ភ្នំពេញ៖ ​កីឡាករ​ជើង​ខ្លាំង​មាន​ខ្សែ​ក្រវាត់​គ្រប់គ្រង​ដូច​គ្នា គឺ លាភ រដ្ឋា មក​ពី​ក្លិប​ដីឡូត៍​មាន​រិទ្ធ​ខេត្ត​បន្ទាយមានជ័យ​ និង​ ​ណាម ​ម៉ូរ៉ាក់​ ​ក្លិប​​ពន្លឺសាមគ្គី​ខេត្ត​បាត់ដំបង នឹង​ត្រូវ​ប្រកួត​គ្នា​ក្នុង​វគ្គ​ជម្រុះ​ជុំ​ទី ​៣ ក្នុង​ពាន​រង្វាន់ ​TV5​ Boxing ​Knock Out Serie នៅ​លើ​​សង្វៀន​ប៉ុស្តិ៍​លេខ ​៥ នា​យប់​ថ្ងៃ​សៅរ៍​នេះ។ ចំណែក រឿម វណ្ណៈ ក៏​ត្រូវ​បាន​ដាក់​ឲ្យ​ប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ថៃ Aram Boy ក្នុង​ថ្ងៃ​នោះ​ផង​ដែរ។

ការ​វិល​មក​ជួប​គ្នា​រវាង លាភ រដ្ឋា និង ណាម ម៉ូរ៉ាក់ ក្នុង​ជុំ​ទី ៣ ​នេះ ពិត​ជា​ធ្វើ​ឲ្យ​មាន​ការ​​ចាប់​អារម្មណ៍​ខ្លាំង ​ព្រោះ​អ្នក​ទាំង ២ ​នេះ ​ខ្លាំង​ដូច​គ្នា តែ​ពួក​គេ​ត្រូវ​ប្រកួត​គ្នា ដើម្បី​យក​​អ្នក​ឈ្នះ​ឡើង​ទៅ​វគ្គ​បន្ត ខណៈ​កន្លង​មក​ពួក​គេ​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ យក​​មក​គ្រប់គ្រង​ដូច​គ្នា។

កីឡាករ ​ណាម ​ម៉ូ​រ៉ាក់ ​មាន​បទពិសោធ​ចាស់​វស្សា​ជាង​ លាភ​ រដ្ឋា​ ​តែ​ទឹក​ចិត្ត​ប្រកួត​ធំ ​វាយ​សម្រុក​មិន​ដក​ថយ​ដូច​គ្នា។​ រីឯ​ការ​ប្រកួត​ជម្រុះ កន្លង​មក ​លាភ ​រដ្ឋា ​បាន​យក​ឈ្នះ​អ្នក​ប្រដាល់ ​អេលីត​ សាន់ ​​របស់​​ក្លិប​ឆ្មា​ស​សែន​សុខ ​ដោយ​ពិន្ទុ​ទាំង​ចម្រូង​ចម្រាស​ ហើយ ណាម​ ម៉ូរ៉ាក់​ បាន​​ប្រើ​កណ្ដាប់​ដៃ​ផ្ដួល​អ្នក​ប្រដាល់​ជើង​ខ្លាំង ​សារឿន ​ច័ន្ទ​ ឲ្យ​សន្លប់ ​នៅ​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី ​១ ​យ៉ាង​អស្ចារ្យ​។

លាភ ​រដ្ឋា ​និយាយ​ថា​៖ ​«ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​ថា​ យ៉ាង​ម៉េច​ទេ​ ​ព្រោះ​ដៃ​គូ​របស់​ខ្ញុំ​នេះ​គេ​ជើង​ចាស់​ជាង​ខ្ញុំ ​ប៉ុន្តែ​ការ​ប្រកួត ​ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព​ ដើម្បី​យក ​៣ ​ពិន្ទុ ​ឈាន​ទៅ​វគ្គ​បន្ត​ទៀត​»។ លាភ រដ្ឋា​ បន្ត​ថា៖​ «​ខ្ញុំ​សង្ឃឹម​ខ្ពស់​ថា នឹង​​បាន​ឡើង ​តែ​មិន​ហ៊ាន​កំណត់​ថា ​ឈ្នះ​ប៉ុន្មាន​ភាគរយ​នោះ​ឡើយ​ ​ព្រោះ​ស៊ី​សង​ពេល​ប្រកួត​ជាក់​ស្តែង ​ហើយ​គេ​ក៏​ល្អ​ណាស់​ដែរ ​គឺ​សុទ្ធ​តែ​មាន​ជំនឿ​ឈ្នះ​រៀងៗ​ខ្លួន​ដូច​គ្នា​​»​។

