ភ្នំពេញៈ អ្នក​ប្រដាល់ រឿង សោភ័ណ្ឌ ក្លិប​មកុដ​រាជសីហ៍​នៃ​សមាគម​ប្រដាល់​ក្រសួង​មហាផ្ទៃ​បាន​ផ្តួល​កីឡាករ​លំដាប់​ខ្លាំង​របស់​ថៃ Seng Thiennoy ឲ្យ​សុំ​ចុះចាញ់​ត្រឹម​ទឹក​ទី​ ១ ហើយ​នេះ​ជា​ជ័យជម្នះ​បន្ថែម​ទៀត​ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​ដែល​ទទួល​បាន​លទ្ធផល​ចាញ់​តែ​ ២ ​លើក​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ សោភ័ណ្ឌ បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ថា​៖ «​ខ្ញុំ​ស្នើសុំ​ទៅ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ឲ្យ​ឡើង​តម្លៃ​ខ្លួន​ប្រកួត​បន្ថែម​ទៀត ដើម្បី​បំប៉ន​ការហ្វឹកហាត់​ថែទាំ​សុខភាព​ពង្រឹងកម្លាំង​ឲ្យ​កាន់តែ​ប្រសើរ​ក្នុង​គោលបំណង​ត្រៀម​ប្រកួត​ឲ្យ​បាន​ល្អ​»​។

តាម​ប្រវត្តិ​ប្រកួត​ក្នុង​រយៈពេល​ជាង​ ១០ ​ឆ្នាំ​មក​នេះ រឿង សោភ័ណ្ឌ ធ្លាប់​ប្រកួត​បាន​ ១៦៨ ​ដង ឈ្នះ​ ១៤៦ ចាញ់​ ១៨ ស្មើ​ ៤ ​ដង និង​ឈ្នះ​ខ្សែក្រវាត់​ចំនួន​ ៨ ​ស្ថាប័ន​ដែល​បច្ចុប្បន្ន​កំពុង​មាន​ប្រិយភាព​ខ្លាំង​។ រឿង សោភ័ណ្ឌ ដែល​ជា​មធ្យម​ក្នុង​មួយ​ខែ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ចំនួន​ ៣ ​ទៅ​ ៤ ​ដង​នោះ​ក្នុង​រយៈពេល​ជាង​ ២ ​ឆ្នាំ​ចុងក្រោយ​នេះ​ស្គាល់​រសជាតិ​ចាញ់​តែ​ ២​ ​លើក​ប៉ុណ្ណោះ​គឺ​ចាញ់​ថៃ អាវតាន និង​ជើង​ខ្លាំង​ថៃ សិបម៉ឺន​ក្នុង​ឆ្នាំ​ ២០១៩​។

រឿង សោភ័ណ្ឌ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ជាប់​កិច្ចសន្យា​ឡើង​ប្រកួត​ដោយ​មិន​រើស​សង្វៀន​នោះ​ទេ ឲ្យ​តែ​ប្រធាន​គ្រប់គ្រង​កម្មវិធី​ទាក់ទង​បាន​មុន​គឺ​ទៅ​ប្រកួត​ដោយ​មិន​ប្រកាន់​នោះ​ឡើយ ហើយ​បច្ចុប្បន្ន​មាន​ស្ថានីយ​ទូរទស្សន៍​ចំនួន​ ២ ​ប៉ុណ្ណោះ​បាន​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​ឡើង​ប្រកួត​ញឹក​ដោយ​ទាក់ទង​កក់​ទុក​រយៈពេល​យូរ​សប្តាហ៍ ប៉ុន្តែ​តម្លៃ​ខ្លួន​ប្រកួត​បាន​ត្រឹម​ ៥០០ ​ដុល្លារ​ក្នុង​ ១ ​លើក​ដោយ​មិន​គិត​បញ្ចូល​ទឹកប្រាក់​ឧបត្ថម្ភ​ពី​សប្បុរសជន​ផ្សេងៗ រីឯ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​នៅ​ខេត្ត​ឆ្ងាយ ខ្ញុំ​ទទួល​បាន​ ១០០០ ​ដុល្លារ​ម្តងម្កាល​ដែរ​»​។

អ្នកលេង​កណ្តាប់ដៃ​ឆ្វេង​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ចង់​បាន​តម្លៃ​ខ្លួន​ប្រកួត​កើន​ជាង​មុន​អាច​ថា​ ៨០០ ​ដុល្លារ​សមរម្យ ព្រោះ​បញ្ហា​សុខភាព និង​ការថែទាំ​រាងកាយ​ដែល​ឈឺ​គ្រាំគ្រា​ខ្លួន​ក្រោយ​ប្រកួត​ប្រឈម​ទៅ​នឹង​ផលប៉ះពាល់​ខ្លាំង​។ តម្លៃ​ ៨០០ ​ដុល្លារ​នេះ វា​អាច​ស្មើ​ជាមួយ​នឹង​កីឡាករ កែវ រំចង់ ព្រោះ​ការគាំទ្រ​របស់​បងប្អូន​មហាជន គឺ​ប្រិយភាព​អាច​ថា​ប្រហាក់​ប្រហែល​គ្នា​»​។

