ភ្នំពេញៈ អ្នកលេងកណ្តាប់ដៃធ្ងន់ រឿង សោភ័ណ្ឌ បានបរាជ័យ ហើយខណៈរូបគេមិនអាចផ្តួលជើងខ្លាំង ជាម្ចាស់ខ្សែក្រវាត់ ៤ ស្ថាប័ន Ao Vatan ទៅតាមការប្តេជ្ញាចិត្តនោះផ្ទុយពីនេះ រឿង សោភ័ណ្ឌ បានត្រឹមសម្តែងការសោកស្តាយ និងមិនអស់ចិត្តនៅពេលចៅក្រមបានសម្រេចឲ្យរូបគេចាញ់ Ao Vatan ដោយពិន្ទុទាំងប្រផិតប្រផើយនោះ ចំណែកជ័យជម្នះរបស់ អ៊ូច ធារិទ្ធ លើថៃ Keo Theap ក៏បង្កឲ្យមានការរិះគន់ផងដែរ។
សម្រាប់ការប្រកួតនៅសង្វៀន SEATV កាលពីថ្ងៃអាទិត្យនោះ រឿង សោភ័ណ្ឌ បានព្យាយាមចូលម៉ាត់ភ្លាមៗក្នុងបំណងផ្តួលជើងខ្លាំង Ao Vatan ឲ្យសន្លប់នៅមុនទឹកទី ៥ ទៅតាមការប្តេជ្ញាចិត្តរបស់ខ្លួន ប៉ុន្តែបានព្យាយាមវាយប្តូរទាំងកណ្តាប់ដៃ ទាត់ វាយកែង ពិសេសបានបុកជង្គង់យ៉ាងស្វិតស្វាញបំផុត ដើម្បីយកប្រៀបលើ សោភ័ណ្ឌ វិញ សម្រាប់ការប្រកួត ២ ទឹកចុងក្រោយ បើទោះបីជាផ្ទៃមុខរបស់គេបានទទួលរងការម៉ាត់របស់ សោភ័ណ្ឌ ឡើងចង់រង្វេងវង្វាន់ម្តងៗក៏ដោយ។
ម្ចាស់ខ្សែក្រវាត់ ៤ ស្ថាប័ន Ao Vatan បានបង្ហាញភាពសប្បាយរីករាយយ៉ាងខ្លាំង នៅពេលគណៈកម្មការបានប្រកាសឲ្យរូបគេឈ្នះពិន្ទុទាំងប្រផិតប្រផើយ ៣ ទល់ ២ នោះ ប៉ុន្តែ រឿង សោភ័ណ្ឌ បានសម្តែងការមិនអស់ចិត្តទាល់តែសោះដោយបាននិយាយថា៖ «ខ្ញុំមិនអស់ចិត្តសោះ ហើយចង់ឲ្យគណៈកម្មការដាក់ឲ្យប្រកួតសងសឹកឡើងវិញក្នុងពេលឆាប់ៗខាងមុខ ដែលអាចធ្វើទៅបាន ទោះជាសង្វៀនណាក៏ដោយ»។
ជាមួយគ្នានេះម្ចាស់ខ្សែក្រវាត់ ៨ ស្ថាប័ន រឿង សោភ័ណ្ឌ ក៏បានបង្ហាញពីការមិនពេញចិត្តទៅលើលោកអាជ្ញាកណ្តាល យឹម សុខុម ផងដែរ។ សោភ័ណ្ឌ បានបញ្ជាក់ថា៖ «ខ្ញុំគួរតែបានលទ្ធផលស្មើ ព្រោះថៃនោះក៏ស្រុតកម្លាំង ដោយកណ្តាប់ដៃខ្ញុំដែរ។ ចំណុចដែលខ្ញុំមានប្រៀបគឺនៅទឹកទី ២ កីឡាករថៃ Ao Vatan ត្រូវកណ្តាប់ដៃរបស់ខ្ញុំ ទ្រេតជំហ ប៉ុន្តែអាជ្ញាកណ្តាល យឹមសុខុម មិនរាប់ទេ។ បើគាត់រាប់ទៅលើ Ao Vatan នោះ ខ្ញុំមិនទទួលលទ្ធផលចាញ់នោះឡើយ»។
ប៉ុន្តែលោក រាជ សុផែន ស្នងការប្រកួតបាននិយាយថា៖ «តាមរយៈការផ្តល់ពិន្ទុរបស់ចៅក្រមព្រមទាំងការតាមដានពិន្ទុរបស់ប្រធានវិនិច្ឆ័យឃើញថា សុក្រឹតត្រឹមត្រូវល្អ គួរទទួលយកបានគឺមានន័យថា រឿង សោភ័ណ្ឌ ចាញ់ពិន្ទុ ក្នុងលក្ខណៈប្រផិតប្រផើយ ហើយកីឡាករគួរតែទទួលយកការសម្រេចរបស់ចៅក្រម និងប្រធានវិនិច្ឆ័យ ព្រោះយើងជាអ្នកវ៉ៃមិនអាចដាក់ពិន្ទុខ្លួនឯងបានទេ លើកលែងតែយើងមានសមត្ថភាពវ៉ៃដៃគូឲ្យសន្លប់»។
ដូចគ្នានេះដែរលោក ញាន សុធី នាយកគ្រប់គ្រងការប្រកួតប្រចាំសង្វៀន SEATV និយាយថា៖ «ការផ្តល់ពិន្ទុនេះមើលឃើញថា ចាញ់ពិន្ទុកីឡាករថៃមែន គឺចាញ់ក្បាច់ឱបឡើងជង្គង់នេះតែម្តង ហើយជាធម្មតាទេការប្រកួតមានចាញ់ និងឈ្នះ អ៊ីចឹងយើងជាកីឡាករ មិនគប្បីចង់បានតែឈ្នះរហូតនោះទេ គឺវាអាស្រ័យទៅតាមភាពជាក់ស្តែង និងហ៊ានទទួលស្គាល់នូវលទ្ធផលរបស់គណៈកម្មការដែលបានប្រកាសជាផ្លូវការ»។
ដោយឡែក អ៊ូច ធារិទ្ធ ត្រូវបានថៃ Keo Theap វាយឲ្យអាជ្ញាកណ្តាលរាប់ ២ លើក តែក្រោយមក ធារិទ្ធ វាយចេញបានច្រើនជាងហើយលទ្ធផលត្រូវបានប្រកាសជាផ្លូវការឲ្យរូបគេឈ្នះថៃក្នុងពិន្ទុ ៣ ទល់ ២។ ប៉ុន្តែលោក ថាញ់ វ៉ាឡេក គ្រូបង្វឹកកីឡាករថៃបានចាត់ទុកការកាត់ក្តីនេះថា អយុត្តិធម៌ ចំណែកលោក ថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតបានហៅការឲ្យកីឡាករថៃ Keo Theap ចាញ់នេះជារឿងមិនត្រឹមត្រូវនាំឲ្យគេរិះគន់៕