ចំណែក​​គ្រូ​បង្វឹក ណាម ម៉ូរ៉ាក់ លោក​ សៅ​ ប៊ុន​ធឿន ​ហៅ​គ្រូ ​ញ៉ែ​ ​បាន​ប្រាប់​ថា៖ ​«​​កូន​សិស្ស​ខ្ញុំ​ហាត់​ល្អ​ ធានា​ការ​ប្រកួត​គ្រប់​ទឹក​ និង​វ៉ៃ​អស់​ពី​សមត្ថភាព​។​ បើ​និយាយ​ពី​បច្ចេកទេស ​ណាម​ ម៉ូរ៉ាក់ ​ល្អ​ទាត់ ​និង​ជង្គង់​ជាង​ ប៉ុន្តែ​ការ​ចាញ់ ​ឬ​ឈ្នះ​ក្នុង​គូ​នេះ ​គឺ​អាស្រ័យ​លើ​កម្លាំង​ប៉ុណ្ណោះ​ ហើយ​កណ្តាប់​ដៃ​របស់​ លាភ ​រដ្ឋា​ ក៏​មិន​ល្អ​ជាង ​ណាម ​ម៉ូរ៉ាក់ ​ប៉ុន្មាន​ដែរ»​។​​

ជាមួយ​គ្នា​នេះ​កីឡាករ ​ភួង ​ពិសិដ្ឋ​ មក​ពី​ក្លិប​ខេត្ត​រតនគីរី​ ក៏​ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី ​៣ ​ជាមួយ ​ព្រឿង​ សុជាតិ ​​របស់​​ក្លិប​កងពល​ធំ​អន្តរាគមន៍​លេខ ២ នៅ​យប់​ថ្ងៃ​សៅរ៍​នោះ​ផង​ដែ​ ខណៈ​ការ​ប្រកួត​ជម្រុះ​កន្លង​មក​នេះ ពិសិដ្ឋ​ ​បាន​ឈ្នះ ​ឆាយ ​មាស​ ក្លិប​សំរោង​កោង​កីឡា​ខេត្ត​បាត់ដំបង​ដោយ​ពិន្ទុ ​ឯ ព្រឿង​ សុជាតិ​ ​ឈ្នះ​ពិន្ទុ ​លីន វីរៈ ​​របស់​​ក្លិប​បូរីរាជ​សីហ៍​ ហើយ​តាម​ការ​កត់​សម្គាល់ ​ពិសិដ្ឋ​ ជា​អ្នក​មាន​កណ្ដាប់​ដៃ​ធ្ងន់​ណាស់​ ដែល​តែងតែ​បញ្ចប់​គូ​ប្រកួត​បាន​មុន​ពេល​កំណត់​។​​

ដោយ​ឡែក ​រឿម ​វណ្ណៈ មក​ពី​​ក្លិបរាជ​សីហ៍​ខេត្ត​បន្ទាយ​មានជ័យ​ ត្រូវ​ប្រកួត​មិត្តភាព​​ជាមួយ​ថៃ Aram ​Boy ​ហើយ​ជំនួប​នេះ ​ពិបាក​ទុក​ចិត្ត​បំផុត​ ​ព្រោះ​អ្នក​​ទាំង ​២ ​នេះ ​ពេល​ខ្លះ​ចាញ់​យ៉ាង​លឿន​ និង​ផុយ​ស្រួយ​ ហើយ​ពេល​ខ្លះ​ឈ្នះ​ ឬ​ចាញ់​ ក្នុង​លក្ខណៈ​ស្វិតស្វាញ​បំផុត​។

ទោះ​យ៉ាង​ណា ​សម្រាប់​ការ​ប្រកួត​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ រឿង ​វណ្ណៈ ​សមត្ថភាព​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ​ដោយ​ប្រកួត​មិន​សូវ​ទទួល​បាន​លទ្ធផល​ឈ្នះ​នោះ​ទេ​ ហើយ​ការ​ចាញ់​ដោយ​ភាគ​ច្រើន​ បាន​ធ្វើ​ឲ្យ​​ប្រជាប្រិយ​​របស់​គេ​ធ្លាក់​ចុះ​ផង​ដែរ​​​។​ ចំពោះ​​បច្ចេកទេស​វិញ​ អ្នក​ប្រដាល់​ទាំង​ ២ នេះ ចូល​ចិត្ត​វ៉ៃ​ប្ដូរ​ណាស់​ហើយ​អាវុធ​របស់​គេ ​ភាគ​ច្រើន​ប្រើ​កែង ​ដើម្បី​ប្ដូរ​យក​ជ័យ​ជម្នះ​ដូច​គ្នា៕