ភ្នំពេញ: កីឡាករ លន បញ្ញា មកពីសមាគមប្រដាល់ក្រសួងការពារជាតិរបស់កម្ពុជាបានយកឈ្នះជើងខ្លាំងកីឡាករថៃ Chhav Vallit ដោយពិន្ទុដាច់ទាំងឈឺសាច់មិនតិចទេ ដើម្បីរកបាន ៣ ពិន្ទុបន្ថែមក្នុងការប្រកួតប្រដាល់គុនខ្មែរជម្រុះជុំទី ៣ ជើងឯកខ្សែក្រវាត់ Wurkz ទម្ងន់ ៦០ គីឡូក្រាមនៅសង្វៀនអាស៊ីអាគ្នេយ៍កាលពីល្ងាចថ្ងៃអាទិត្យ ទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៩។ ចំណែកកីឡាករ ធឿន ធី មកពីក្លិបអង្គរជ័យខេត្តសៀមរាបបានបន្តចាញ់កីឡាករថៃ Your Katangyou ក្នុងលក្ខណៈប្រផិតប្រផើយ ខណៈដែល ៣ ប្រកួតកន្លងមក រូបគេបានចាញ់ទាំង ៣ លើក និងទើបតែមាន ៣ ពិន្ទុប៉ុណ្ណោះដែលមិនអាចមានលទ្ធភាពផ្ទៀងផ្ទាត់ ឬប្រកួតប្រជែងជាមួយកីឡាករប្រដាល់ទាំង ៣ នាក់ក្នុងពូល A សម្រាប់ឆ្លងទៅវគ្គបន្តនោះឡើយ។ លន បញ្ញា ដែលឆ្លងកាត់ការប្រកួត ៣ លើកចាញ់ ១ លើក ឈ្នះ ២ លើកមាន ៧ ពិន្ទុនោះកំពុងតែមានពិន្ទុខ្ពស់ល្អជាងគេដោយឈរក្នុងលំដាប់លេខរៀងទី ១ ក្នុងពូលជាបណ្តោះអាសន្ន។
មុនការប្រកួតទាំងអ្នកទស្សនា និងគណៈកម្មការសុទ្ធតែព្យាករទុកថា កីឡាករលន បញ្ញា មានសង្ឃឹមតិចតួចណាស់ក្នុងការយកឈ្នះជើងខ្លាំងកីឡាករថៃ Chhav Vallit ប៉ុន្តែពេលប្រកួតជាក់ស្តែងរូបគេធ្វើបានយ៉ាងល្អ។ នៅទឹកទី ១ និងទី ២ លន បញ្ញា បានចេញនូវស្នៀតទាត់ និងកណ្តាប់ដៃបានល្អ និងចូលចំគោលដៅដើម្បីទទួលបានពិន្ទុនាំមុខ។
បន្ថែមពីលើនេះនៅចុងទឹកទី ២ ស្នៀតកែងបកគ្រវាត់ចោលផ្សងសំណាងរបស់ លន បញ្ញា បានចូលចំមុខរបស់ Chhav Vallit និងបានធ្វើឲ្យកីឡាករថៃរូបនេះដួលងើបស្ទើរតែមិនចង់រួច ហើយអាជ្ញាកណ្តាលលោក ម៉ាក់ សាមឿន បានរាប់ដល់ចំនួន ៨ ទើបស្នូរជួងបន្លឺបញ្ចប់ទឹកទី ២។
លន បញ្ញា នៅតែមានប្រៀបបន្តនៅទឹកទី ៣ ដោយបានវាយបង្ខំឲ្យ Chhav Vallit ចុះចាញ់ ប៉ុន្តែការតបតមកវិញបានធ្វើឲ្យ លន បញ្ញា វង្វេងវង្វាន់ម្តងម្កាលដែរ។ ទោះជាយ៉ាងណាការវាយប្តូរដោយកណ្តាប់ដៃបាននាំឲ្យកីឡាករថៃលំបាកទប់ទល់ និងវង្វេងវង្វាន់ ខណៈអាជ្ញាកណ្តាលបានចាប់រាប់ចំនួន ៨ ដល់ទៅ ២ លើកបន្ថែមទៀត។
តាមរយៈនៃការវាយចេញចំនួន ៤ ទឹក លន បញ្ញា ត្រូវបានគេមើលឃើញថា មានប្រៀបឈ្នះដាច់ ប៉ុន្តែនៅតែព្យាយាមចូលវាយសម្រុកបន្ថែមរហូត ដើម្បីផ្តួលដៃគូឲ្យសន្លប់។
ប៉ុន្តែ លន បញ្ញា ត្រូវបានកីឡាករថៃចូលវាយប្តូរវិញនៅទឹកទី ៥ ហើយត្រូវទទួលរងនូវកណ្តាប់ដៃ និងជង្គង់ធ្ងន់ៗយ៉ាងច្រើន និងចាញ់ប្រៀបកីឡាករថៃដាច់ក្នុងទឹកចុងក្រោយនេះ ប៉ុន្តែស្នូរជួងបានបញ្ចប់នាំឲ្យ លន បញ្ញា រួចផុតពីសន្លប់ និងទទួលបានលទ្ធផលឈ្នះទាំងគ្រាំគ្រាផងដែរ។
ក្រោយការប្រកួតចំនួន ៥ ទឹកពេញ កីឡាករ លន បញ្ញា ទទួលបានពិន្ទុឈ្នះកីឡាករថៃពីសំណាក់ចៅក្រមទាំង ៥ ដោយពិន្ទ ៥ ទល់ ០ មានពិន្ទុសរុប ៧ ពិន្ទុ ដើម្បីឈរក្នុងលំដាប់លេខ ១ ក្នុងពូលកីឡាករកម្ពុជា ខណៈនៅសល់ការប្រកួត ១ លើកទៀត។
គ្រូបង្វឹករបស់ថៃដែលជាឪពុកបង្កើតរបស់ Chhav Vallit បាននិយាយថា កូនសិស្សរបស់លោកមានកម្លាំងធ្លាក់ចុះដោយបញ្ហាហាត់មិនបានដិតដល់ ពីព្រោះភរិយារបស់គេទើបតែសម្រាលបុត្រ។
លោកបន្ថែមថា៖ «ខ្ញុំទទួលស្គាល់ថាការប្រកួតធ្លាក់ចុះជាងមុនៗដោយបញ្ហាដូចជម្រាបជូន ប៉ុន្តែយ៉ាងណាក៏មិនទាន់អស់សង្ឃឹមក្នុងការប្រកួតលើកក្រោយៗឡើយដោយត្រូវយកឈ្នះឲ្យបាន»៕