ឆ្លើយតប​ចំពោះ​បញ្ហា​នេះ​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ថ្លែង​ថា​៖ «​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ មិនមែន​ជា​អ្នក​ផ្តល់​លុយ​តម្លៃ​ខ្លួន ឬ​រកលុយ​នោះ​ទេ​គឺ​មាន​តួនាទី​គ្រប់គ្រង​កីឡាករ និង​មន្ត្រី​ជំនាញ​រៀបចំ​ការប្រកួត ប៉ុន្តែ​ការប្រកួត​ទៅ​បាន​គឺ​អាស្រ័យ​ទៅ​លើ​វិស័យ​ឯកជន​មាន​ក្រុមហ៊ុន​ផ្សេងៗ​ដែល​ឧបត្ថម្ភ​គាំទ្រ​កម្មវិធី​ជា​អ្នក​រកលុយ​ឧបត្ថម្ភ​តម្លៃ​ខ្លួន​»​។

លោក តែម ម៉ឺន បាន​លម្អិត​ថា​៖ «​ទោះបី​ជា​យ៉ាង​ណា​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នៅតែ​រួម​សហការ​ក្នុង​ការកំណត់​តម្លៃ​ខ្លួន​ជាមួយ​អ្នក​ឧបត្ថម្ភ​កម្មវិធី ដើម្បី​ស្វែងរក​ប្រាក់​ចំណូល​ឲ្យ​កីឡាករ​ដែល​ប្រកួត​តាម​លទ្ធភាព​អាច​ទៅ​រួច ហើយ​ជាទូទៅ​សម្រាប់​កីឡាករ​ប្រដាល់​លក្ខណៈ​មិត្តភាព​អន្តរជាតិ ឬ​ដណ្តើម​ខ្សែក្រវាត់​បច្ចុប្បន្ន​មាន​តម្លៃ​ខ្លួន​ចាប់ពី​ ២៥០ ​ដុល្លារ​ដល់​ ១០០០ ​ដុល្លារ​ទៅ​តាម​ទំហំ​ព្រឹត្តិការណ៍​ប្រកួត ចំណែក​ប្រាក់​រង្វាន់​វគ្គ​ផ្តាច់ព្រ័ត្រ​របស់​កីឡាករ​ឈ្នះ​បាន​ជើងឯក ឬ​ខ្សែក្រវាត់​មាន​ចាប់ពី​ ៤០០០ ​ដុល្លារ​ដល់ ​១០០០០ ដុល្លារ​ឯណោះ​តាម​ទីផ្សារ​របស់​ខាង​ស្ពនស័រ​»​។

ចំណែក​លោក គង់ ចាន់ធីណា ប្រធាន​ក្លិប​មកុដរាជសីហ៍ និង​ជា​អ្នកគ្រប់គ្រង រឿង សោភ័ណ្ឌ បាន​បង្ហើប​ថា​៖ «​រឿង សោភ័ណ្ឌ មាន​ទីផ្សារ​ប្រកួត​ច្រើន​ណាស់ ហើយ​គិត​ពី​ខែ​កកដ្កា​នេះ​ទៅ​ដល់​ខែ​កញ្ញា​មាន​ជាប់​កិច្ចសន្យា​ជាមួយ​សង្វៀន​ប្រដាល់​មួយ​ចំនួន​ដោយ​គេ​បាន​កក់​រួច​ហើយ​»​។

លោក​បន្ថែម​ថា ប៉ុន្តែ​បញ្ហា​តម្លៃ​ប្រកួត​មិនមែន​យើង​ទាមទារ​បាន​ស្រួល​នោះ​ទេ គឺ​ត្រូវ​កំណត់​ពី​ភាគី​ចំនួន​ ៣ គឺ​ខាង​សហព័ន្ធ​ខាង​ស្ថានីយ និង​ខាង​ស្ពនស័រ​ផង​ដែរ​។ ជាមួយ​គ្នា​នេះ​តម្លៃ​ខ្លួន​របស់ រឿង សោភ័ណ្ឌ ផ្លូវការ​ដែល​ប្រកួត​បច្ចុប្បន្ន នៅ​ត្រឹម​ចំនួន​ ៥០០ ​ដុល្លារ​ក្នុង ១​ ​លើក​ ប៉ុន្តែ​ការសម្រួល​តម្លៃ​ក្រៅ​ផ្លូវការ​តាមរយៈ​ការឧបត្ថម្ភ​បន្ថែម​ផ្សេង​បាន​ខ្ទង់​ ៧០០ ​ទៅ​ ៨០០ ​ដុល្លារ​ក្នុង​​ ១ ​លើកៗ​៕