថៃ រ៉េត មិនឈឺខ្លួនទេ រវាង ៣ នាក់នេះ នឹងធានាឈ្នះខ្ពស់ ប៉ុន្តែប៉ុន្មានសប្តាហ៍នេះ ថៃ រ៉េត ទើបតែប្រកួតរួច វានៅឈឺខ្លួនខ្លះ តែខ្ញុំនៅតែសង្ឃឹមឈ្នះ ៧០ ភាគរយដែរ»។
ចំណែក ធី វ៉ារិទ្ធ បាននិយាយថា៖ «ខ្ញុំមិនហ៊ាននិយាយទេ ព្រោះគេសុទ្ធតែជាជើងចាស់មានឈ្មោះល្បី ប៉ុន្តែខ្ញុំហាត់បានល្អ ធានាវ៉ៃអស់ពីសមត្ថភាព ហើយជឿជាក់ថា ការចាញ់ ឬឈ្នះ គឺវេទនាដូចគ្នា មិនមែនងាយស្រួលនោះឡើយ»៕